en     km
en     km

ស្វែងយល់ពីការហូរឈាមច្រមុះនិងវិធីសង្រ្គោះបន្ទាន់!

Share

បញ្ហាឈាមច្រមុះ គឺជាការហូរឈាមដែលមានប្រភពចេញពីរន្ធច្រមុះទាំងពីរមកខាងក្រៅឬធ្លាក់ទៅក្នុងបំពង់ក។ តាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញពីមូលហេតុនៃការហូរឈាមច្រមុះដូចជា៖

 

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

មូលហេតុនៅនឹងច្រមុះផ្ទាល់ ដោយការប៉ះទង្គិចលើមុខនិងក្បាល អាចបណ្តាលឱ្យបាក់ឆ្អឹងច្រមុះ  បាក់ឆ្អឹងផ្ទៃមុខ ឬបន្ទាប់ពីការវះកាត់។ បន្ថែមពីនេះ អាចបណ្តាលមកពីដុះសាច់ក្នុងរន្ធច្រមុះ និងអាចជាមហារីកគល់ច្រមុះ ឬមហារីកច្រមុះ ដែលស្តែងចេញជាការហូរឈាមពីច្រមុះ តឹងច្រមុះជាប្រចាំ និងជួនកាលមានការឈឺចាប់នៅផ្ទៃមុខជាដើម។ មួយវិញទៀតអាចជាឬសដូងច្រមុះ ដែលអាចស្តែងចេញជាការហូរឈាមច្រមុះតែរន្ធមួយចំហៀង រួមនឹងតឹងច្រមុះជាប្រចាំ។

មូលហេតុមួយចំនួនទៀត ដែលអាចជួបប្រទះញឹកញាប់ដូចជា ជំងឺរលាក និងហើមសាច់ច្រមុះ និងប្រអប់ឆ្អឹងច្រមុះ  ក្នុងនោះមានតាំងពីផ្តាសាយ រលាកច្រមុះ រលាកបំពង់ក រលាកច្រមុះស្រួចស្រាវ ឬរលាកប្រអប់ឆ្អឹងច្រមុះ ដែលមិនបានចាប់អារម្មណ៍ ហើយស្តែងចេញជាការហូរឈាមនេះឡើង នោះតម្រូវការចាំបាច់គឺការព្យាបាលដោយថ្នាំផ្សះ ។

 

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

មូលហេតុមកពីវិបត្តិផ្សេងៗទៀតដូចជា ៖ កត្តាឈាមកក ក៏ជាមូលហេតុនៃការហូរឈាមក្នុងច្រមុះដែរ ដូចជាជំងឺដែលមានចំនួនប្លាកែតចុះច្រើន (Thrombopénies) ជំងឺឈាមមួយចំនួន និងជំងឺខ្សោយមុខងារថ្លើមធ្ងន់ធ្ងរ ឬការប្រើថ្នាំប្រឆាំងឈាមកកជាប់ជាប្រចាំ។

ម្យ៉ាងវិញទៀត ជំងឺលើសឈាមក៏ជាមូលហេតុនៃការហូរឈាមច្រមុះ ដែលជួបញឹកញាប់កើតមាននៅលើមនុស្សពេញវ័យផងដែរ។ ការហូរឈាមច្រមុះមានលក្ខណៈ ហូរឈាមពីច្រមុះដោយឯកឯង និងជួបញឹកញាប់លើវ័យជំទង់មានអាយុចន្លោះ ៥ទៅ ២០ឆ្នាំ។ ជាពិសេសបន្ទាប់ពី ការយកដៃកេះក្នុងច្រមុះញឹកញាប់ ត្រូវកំដៅថ្ងៃខ្លាំង ឬការប្រែប្រួលនៃអរម៉ូន នៅពេលពេញវ័យគ្រប់ការ ការមករដូវពេលពពោះ និងពេលរំភើបជាដើម។

 

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

តែទោះជាយ៉ាងណាក៏ដោយ យើងអាចសង្កេតឃើញ ការឈាមច្រមុះអាចជាសញ្ញាមួយនៃការវិវត្តន៍ជំងឺណាមួយដោយមិនបានដឹងពីមុន ជួនកាលវាគ្រាន់តែជាការហូរឈាមដោយឯកឯង គ្មានមូលហេតុច្បាស់លាស់នោះទេ។

បន្ថែមពីនេះតាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត ក៏បានបង្ហាញពីរោគសញ្ញា និងការវាយតម្លៃនៃការហូរឈាមច្រមុះ ដែលត្រូវអនុវត្តន៍ដូចតទៅ៖ វាយតម្លៃការហូរឈាមដែលបាត់បង់ រួចធ្វើការឃាត់ឈាមដោយមធ្យោបាយផ្សេងៗនិងពិនិត្យស្រាវជ្រាវរកមូលហេតុនៃការចេញឈាមតាមច្រមុះ។

ជាទូទៅអ្នកអាចសង្កេតឃើញការហូរឈាមមានលក្ខណៈស្រាលប្រមាណ ៩០% លើករណីដូចជា៖ នៅផ្នែកខាងមុខនៃច្រមុះមិនមានភាពធ្ងន់ធ្ងរ មិនមានផលប៉ះពាល់ទៅលើសភាពទូទៅរបស់អ្នកជំងឺឡើយ ភាគច្រើនឈាមតែមួយចំហៀងនិងបាត់ទៅវិញដោយឯកឯង ឬដោយច្របាច់ច្រមុះ។

ផ្ទុយទៅវិញ ឈាមច្រមុះអាចមានសភាពធ្ងន់ធ្ងរប្រមាណ១០% លើករណី ដោយការពិនិត្យមើលបរិមាណឈាមច្រើន ហើយញឹកញាប់ ឬជាប់ជាប្រចាំ។ ហើយមានប្រភពទាំងសង្ខាង ដោយហូរមកខាងមុខផង និងធ្លាក់ទៅខាងក្រោយបំពង់កផង។ ជាពិសេសធ្វើឱ្យអ្នកជំងឺភ័យស្លន់ស្លោរ ឡេះឡះ អស់កម្លាំង ជីពចរដើរញាប់ ត្រជាក់ចុងដៃ ចុងជើង និងសម្ពាធឈាមចុះ ដែលត្រូវការសង្គ្រោះបន្ទាន់ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

ចំណែកឯការព្យាបាលឯណ្ណេះវិញមន្ទីរកាល់ម៉ែតដដែរ បានបង្ហាញនូវ វិធានការទូទៅ និងវិធីសង្រ្គោះបន្ទាន់ផងដែរ។

ចំពោះវិធានការទូទៅ៖ ត្រូវដាក់អ្នកជំងឺក្នុងស្ថានភាពស្ងប់ស្ងាត់ ហើយពាក់កណ្តាលអង្គុយ។ វាយតំលៃផលប៉ះពាល់លើចលនាឈាមរត់ ស្លេកស្លាំង បែកញើសជោគ ជីបចរដើរញាប់ ចង្វាក់ដង្ហើមញាប់ និងចុះសំពាធឈាម។ ពិនិត្យមើល សញ្ញាថប់ផ្លូវដង្ហើម ដែលអ្នកជំងឺមិនអាចដកដង្ហើមបាន ឬដោយធ្លាក់ឈាមចូលទៅក្នុងផ្លូវដង្ហើម។ ហើយត្រូវឲ្យអ្នកជំងឺសម្រាកពេទ្យបើហូរឈាមមានសភាពធ្ងន់ធ្ងរ រួចត្រូវបូមឈាមពិនិត្យផ្នែកមន្ទីរពិសោធន៍ និងបំពេញបរិមាណឈាមដែលបាត់បង់ដោយសេរ៉ូម។

ចំណែកឯវិធីសង្រ្គោះបន្ទាន់ មិនថាបណ្តាលមកពីមូលហេតុអ្វីក៏ដោយចុះ

– ជាដំបូងត្រូវសម្អាតយកកំណកឈាមពីក្នុងរន្ធច្រមុះ ដែលជាមូលហេតុមិនអាចបញ្ឈប់បន្តឈាមបាន។

– បន្ទាប់មកដាក់សំឡី ឬ ស្បៃវែង ចូលទៅក្នុងរន្ធច្រមុះ ផ្សើមដោយថ្នាំ (xylocaëne et/ou naphazoline) ហើយទុករយៈពេល ៣ ទៅ ៥ នាទី ដើម្បីឃាត់ឈាម ជួនកាលការធ្វើបែបនេះអាចបញ្ឈប់ការហូរឈាមបាន។

ផ្ទុយទៅវិញបើឈាមនៅតែបន្តហូរមក អ្នកត្រូវអនុវត្តដំណាក់កាលតទៅទៀតដោយអ្នកត្រូវច្របាច់ច្រមុះ ដោយម្រាមដៃពីរ យកមេដៃនិងម្រាមដៃទៅផ្នែកខាងក្រោមនៃរន្ធច្រមុះរយៈពេល ១០នាទី ហើយលែងនិងពិនិត្យមើលឡើងវិញ។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

ជាចុងបញ្ចប់នៃអត្ថបទនេះ មន្ទីរពេទ្យកាល់ម៉ែតបានផ្តល់ដំបូន្មានដល់សាធារណជនទូទៅថា៖ មូលហេតុការប៉ះទង្គិចលើច្រមុះ មុខ និងក្បាល ដែលយើងមិនអាចចៀសវាងបាន ប៉ុន្តែជំងឺនៅក្នុងរន្ធច្រមុះដោយការរលាក អ្នកអាចអនុវត្តមធ្យោបាយសាមញ្ញមួយចំនួន ដែលអាចឲ្យច្រមុះមានសភាពល្អបាន ដោយការបរិភោគចំណីអាហារមានសុវត្ថិភាព និងមានលំនឹង។ ធ្វើលំហាត់បា្រណឲ្យបានទៀងទាត់ជាប្រចាំ និងបញ្ឈប់ថ្នាំដែលមានផលវិបាកលើសាច់ច្រមុះ ជាពិសេសតាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេសបើអ្នកមានជំងឺលើសឈាមកម្រិតខ្ពស់៕

Share

Image
Image
Image