en     km
en     km

សហរដ្ឋអាមេរិកគ្រោងមិនបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាសម្រាប់ការបោះឆ្នោតខែកក្កដានោះទេ

Share

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងថាមិនបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាសម្រាប់ការបោះឆ្នោតខែកក្កដានោះទេ ដោយសារអ្នកជំនាញឯករាជ្យកម្ពុជា និងអ្នកជំនាញអន្តរជាតិ ថាគ្មានសេរីនិងយុត្តិធម៌។ ស្របជាមួយគ្នា អ្នកតាមដានការបោះឆ្នោតនៅកម្ពុជាថា នេះជាផលប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពមិនអាចចូលរួមដំណើរការបោះឆ្នោតបាន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍ថា សហរដ្ឋអាមេរិកមិនមានគម្រោងបញ្ជូនអ្នកសង្កេតការណ៍ បោះឆ្នោតមកមកកម្ពុជានោះទេ ដោយសំអាងថា អ្នកជំនាញឯករាជ្យកម្ពុជា និងអ្នកជំនាញអន្ដរជាតិជាច្រើន វាយតម្លៃថាគ្មានសេរី និងយុត្តិធម៌។ នេះបើផ្អែកតាមសេចក្ដីថ្លែងការណ៍ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។

លោក Matthev Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញថា អាមេរិកមានកង្វល់យ៉ាងជ្រាលជ្រៅដោយអាជ្ញាធរកម្ពុជាធ្វើការហាមប្រាមគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំជាងគេមិនឱ្យចូលរួមការបោះឆ្នោតតំណាងរាស្ដ្រថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ការចេញសេចក្ដីថ្លែងការរបស់ប្រទេសប្រជាធិបតេយ្យមួយនេះ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្ដីសម្រេចមិនឱ្យគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរដែលជាបក្សប្រឆាំងមិនឱ្យចូលរួមដំណើរការបោះឆ្នោត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

សូមជម្រាបថា គណបក្សភ្លើងទៀន បានខ្វះឯកសារដើមនៃការចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ ទើបមិនអាចបំពេញតាមការចង់បានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាតម្រូវការចាំបាច់ក្នុងការបោះឆ្នោតតំណាងរាស្ដ្រ។

រាជរដ្ឋាភិបាលនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះដែរ បានហៅការបាត់ឯកសារដើមនៃគណបក្សភ្លើងទៀន ជាការបង្កឱ្យបរទេសមានបញ្ហាជាមួយកម្ពុជា។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា ទោះការដាក់អ្នកសង្កេតការណ៍ ឬមិនដាក់អ្នកសង្កេតការណ៍ពីសំណាក់ប្រទេសនានា គឺជាសណ្ដានចិត្តរបស់គេ តែវាមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនោះទេ ហើយច្បាប់ក៏មិនបានកំណត់ដែរ អាចដាក់ក៏បាន មិនដាក់ក៏បាន។

មកដល់ពេលនេះ អ្នកនាំពាក្យគ.ជ.ប មិនទាន់អាចបញ្ជាក់ថា មានប្រទេសណាខ្លះចូលរួមសង្កេតការណ៍នៅកម្ពុជានោះទេ ដោយសារក្រសួងការបរទេសទើបប្រកាសជាផ្លូវការថាមានការបោះឆ្នោតនៅកម្ពុជា។ លោកគ្រាន់តែបញ្ជាក់ថា មានអ្នកសារព័ត៌មានអន្ដរជាតិចំនួនជាង២២០នាក់ប៉ុណ្ណោះ ដែលបានចុះឈ្មោះ។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក ដែលធ្វើការលើរឿងបោះឆ្នោតដែរ បានលើកឡើងថា កាលណាគេសម្លឹងមើលឃើញពីភាពមិនតុល្យភាពនៃការបោះឆ្នោត គេមិនបញ្ជូនអ្នកសង្កេតការណ៍មកទេ។ លោកថា មានជប៉ុន អូស្ដ្រាលីជាដើម ក៏មិនប្រាកដថាបញ្ជូនមកដូចគ្នា។

លោកបន្ថែមថា បញ្ហាមិនអាចឱ្យបក្សប្រជាប្រិយចូលរួមប្រកួតនិងបក្សកាន់អំណាចបែបនេះ នាំឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

ទោះបីជាយ៉ាងណា សហរដ្ឋអាមេរិកបានអំពាវនាវយ៉ាងខ្លាំង ដល់អាជ្ញាធរកម្ពុជា ធ្វើការកែប្រែ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាអាចចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យបហុបក្ស និងយុត្តិធម៌ស្របតាមធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយអនុវត្តសិទ្ធិរបស់ពួកគេដោយសេរី៕

Share

ព័ត៌មានទាក់ទង

Image