en     km
en     km

អ៊ុយក្រែន​បាញ់​ទម្លាក់​មី​ស៊ី​លរុ​ស្ស៊ី​១០​គ្រាប់និងដ្រូនជាង២០គ្រឿង ​

Share

មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃសុក្រទី ២៦ ឧសភាឆ្នាំ២០២៣ ថាខ្លួនបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន១០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាង២០គ្រឿង ដែលបានវាយប្រហាររដ្ឋធានី Kyiv ទីក្រុង Dnipro និងតំបន់ភាគខាងកើត។

រុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើអ៊ុយក្រែនក្នុងខែនេះ ដោយភាគច្រើនវាយប្រហារទៅលើឃ្លាំងភស្ដុភា មធ្យោបាយដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ របស់អ៊ុយក្រែន។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន១០គ្រាប់ដែលបាញ់ចេញពីសមុទ្រកាសព្យែន និងយន្តហោះគ្មានមនុស្សបើក Shahed ផលិតនៅអ៊ីរ៉ង់ចំនួន២៣គ្រឿង រួមទាំងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ចំនួន២គ្រឿងបន្ថែមទៀត។

ប្រភពដដែលបាននិយាយថា មីស៊ីលសរុបចំនួន១៧គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៣១ គ្រឿងត្រូវបានបាញ់ប្រហារ ដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ១០យប់ ថ្ងៃព្រហស្បតិ៍ទី២៥ ខែឧសភា ឆ្នាំ២០២៣ បន្តរហូតដល់ម៉ោង ៥.០០ព្រឹកថ្ងៃសុក្រទី២៦។

ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង និងកាំជ្រួចជាច្រើនគ្រាប់បានវាយប្រហារនៅក្នុងតំបន់ Kharkiv និង Dnipropetrovsk ។មិន​ទាន់​មាន​របាយការណ៍អំពីមនុស្ស​​ស្លាប់​ដោយការវាយប្រហារនេះ​ទេ។

លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បានផ្ញើសារតាម Telegram ថា “វាជាយប់ដ៏លំបាកមួយ។សត្រូវបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក”។​តំបន់”Dnipro បានទទួលរងការឈឺចាប់”។

លោក Serhiy Lysak បាន​បន្ត​ថា ផ្ទះ រថយន្ត និង​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​រួម​ទាំង​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ស្ថានីយ​ប្រេង​មួយ​ផង​ដែរ​បាន​រង​ការ​ខូច​ខាត។មន្ត្រីក្នុងទីក្រុង Kyiv បាននិយាយថា ដំបូលផ្សារទំនើប ផ្ទះឯកជនមួយ និងរថយន្តជាច្រើនគ្រឿងបានរងការខូចខាត។

ប្រទេសរុស្ស៊ីដែលបានចាប់ផ្តើមការលុកលុយអ៊ុយក្រែនទ្រង់ទ្រាយធំកាលពី១៥ ខែមុន បានចាប់ផ្តើមការវាយប្រហារដោយកាំជ្រួចផ្លោងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកន្លែងថាមពលចាប់តាំងពីខែតុលាឆ្នាំមុន៕

ប្រភព៖ Reuters ថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០២៣

Share

Image
Image
Image