មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃសុក្រទី ២៦ ឧសភាឆ្នាំ២០២៣ ថាខ្លួនបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន១០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាង២០គ្រឿង ដែលបានវាយប្រហាររដ្ឋធានី Kyiv ទីក្រុង Dnipro និងតំបន់ភាគខាងកើត។
រុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើអ៊ុយក្រែនក្នុងខែនេះ ដោយភាគច្រើនវាយប្រហារទៅលើឃ្លាំងភស្ដុភា មធ្យោបាយដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ របស់អ៊ុយក្រែន។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន១០គ្រាប់ដែលបាញ់ចេញពីសមុទ្រកាសព្យែន និងយន្តហោះគ្មានមនុស្សបើក Shahed ផលិតនៅអ៊ីរ៉ង់ចំនួន២៣គ្រឿង រួមទាំងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ចំនួន២គ្រឿងបន្ថែមទៀត។
ប្រភពដដែលបាននិយាយថា មីស៊ីលសរុបចំនួន១៧គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៣១ គ្រឿងត្រូវបានបាញ់ប្រហារ ដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ១០យប់ ថ្ងៃព្រហស្បតិ៍ទី២៥ ខែឧសភា ឆ្នាំ២០២៣ បន្តរហូតដល់ម៉ោង ៥.០០ព្រឹកថ្ងៃសុក្រទី២៦។
ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង និងកាំជ្រួចជាច្រើនគ្រាប់បានវាយប្រហារនៅក្នុងតំបន់ Kharkiv និង Dnipropetrovsk ។មិនទាន់មានរបាយការណ៍អំពីមនុស្សស្លាប់ដោយការវាយប្រហារនេះទេ។
លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បានផ្ញើសារតាម Telegram ថា “វាជាយប់ដ៏លំបាកមួយ។សត្រូវបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក”។តំបន់”Dnipro បានទទួលរងការឈឺចាប់”។
លោក Serhiy Lysak បានបន្តថា ផ្ទះ រថយន្ត និងក្រុមហ៊ុនឯកជនជាច្រើនរួមទាំងក្រុមហ៊ុនដឹកជញ្ជូន និងស្ថានីយប្រេងមួយផងដែរបានរងការខូចខាត។មន្ត្រីក្នុងទីក្រុង Kyiv បាននិយាយថា ដំបូលផ្សារទំនើប ផ្ទះឯកជនមួយ និងរថយន្តជាច្រើនគ្រឿងបានរងការខូចខាត។
ប្រទេសរុស្ស៊ីដែលបានចាប់ផ្តើមការលុកលុយអ៊ុយក្រែនទ្រង់ទ្រាយធំកាលពី១៥ ខែមុន បានចាប់ផ្តើមការវាយប្រហារដោយកាំជ្រួចផ្លោងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកន្លែងថាមពលចាប់តាំងពីខែតុលាឆ្នាំមុន៕
ប្រភព៖ Reuters ថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០២៣