ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ទោ ហុង វិណុល បានលើកឡើងថា ចោរប្លន់ប្រដាប់អាវុធដែលបានប្រើប្រាស់អាវុធខុសច្បាប់ក្នុងពេលកន្លងទៅ មិនជាប់ពាក់ព័ន្ធនឹងមន្ត្រីក្រសួង និងការទិញអាវុធពីពីឃ្លាំងអាវុធរបស់ក្រសួងការពារជាតិនោះទេ។ ការថ្លែងបែបនេះធ្វើឡើង បន្ទាប់ពីបញ្ចប់កិច្ចប្រជុំស្តីពីកិច្ចសហការអនុវត្តច្បាប់ រវាងតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ក្នុងការងារពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៥ នៅទីស្តីការក្រសួងយុត្តិធម៌។
លោក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកព័ត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើស អះអាងថា រាល់ការសួរចម្លើយទៅលើជនល្មើសនៅពេលចាប់ខ្លួនបាន ទាក់ទងនឹងការប្រើប្រាស់អាវុធ ជនល្មើសទាំងនោះបានឆ្លើយថា អាវុធដែលពួកគេប្រើ មិនមានប្រភពចេញពីក្រសួងការពារជាតិនោះទេ។
ជនល្មើលទាំងនោះ បាននិយាយថា អាវុធដែលពួកគេប្រើបានមកពីមិត្តភក្តិរបស់ពួកគេ ហើយកន្លងទៅកម្លាំងកងរាជអាវុធហត្ថបានស៊ើបអង្កេតករណីប្រភពអាវុធទាំងនោះ។
ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ ហុង វិណុល បានបន្តទៀតថា អាវុធដែលចោរប្លន់ប្រដាប់អាវុធបានប្រើប្រាស់ ទំនងជាមានប្រភពពីអតីតទាហានចូលនិវន្តន៍ ដែលព្យាយាមលាក់ទុកអាវុធ និងទិញអាវុធពីគ្នីគ្នាដោយលួចលាក់។
លោកឧត្តមសេនីយ៍ទោ ហុង វិណុល ៖ «ការប្រើប្រាស់អាវុធរបស់ពួកគេ គឺប្រើប្រាស់ខុសច្បាប់ ហើយប្រភពរបស់គេហ្នឹងច្រើនតែជាបក្សពួករបស់គេ ដែលគេបានប្រើនៅសល់នោះ គេអាចចែករំលែកគ្នា គេអាចដោះដូរគ្នា តែបើឱ្យទិញពីឃ្លាំងអាវុធរហូតមកដល់សព្វថ្ងៃនេះ ដូចជាមិនទាន់មានចម្លើយណាមួយដែលឆ្លើយ ថាបានទិញអាវុធពីក្រសួងការពារជាតិទេ»។
ទាក់ទងនឹងករណីបង្ក្រាប និងតាមចាប់ក្រុមចោរប្លន់ប្រដាប់អាវុធ ដែលធ្វើសកម្មភាពកាលពីពេលថ្មីៗ នេះលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការងនគរបាលជាតិ មានប្រសាសន៍ថា ការគ្រប់គ្រងអាវុធរបស់ក្រសួងមហាផ្ទៃមានលក្ខណៈស្មុគ្រស្មាញខ្លាំង ព្រោះក្រសួងមហាផ្ទៃមានសមត្ថភាពគ្រប់គ្រងអាវុធតែនៅក្នុងអង្គភាពដែលបានប្រើប្រាស់ស្របច្បាប់តែប៉ុណ្ណោះ។ លោកថា បញ្ហាគ្រប់គ្រងអាវុធមិនបានល្អនេះ ជាបញ្ហាចន្លោះប្រហោងរបស់ក្រសួង ហើយសូម្បីមន្ត្រីមួយចំនួនក៏មានប្រើប្រាស់អាវុធខុសច្បាប់ដែរ។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ៖ «ច្បាប់បានណែនាំហើយ មិនអនុញ្ញាតិឱ្យប្រើប្រាស់អាវុធខុសច្បាប់នោះទេ សូម្បីតែក្នុងអង្គភាព ក្នុងតួនាទីឋានន្តរសក្តិដែលយើងប្រើ នរណាប្រើឯកជនបាន នរណាអាចប្រើអាវុធអង្គភាពបាន គេបែងចែកច្បាស់លាស់ណាស់។ ឥឡូវនេះ បញ្ហារបស់យើងត្រង់ថា ការគ្រប់គ្រងនៅមានចន្លោះប្រហោង អាហ្នឹងអាចមានអ្នកខ្លះប្រើខុសច្បាប់ អានេះមិននិយាយតែជនល្មើសចោរទេ សូម្បីតែមន្ត្រីរាជការខ្លះក៏ប្រើខុសច្បាប់ដែរ ឬឯកជនខ្លះក៏ប្រើខុសច្បាប់គឺយើងត្រូវរឹតបណ្តឹងបញ្ហានេះ»។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បាននិយាយថា កន្លងទៅមន្ត្រីសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ រួមទាំងក្រសួងពាក់ព័ន្ធបានយកចិត្តទុកដាក់ធ្វើការស៊ើបអង្កេត និងកំពុងតាមមុខសញ្ញាចោរប្លន់ប្រដាប់អាវុធ ដែលរត់គេចខ្លួន ដោយធ្វើទៅតាមនីតិវិធីច្បាប់ ហើយទន្ទឹមគ្នានេះ ក៏មានការចូលរួមសហការពីប្រជាពលរដ្ឋដើម្បីបង្ហាញមុខសញ្ញាផងដែរ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បាននិយាយថា ក្រុមចោរប្លន់ប្រដាប់អាវុធ ដែលធ្វើសកម្មភាពកាលពីពេលថ្មីៗនេះក្នុងខេត្តកណ្តាល បាត់ដំបង និងខេត្តពោធិ៍សាត់នោះ សមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញារួចអស់ហើយ និងកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
សូមជម្រាបថា បទល្មើសព្រហ្មទណ្ឌនៅឆ្នាំ ២០១៥ នេះ បានថយចុះ ១៤% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៤។ នេះបើតាមការអះអាងរបស់លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ៕