ភ្នំពេញ៖ សម្តេច ហ៊ុន សែន នៅព្រឹកនេះបានព្រមានដែលចង់សំដៅចំពោះគណបក្យភ្លើងទៀន ករណីដែលបក្សនេះ មានបំណងធ្វើបាតុកម្មលើការសម្រេចរបស់ គ.ជ.ប ដែលបដិសេធមិនចុះឈ្មោះគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៧ ឆ្នាំ២០២៣។ សារព្រមានពីនាយករដ្ឋមន្រ្តីនេះ ស្របពេលដែលគណបក្សភ្លើងទៀនចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយ ដែលបក្សខ្លួនត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្តឹងរបស់ខ្លួនថាខុសគតិច្បាប់។
លោក គីម ចាន់ចាវ រាយការណ៍
ការព្រមានបង្ក្រាបបាតុកម្ម ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីដោយសម្តេចបង្ហើបថា មានមេដឹកនាំម្នាក់របស់គណបក្សភ្លើងទៀន បានព្យាយាមយកលិខិតការសុំចុះបញ្ជីគណបក្សនយោបាយ ដែល គ.ជ.ប ទាមទារនោះ ទៅលាក់ទុក ដោយមិនចង់ចូលរួមការបោះឆ្នោត ហើយបែរជាទម្លាក់កំហុសឱ្យបរទេសមានបញ្ហាជាមួយកម្ពុជា។
«គេមិនចង់ឱ្យគណបក្សនេះចូលរួមការបោះឆ្នោតទេ ដោយគេដឹងថាវាចាញ់ តែអ្វីដែលគេចង់បាន គឺគេយកបរទេសមកកៀបកម្ពុជា វាមិនដែលម៉ែអាណាគ្រាន់តែបញ្ជីជាតិមួយសន្លឹកហើយធ្វើឱ្យបាត់ទេ»។
ទោះយ៉ាងណា លិខិតច្បាប់ដើមរបស់គណបក្សភ្លើងទៀននេះ ត្រូវបានលោក រ៉ុង ឈុន អះអាងថា បានបាត់ចាប់តាំងពីក្រោយពេលដែលតុលាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិមកម្លេះ គឺអំឡុងពេលដែលអាជ្ញាធរកាន់កាប់ទីស្នាក់ការគណបក្សបក្សសង្គ្រោះជាតិ នៅចាក់អង្រែលើ ខណ្ឌមានជ័យ។
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានលើកឡើងនូវទឡ្ហីករណ៍ថា បើគណបក្សភ្លើងទៀនខុសច្បាប់នោះ គឺមិនអាចចូលរួមការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២បានទេ តែលោកទទួលស្គាល់ថា ការបដិសេធនេះជាឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទុកឱ្យមតិសាធារណជនជាអ្នកវិភាគខ្លួនឯង។ លោកយល់ថាការបដិសេធគណបក្សភ្លើងទៀននេះអាចជាសញ្ញាបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានសភាពស្រុតចុះធ្ងន់ធ្ងរ ត្បិត តាមច្បាប់នៃបណ្ដឹងនីតិវិធីក្នុងការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នសម្រេចចុងក្រោយ។
«ទោះបីយើងចង់យ៉ាងណាក៏ដោយក៏យើងមិនអាចធ្វើអីបានលើសពីហ្នឹង យើងគ្រាន់តែមានការសោកស្ដាយ ហើយយល់ឃើញថា លទ្ធិប្រជាធិបតេយ្យនៅស្រុកយើងហ្នឹងកាន់តែស្រុតចុះ កាន់តែមានសភាពស្រុតចុះធ្ងន់ធ្ងរ ដោយសារអីគណបក្សតំណាងឱ្យសំឡេងពលរដ្ឋស្ទើរតែ២លាននាក់ ត្រូវបានគេអត់មានការទទួលស្គាល់ឱ្យមានការប្រកួតប្រជែង ហើយនេះជាការបំពានសិទ្ធិយ៉ាងធំធេងនៅចំពោះប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត»។
ទោះយ៉ាងណា គណបក្សភ្លើងទៀនបានបង្ហាញជំហរថា ខ្លួននៅតែមានឆន្ទៈក្នុងការចូលរួមបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីចូលរួមជម្រុញ និងលើកស្ទួយគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍប្រទេសជាតិ។ ចំណែកលោក រ៉ុង ឈុន បានអះអាងតាមវិទ្យុបារំាង RFIថា ពេលនេះ គណបក្សភ្លើងទៀន នៅពុំទាន់មានយន្តការឆ្លើយតបអ្វីបន្ថែម ក្រៅតែពីសកម្មភាពគ្រោងរៀបចំការប្រមូលផ្តុំសម្តែងមតិ ដែលសម្រេចកាលពីថ្ងៃទី១២ឧសភាកន្លងទៅទេ។
ក្នុងវេទិកានៅព្រឹកថ្ងៃទី២៦ ខែឧសភានោះសម្តេច ហ៊ុន សែន ក៏ព្រមានចាត់វិធានការផងដែរ ក្នុងករណី ដែលគណបក្សភ្លើងទៀនធ្វើការប្រមូលផ្ដុំធ្វើបាតុកម្ម។
«កុំស្អីឡើងបាតុកម្ម ស្អីឡើងមើលបាតុកម្ម មើល៍គុក អាដែងប៉ូលី ខ្នោះហ្នឹងគេទុកដាក់អាណាវី។ និយាយឱ្យត្រង់ជាមួយគ្នាចេះ។ ហើយអាម្នាក់ហ្នឹងគឺថា វាក្រុមជាមួយនឹងអាមួយនៅខាងក្រៅ អាងអីឡើងបាតុកម្មអាហ្នឹង។ សុំទោស ស្ដានីតិសប្បទាអត់ទាន់រួចផងចង់ចូលទៀតអី ចង់ចូលទៀតកំដរលេងបាន»។
ក្រោយក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្ដឹងតវ៉ាការចុះបញ្ជីគណបក្ស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣គណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍ដោយសោកស្ដាយចំពោះការសម្រេចនេះ ដោយអះអាងថាគណបក្ស ភ្លើងទៀន បានបំពេញពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ (ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដោយភ្ជាប់ឯកសារគ្រប់គ្រាន់តាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ហា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយបានដាក់ជូន គ.ជ.ប.តាមពេលវេលាកំណត់ត្រឹមត្រូវ។ ប៉ុន្តែ គ.ជ.ប នៅតែសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន ដោយសំអាងថា គណបក្ស ភ្លើងទៀន មិនបានជូនភ្ជាប់នូវប្រកាស ស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។