en     km
en     km

អភិបាលខេត្តកណ្ដាល៖គ្រោះថ្នាក់ចរាចរណ៍បន្សល់ទុកនូវវិបត្តិសង្គមដ៏សោកសៅ

Share

បើតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្នុងរយៈពេល៤ ខែនៃឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះ បើធៀបនឹងឆ្នាំ២០២២។  តែយ៉ាងណាករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាបន្ទុកដល់សង្គម ដូចជាបន្សល់ជនពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយ ចាស់ជរាឥតទីពឹងជាដើម។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅក្នុងទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ ប្រារព្ធនៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ អភិបាលខេត្តកណ្ដាល លោក គង់ សោភណ្ឌ បានលើកឡើងថា សម្រាប់រយៈពេល៣ខែ នៃគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាល បានបន្សល់ទុកនូវវិបត្តិសង្គម ដូចជាជនមានពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយ ចាស់ជរាឥតទីពឹង និងបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម។

 

លោកបានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍គឺការបើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិអាទិភាព ប្រជែងគ្រោះថ្នាក់ កត្តាយានយន្ត និងស្រវឹងជាដើម។

តែយ៉ាងណាលោកអភិបាលខេត្ត បានឱ្យដឹងថា ចំនួននេះមានការថយចុះ បើធៀបនិងរយៈពេលដូចគ្នា នៃត្រីមាសទី១ឆ្នាំ២០២២។ ទោះបីជាតួលេខមានការថយចុះ ប៉ុន្តែដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ លោកអភិបាលខេត្តបានឱ្យដឹងថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកណ្ដាលនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងការអប់រំផ្សព្វផ្សាយជាប្រចាំដល់អ្នកបើកបរ និងក្រុមគោលដៅ រួមទាំងវិធីសាស្រ្តនានា ដូចជាការដាក់ស្លាក ភ្លើង គំនូស និងសញ្ញាចរាចរណ៍ ព្រមទាំងភ្លើងបំភ្លឺផ្លូវ។

ទាក់ទងរឿងនេះដែរសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងបានលើកឡើងដែរថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយ ចំនួន១៣% អ្នកស្លាប់ថយ ២៦% អ្នករបួសថយ ១៨%។

ទោះបីមានការថយចុះ តែសម្ដេចអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តវិធានការសំខាន់ៗ ដែលមាន ដូចជា មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន ឬគ្រឿងស្រវឹង និងប្រើប្រាស់យាន្តជំនិះអោយបានត្រឹមត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស ដែលបានកំណត់ ពោលគឺរួមគ្នាគោរពអនុវត្តច្បាប់ចរាចរណ៍ មិនមែនខ្លាចមន្ត្រីនគរបាលចរាចរណ៍នោះទេ។

ស្របពេលជាមួយគ្នា សម្ដេចបានណែនាំឱ្យមន្ដ្រីចរាចរណ៍ទាំងអស់បន្តការពន្យល់ អប់រំ ណែនាំប្រជាពលរដ្ឋមុននឹងធ្វើការផាកពិន័យបទល្មើសចរាចរណ៍ និងត្រូវគោរពសិទ្ធិប្រជាពលរដ្ឋ។ សម្ដេចបន្ថែមថា ការផាកពិន័យបទល្មើសចរាចរណ៍ត្រូវផ្អែកលើគោលការណ៍ច្បាប់ដែលមានជាធរមាន និងអនុវត្តឱ្យបានស្មើភាពគ្នា ដោយមិនប្រកាន់ ឬបែងចែកបក្ខពួកនោះទេ ហើយរាល់ការផាកពិន័យត្រូវចេញវិក័យបត្រ និងយោងមាត្រាច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

សូមជម្រាបថា កាលពីពេលកន្លងទៅមានមន្ដ្រីនគរបាលចរាចរណ៍ជាច្រើនត្រូវបានព្យួរការងារ ឬផ្អាកពីក្របខណ្ឌដោយសារផាកពិន័យខុសច្បាប់ផងដែរ៕

Share

Image
Image
Image