en     km
en     km

មន្រ្តីប្រតិភូមីយ៉ាន់ម៉ាធ្វើទស្សនកិច្ចជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដើម្បីធ្វើមាតុភូមិនិវត្តន៍

Share

ប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ាកំពុងពិនិត្យមើលគម្រោងមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហីងយ៉ាប្រហែល ១.១០០នាក់ត្រឡប់ទៅរដ្ឋរ៉ាឃីនប្រទេសមីយ៉ាន់ម៉ាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
រាយការណ៍ដោយ……

សារព័ត៌មាន AFP បានរាយការណ៍ថា ក្រុមមន្ត្រីមីយ៉ាន់ម៉ា ១៤ នាក់ សុទ្ធតែស្លៀកពាក់ស៊ីវិលបានមកដល់តាមទូកនៅក្នុងទីក្រុង Teknaf ព្រំដែនបង់ក្លាដែសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ឧសភា ឆ្នាំ ២០២៣។ ក្រុមមន្ត្រីមីយ៉ាន់ម៉ាទាំងនោះមិនបានធ្វើអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មានទេ នេះបើតាម។

លោក Shams ud Douza ស្នងការរងទទួលបន្ទុកជនភៀសខ្លួនរបស់ប្រទេសបង់ក្លាដែស បានប្រាប់ AFP ថា គណៈប្រតិភូមីយ៉ាន់ម៉ានឹងជួបពិភាក្សាជាមួយជនជាតិរ៉ូហ៊ីងយ៉ា ដែលគ្រោងធ្វើមាតុភូមិនិវត្តន៍។ លោកហៅដំណើរទស្សនកិច្ចនេះថាជា “វិធានការកសាងទំនុកចិត្ត”។

ជនជាតិរ៉ូហ៊ីងយ៉ា២០នាក់បានទៅពិនិត្យមើលជំរុំតាំងទីលំនៅថ្មីចំនួនពីរក្នុងខែនេះក្នុងរដ្ឋរ៉ាឃីន ជាកន្លែងដែលរបបយោធាមីយ៉ាន់ម៉ាគ្រោងនឹងបញ្ជូនពួកគេទៅទីនោះ។ អ្នកជំនាញនិយាយថាទីនោះជាទឹកដីកម្មសិទ្ធិរបស់ជនជាតិរ៉ូហ៊ីងយ៉ារាប់ជំនាន់មកហើយ មុនពេលត្រូវបានយោធាភូមារឹបអូស។

លោក Khin Maung ដែលជាមេដឹកនាំរ៉ូហ៊ីងយ៉ាដ៏លេចធ្លោម្នាក់បានប្រាប់ AFP ថា “យើងមិនមានតំណាងអចិន្ត្រៃយ៍នៅក្នុងដំណើរការធ្វើមាតុភូមិនិវត្តន៍នេះទេ” ។លោកបាននិយាយថា “ដំណើរការធ្វើមាតុភូមិនិវត្តន៍នេះគ្រាន់តែជាការបំភាន់ភ្នែកប៉ុណ្ណោះ។ ប្រសិនបើពួកគេមិនធានានូវសេចក្តីថ្លៃថ្នូររបស់យើងទេ នឹងគ្មានការវិលត្រឡប់ទៅកាន់ប្រទេសភូមាវិញឡើយ”។

ជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ដែលមានបំណងធ្វើមាតុភូមិនិវត្តន៍ បានប្រាប់ AFP ក្នុងលក្ខខណ្ឌអនាមិកថា ពួកគេមិនចង់ត្រឡប់ទៅ និងរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញទេ “ក្នុងនាមជាអ្នកមិនមែនជាពលរដ្ឋភូមា និងស្នាក់នៅក្នុងជំរុំ ជនភៀសខ្លួនក្នុងប្រទេសភូមា”។ជនភៀសខ្លួនរ៉ូហីងយ៉ាបាននិយាយថា “កន្លែងរបស់យើងគួរតែត្រូវបានប្រគល់ឱ្យយើងវិញ សិទ្ធិរបស់យើងក្នុងការរស់នៅដូចក្រុមជនជាតិដទៃទៀត គួរតែត្រូវបានធានាដោយស្របច្បាប់។ បើមិនដូច្នេះទេ យើងមិនអាចជឿលើឃាតកបានឡើយ”។

ជនភៀសខ្លួនម្នាក់ទៀតឈ្មោះ Semon Ara អាយុ ៥៣ ឆ្នាំបាននិយាយថា “តើយើងនឹងធ្វើអ្វីនៅក្នុងជំរុំ ភៀសខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា?យើងជាពលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា មិនមែនជាភ្ញៀវទេ។ មីយ៉ាន់ម៉ាគួរតែផ្តល់សិទ្ធិនិងធ្វើមាតុភូមិនិវត្តន៍យើងវិញ” ៕

ប្រភព៖ C N A ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៣

Share

Image
Image
Image