ក្រោយពេលក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្ដីសម្រេចមិនឱ្យគណបក្សភ្លើងទៀនចូលរួមក្នុងដំណើរការបោះឆ្នោតដូចគ្នានិងសេចក្ដីសម្រេចរបស់ គ.ជ.ប អ្នកនាំពាក្យគណបក្សភ្លើងទៀនបានសម្តែងការសោកស្ដាយដែលបក្សមានអ្នកគាំទ្រជាង២០០០អាសនៈនេះ មិនអាចចូលរួមបោះឆ្នោតតំណាងរាស្ដ្របាន។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្ដីប្រកាសព័ត៌មានអំពីការប្រជុំពេញអង្គរបស់ខ្លួនក្រោមបណ្ដឹងតវ៉ារបស់ គណបក្សភ្លើងទៀន ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធមិនឱ្យឈរឈ្មោះក្នុងដំណើរការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ជាលទ្ធដែលស្ថានប័នជាតិមួយនេះបានសម្រេច គឺទទួលយកពាក្យបណ្ដឹងរបស់គណបក្ស និងបានបញ្ជាក់ថា ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលបណ្តឹងដោយខុសនឹងគតិច្បាប់។
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានលើកឡើងថា បើគណបក្សភ្លើងទៀនខុសច្បាប់នោះមិនអាចចូលរួមការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២បានទេ តែយ៉ាងណាលោកថា នេះជាឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទុកឱ្យមតិសាធារណជនជាអ្នកវិភាគខ្លួនឯង។
តាមច្បាប់នៃបណ្ដឹងនីតិវិធីក្នុងការបោះឆ្នោត ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើសេចក្ដីសម្រេចហើយ នោះបក្សមិនអាចបន្ដការប្ដឹងតវ៉ាទៀតនោះទេ។ សម្រាប់មន្រ្តីគណបក្សភ្លើងទៀនបានបញ្ជាក់ថា លោកមានការសោកស្ដាយ និងយល់ឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានសភាពស្រុតចុះធ្ងន់ធ្ងរ។
សូមជម្រាបថា បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបដិសេធមិនទទួលយកការចុះបញ្ជីគណបក្សរបស់គណបក្សភ្លើងទៀន ដោយសារខ្វះឯកសារមួយចំនួនតាមច្បាប់បោះឆ្នោតតំណាងរាស្ដ្រ នៅពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ គណបក្សប្រឆាំងមួយនេះ បានដាក់ពាក្យបណ្ដឹងតវ៉ាទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ។
ដោយឡែកនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលត្រូវបាន គ.ជ.ប បសិសេធក្នុងការចុះបញ្ជីគណបក្សដូចគ្នា ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីបានសិទ្ធិចូលរួមដំណើរការបោះឆ្នោតតំណាងរាស្ដ្រនិតិកាលទី៧ ខាងមុខ តែយ៉ាងណាគណបក្សនេះ ក៏ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញបដិសេធដូចគ្នា៕