en     km
en     km

ឈ្វេងយល់ពីការចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ

Share

 ជំងឺកូវីដ១៩ គឺជាជំងឺឆ្លងផ្លូវដង្ហើម ដែលធ្វើឱ្យប៉ះពាល់ដល់សួតធ្ងន់ធ្ងរ ហើយត្រូវបានរកឃើញដំបូងនៅទីក្រុងវូហាន ខេត្តហ៊ុយបេ នៃសាធារណៈរដ្ឋប្រជាមានិតចិន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ជំងឺនេះបានរាតត្បាតទូទាំងសកលលោក ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្ត និងអ្នកវេជ្ជសាស្រ្តជាច្រើននាក់ បានផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក៏ប៉ុន្តែវ៉ាក់សាំងនេះត្រូវចាក់ឱ្យបានគ្រប់ចំនួនកំណត់តាមក្រសួងសុខាភិបាលអនុម័ត។ ម៉្លោះហើយ កាលពីថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣
គណៈកម្មាធិការជំនាញស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩របស់ប្រទេសសិង្ហបុរី បានជំរុញឱ្យប្រជាពលរដ្ឋចាប់ពីអាយុ ៦០ ឆ្នាំឡើងទៅ ជាពិសេសជនងាយរងគ្រោះ ឱ្យទៅចាក់ដូសជំរុញបន្ថែម ដើម្បីប្រាកដថា ពួកគេមានរបាំងការពារសុខភាពរឹកមាំរួចរាល់ហើយ។ តើអ្នកដឹងយ៉ាងដូចម្តេចថា ដល់ថ្ងៃត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញបន្ថែម? សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅ៖
បើយោងតាមសារព័ត៌មាន CNA បានរាយការណ៍នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ថា គណៈកម្មាធិការជំនាញស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩របស់ប្រទេសសិង្ហបុរីបានកត់សម្គាល់ឃើញថា អ្នកជំងឺកូវីដ១៩ ដែលមកសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ទំនងជាមិនបានធ្វើបច្ចុប្បន្នភាពជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ១៩របស់ពួកគេនោះទេ ពោលគឺពួកគេមិនបានទៅចាក់វ៉ាក់សាំងដូសជំរុញបន្ថែមនៅឡើយ។ គណៈកម្មាធិការបានបន្ថែមថា ការចាក់ថ្នាំបង្ការមានសក្តានុពលជាអប្បបរិមា ដែលអាចការពារមនុស្សមិនឱ្យចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានអំពាវនាវនៅក្នុងថ្ងៃដដែលដែរថា សូមប្រជាពលរដ្ឋបន្តទៅចាក់វ៉ាក់សាំងដូសជំរុញបន្ថែមឱ្យទាន់ការធ្វើបច្ចុប្បន្នភាព ដោយសារវាអាចកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ ដែលអាចឈានដល់ការបាត់បង់អាយុជីវិត។ រដ្ឋាភិបាលសិង្ហបុរីក៏បានដាក់ចេញនូវយុទ្ធសាស្រ្តនៃការធ្វើបច្ចុប្បន្នភាពថ្នាំចាក់វ៉ាក់សាំងដូសជំរុញផងដែរ។

តើអ្វីទៅជាយុទ្ធសាស្ត្រនៃការធ្វើបច្ចុប្បន្នភាពថ្នាំចាក់វ៉ាក់សាំងកូវីដ១៩?
សូមជម្រាបថា ប្រទេសសិង្ហបុរីបានងាកមកប្រើប្រាស់យុទ្ធសាស្ត្រថ្មី សម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩ ឆ្ពោះទៅចុងឆ្នាំ២០២២ ដោយផ្តោតលើការធ្វើបច្ចុប្បន្នភាព និងដាក់ចេញនូវការណែនាំអំពីការចាក់វ៉ាក់សាំងចុងក្រោយបំផុត ជាជាងតាមដានចំនួនថ្នាំវ៉ាក់សាំងដែលបានចាក់។
តើនៅពេលណា ដែលអ្នកដល់ពេលត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញ?
ក្រៅពីការសម្រេចបាននូវការការពារអប្បរមា ក្រសួងសុខាភិបាលរបស់សិង្ហបុរី បានផ្តល់អនុសាសន៍ឱ្យចាក់ថ្នាំដូសជំរុញបន្ថែមនៅឆ្នាំ២០២៣ សម្រាប់គម្លាតមួយឆ្នាំពីការចាក់វ៉ាក់សាំងដូសចាស់ ជាពិសេសសម្រាប់ក្រុមមនុស្សអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ, អ្នករស់នៅមណ្ឌលថែទាំមនុស្សចាស់ជរា, ក្រុមមនុស្សចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ និងក្រុមជនងាយរងគ្រោះ ដែលមានហានិភ័យខ្ពស់ បន្ទាប់ពីឆ្លងជំងឺកូវីដ១៩។
ក្នុងនោះដែរ អ្នកដែលមានអាយុចាប់ពី ៦0 ឆ្នាំឡើងទៅ និងជនងាយរងគ្រោះ អាចចាប់ផ្តើមចាក់ដូសជំរុញ វ៉ាក់សាំង Moderna បាន បន្ទាប់ពី ៥ ខែនៃដូសជំរុញចាស់។ ក្រសួងសុខាភិបាលសិង្ហបុរីធ្លាប់បាននិយាយថា វ៉ាក់សាំង Pfizer-BioNTech និងវ៉ាក់សាំង Moderna ត្រូវបានណែនាំសម្រាប់ក្រុមមនុស្សខាងលើ។ រីឯ វ៉ាក់សាំង Novavax ឬ Sinovac-CoronaVac ជាជម្រើសជំនួស ប្រសិនបើមិនអាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់។


ចុះចំណែកកុមារវិញ តើពួកគេត្រូវការការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញណាមួយដែរឬទេ?
បើយោងតាមសារព័ត៌មានដដែលបានឱ្យដឹងថា បច្ចុប្បន្ន ពុំទាន់មានដូសជំរុញបន្ថែមណាមួយ សម្រាប់កុមារអាយុពី ៥ ទៅ ១១ ឆ្នាំនៅឡើយទេ។ ក៏ប៉ុន្តែ សម្រាប់កុមារអាយុពី ៦ ខែដល់ ៤ ឆ្នាំ គួរតែទទួលបានវ៉ាក់សាំង Moderna ចំនួន ២ ដូស ឬ វ៉ាក់សាំង Pfizer-BioNTech ចំនួន ៣ ដូស។
ដោយឡែក សម្រាប់កុមារដែលមានអាយុពី ៥ ឆ្នាំដល់ ១៧ ឆ្នាំ គួរតែចាក់វ៉ាក់សាំង Pfizer-BioNTech ឬ Novavax ចំនួន 3 ដូស ដើម្បីទទួលបានការការពារអប្បបរមា។
ហេតុអ្វីចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារ ដ្បិតប្រសិទ្ធភាពអាចការការពារបានតិចតួចបំផុត?
ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយកាលពីខែមេសា ឆ្នាំ២០២៣ ថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬត្រូវការការបន្ថែមអុកស៊ីហ្សែន ភាគច្រើនមិនបានចាក់ដូសជំរុញបន្ថែមនោះទេ។ ក្រសួងបានបន្តថា ការចាក់វ៉ាក់សាំងនៅតែជាខ្សែការពារដំបូងរបស់ប្រទេសសិង្ហបុរីដែលអាចប្រឆាំងទប់ទល់នឹងជំងឺកូវីដ១៩៕

ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣

Share

Image
Image
Image