en     km
en     km

ក្រុងបាត់ដំបងត្រូវបញ្ចូលជាសមាជិកបណ្ដាញទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ

Share

ភ្នំពេញ៖ ក្រសួងទេសចរណ៍នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ បានឱ្យដឹងថា ទីក្រុងបាត់ដំបងត្រូវបញ្ចូលជាសមាជិកបណ្ដាញទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ(UNESCO) ដែលក្រសួងទេចរណ៍និងក្រសួងវប្បធម៌ រួមទាំងអង្គការយូណេស្កូ (UNESCO)កំពុងរៀបចំនិតីវិធី។
ការត្រៀមបញ្ចូលនេះកើតឡើងក្នុងសិក្ខាសាលារយៈពេល ២ថ្ងៃ ស្តីពីការរៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ។

ក្រសួងទេសចរណ៍បន្តឱ្យដឹងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងខត្តបាត់ដំបង ដើម្បីស្វែងរកធាតុចូលបន្ថែមក្នុងការបំពេញសំណុំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំបង ជាសមាជិកបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ព្រមជាមួយការផ្សព្វផ្សាយបណ្តាញ UCCN។ បន្ទាប់ពីទីក្រុងបាត់ដំបង គឺមានទីក្រុងសក្តានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ពិសេសក្រុងសៀមរាប ក្រុងក្រចេះ និងក្រុងកំពត ដែលអាចជាបេក្ខភាពបន្ទាប់ពីក្រុងបាត់ដំបង។

យ៉ាងណាមិញបើតាមការគ្រោងទុក កម្ពុជាគ្រោងនឹងបញ្ជូនឯកសារសម្រាប់ដាក់បញ្ចូលក្រុងបាត់ដំបងជាសមាជិក UCCN ឲ្យបានមុនបំណាច់ខែមិថុនា ឆ្នាំ២០២៣ ដែលជាឱសានវាទក្នុងការបញ្ជូនឯកសារសម្រាប់ឆ្នាំ២០២៣នេះ។
បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ឬហៅជាអង់គ្លេសថា UNESCO Creative Cities Network (UCCN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ ឬក្នុងចំណោមទីក្រុងដែលបានកំណត់យកការច្នៃប្រឌិតជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន៕

Share

ព័ត៌មានទាក់ទង

Image