en     km
en     km

សហគមន៍ការពារព្រៃឈើលើកឡើងពីករណីជនល្មើសព្រៃឈើគំរាមសម្លាប់ប៉ុន្តែត្រូវបានបង្ក្រាប

Share

ប្រធានសហគមន៍ការពារព្រៃឈើខេត្តព្រះស្ទឹងត្រែង បានលើកឡើងពីបញ្ហានានាដែលក្រុមខ្លួនជួបប្រទះ ក្នុងនោះក៏មានករណីគំរាមសម្លាប់ផងដែរ។ ប៉ុន្តែករណីនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើ បានណែនាំ ឱ្យក្រុមសហគមន៍ការពារព្រៃឈើ គួរដាក់ពាក្យបណ្ដឹង ចៀសវាងគ្រោះថ្នាក់នៃការបំពេញបេសកកម្ម ហើយក្នុងករណីគ្រោះថ្នាក់អ្នកគំរាមនេះក៏ជាមុខសញ្ញានៃការទទួលខុសត្រូវផងដែរ។ លោក គីម ចាន់ចាវ រាយការណ៍

 

លោក គង់ វុទ្ធី ប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងបេសកកម្មកន្លងមក ក្រុមរបស់លោក បានជួបប្រទះនូវបញ្ហា ដូចជាកាប់បំផ្លាញព្រៃលើ និងការរុករានទន្ទ្រានដីព្រៃសហគមន៍ និងការគំរាមពីសំណាក់ជនល្មើសព្រៃឈើ។ បន្ថែមពីនេះបទល្មើសលើបញ្ហាព្រៃឈើនេះ ត្រូវបានលោក គង់ វុទ្ធី បែងចែកជាបទល្មើសស្លូត និងបទល្មើសកាច។ អ្នកការពារព្រៃឈើការលើកឡើងបែបនេះ ក្នុងកិច្ចពិភាក្សាស្ដីពី ការចូលរួមអនុវត្តច្បាប់ក្នុងការគ្រប់គ្រងសហគមន៍ ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជា ស្ដីពីមេរៀននិងបទពិសោធន៍១០ឆ្នាំកន្លងមក ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

 

ក្នុងកិច្ចពិភាក្សានេះ លោក គង់ វុទ្ធី បានលើកឡើងពីករណីមួយដែលត្រូវបានអ្នកកាប់ព្រៃឈើម្នាក់ គំរាមសម្លាប់ផងដែរ គឺជនល្មើសព្រៃឈើឈ្មោះ សេង ទៀ បានព្រមានបែបនេះក្រោយការកាប់បំផ្លាញព្រៃឈើ។

«គឺថាឈ្មោះសេង ទៀ បានចូលមករុករានកាប់ ចូលអាឈើក្នុងព្រៃសហគមន៍ហើយ ជាចុងក្រោយគេបានផ្ដាំមកថា បើសិន គង់ វុទ្ធី គណៈកម្មការសហគមន៍ព្រៃឈើចុះមកចាប់ សូមដាក់ក្ដាមឈូសមកផង។ បាទនេះហើយដែលធ្វើឱ្យកម្លាំងក្រុមល្បាតយើងមួយចំនួនហាក់ដូចជាមានការបាក់ទឹកចិត្ត ក៏ប៉ុន្តែដោយសារយើងគណៈកម្មការចេះតែព្យាយាមលើកទឹកចិត្តឱ្យពួកគាត់ចូលរួម ថែរក្សាការពារព្រៃឈើ»

 

 

ក្រោយការគំរាមនេះ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើខេត្តស្ទឹងត្រែងរបស់ លោក គង់ វុទ្ធី បានចាត់កម្លាំងមនុស្ស១៥នាក់ ដោយមានទាំងស្ត្រីផងនោះ មកដេកចាំការពារព្រៃលើរយៈពេល៣ថ្ងៃ។ នៅថ្ងៃទី៣ ក្រុមការពារព្រៃឈើបានឃើញក្រុមរបស់លោក សេង ទៀ ដែលមានគ្នា៣នាក់ ចូលមកកាប់ឈើខ្លឹម។ គឺពេលនោះហើយដែលក្រុមការពារព្រៃឈើបានហ៊ុំព័ទ្ធ ចាប់លោក សេង ទៀ និង បក្ខពួក២នាក់ទៀត ដែលធ្វើឱ្យលោក សេង ទៀ សុំទោស លោកគង់ វុទ្ធីករណីដែលគំរាមសម្លាប់កន្លងមក។

«ខ្ញុំក៏បាននិយាយបន្តថា ខ្ញុំហ្នឹងហើយឈ្មោះ គង់ វុទ្ធី ដែលជាគណៈកម្មការសហគមន៍ព្រៃឈើ ហើយដែលទៀ ផ្ដាំថាចេញមកល្បាតឱ្យយកក្ដាមឈូសមកផង។ ហើយពេលនោះខ្ញុំគិតថា ខ្ញុំនិយាយចឹងហើយគិតថាឈ្មោះទៀ ហាក់ដូចជាតក់ស្លុត ហើយចាប់ផ្ដើមលុតជង្គង់ សំពះសុំទោស»

 

ក្នុងករណីនេះ លោកបានធ្វើកំណត់ហេតុបទល្មើសជាក់ស្ដែងនៅនឹងកន្លែង ដោយឱ្យក្រុមកាប់បំផ្លាញព្រៃឈើទាំង៣នាក់ផ្ដិតមេដៃ និងបានដកយកឧបករណ៍មួយចំនួនដូចជារណារយន្តជាដើម ដើម្បីបញ្ជូនទៅកាន់មន្រ្តីជំនាញ ហើយលោកក៏បានរៀបរាប់ពីបញ្ហាដែលបានកើតឡើងចាប់តាំងពីការគំរាម រហូតដល់ការបង្ក្រាបបទល្មើសព្រៃឈើនេះផងដែរ ប៉ុន្តែលោកមិនបានដាក់ពាក្យបណ្ដឹងជុំវិញការគំរាមសម្លាប់នេះឡើយ។

 

ទោះករណីនេះបានបញ្ចប់ហើយជនល្មើសត្រូវបានបង្ក្រាប និងទទួលកំហុសក្ដី ប៉ុន្តែ លោក អ៊ិត ភូមិរ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ដែលចូលរួមកិច្ចពិភាក្សានេះ បានណែនាំឱ្យលោក គង់ វុទ្ធី គួរដាក់ពាក្យបណ្ដឹងដើម្បីជាភស្ដុតាងខ្លាចក្រែងមានករណីយាយីណាមួយនៅថ្ងៃក្រោយ។

«ខ្ញុំចង់ឱ្យបងធ្វើទុកហា៎ លិខិតហ្នឹងធ្វើទុកដើម្បីអី ការពារ! យើងសរសេរពាក្យហ្នឹងដាក់ជូនទៅខាងអយ្យការ ដើម្បីតម្កល់ទុក ឬក៏ប៉ុស្ដិ៍ប៉ូលីស ឬក៏ខាងអាវុធហត្ថ។ បើសិនជាយើងគ្រោះថ្នាក់ក្រុមល្បាតគ្រោះថ្នាក់គឺដាក់បន្ទុកទៅលើអ្នកហ្នឹង។ យើងចងជើងអ្នកហ្នឹងឱ្យជាប់…»

 

បើតាម លោក គង់ វុទ្ធី ដើម្បីឱ្យមានសុវត្ថិភាពក្នុងការគ្រប់គ្រងព្រៃសហគមន៍ ក្រុមការងាររបស់លោក បានរៀបចំយុទ្ធសាស្ត្រ និងផែនការចុះល្បាតបានទៀងទាត់ យ៉ាងហោចណាស់៣-៤ដង ក្នុងមួយខែ។ ការចុះល្បាតនេះ គឺត្រូវតាមដានពីស្ថានភាពពីការលូតលាស់ព្រៃឈើ តាមដាននៅព្រំប្រទល់ខ្លាចក្រែងមានអ្នកកាប់រុករានទន្រ្ទានយកដីព្រៃសហគមន៍ និងតាមដានបទល្មើសដែលកើតមានឡើង៕

Share

Image
Image
Image