en     km
en     km

រាជរដ្ឋាភិបាលនិងសមាគមមួយចាត់ទុកសកម្មភាពក្រុមសកម្មជនបរិស្ថានជាទង្វើខុសច្បាប់

Share

ភ្នំពេញ៖ តាមរយៈសេចក្ដីប្រកាសព័ត៌មាន និងសេចក្ដីថ្លែងការណ៍នានារបស់រដ្ឋាភិបាលនិងសមាគមមួយចំនួន បានចាត់ទុកទង្វើរបស់ក្រុមសកម្មជនបរិស្ថានដែលទាមទារដកហូតដីឧទ្យានជាតិពីក្រុមហ៊ុនឯកជន គឺជារឿងខុសច្បាប់ ជាពិសេសមានការញុះញង់របស់បរទេស។ តែយ៉ាងណាសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានចេញមុខអះអាងថា ក្រុមខ្លួនធ្វើតាមភស្ដុតាង និងតាមច្បាប់ដោយបង្ហាញពីបញ្ហាបំផ្លាញបំផ្លាញបរិស្ថានតែប៉ុណ្ណោះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

រាជរដ្ឋាភិបាល អង្គការ និងសមាគមបរិស្ថាន បានចេញសេចក្ដីប្រកាសព័ត៌មាន និងសេចក្ដីថ្លែងការណ៍ ជាហូរហែរ ដោយចាត់ទុកសកម្មភាពរបស់ក្រុមសកម្មជនបរិស្ថានថាជាទង្វើខុសច្បាប់ ក្រោយពេលក្រុមសកម្មជនទាំងនោះបានហែញត្តិទៅកាន់ក្រសួងបរិស្ថាន ដើម្បីស្នើឱ្យរាជរដ្ឋាភិបាលបញ្ឍប់ការកាត់ដីឧទ្យានជាតិ ទៅឱ្យវិស័យឯកជនកាន់កាប់។

កាលពីថ្ងៃទី២៤ ខែឧសភា ក្រសួងបរិស្ថានបានចេញមុខថា រាល់សកម្មភាពដែលបណ្ដាញអង្គការចាត់តាំងខុសច្បាប់ ដោយប្រើឈ្មោះ “មាតាធម្មជាតិ” ដឹកនាំដោយជនជាតិអេស្បាញ់ឈ្មោះថា អេឡិច។ ក្រសួងកត់សម្គាល់ថា ក្រុមនេះបានប្រព្រឹត្តិ ប្រាកចាកនៃឧត្តមប្រយោជន៍នៃសង្គមកម្ពុជា និងផ្ទុយពីបទបញ្ញត្តិនៃក្រមរដ្ឋប្បវេណី ក្របព្រហ្មទណ្ឌ និងច្បាប់ស្ដីពីសមាគមន៍និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រសួងបញ្ជាក់ថា អ្នកចូលរួមជាមួយក្រុមនេះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ដោយឡែកនៅថ្ងៃទី២៤ ខែឧសភា ដដែល អង្គការមាតាធម្មជាតិ  បានហៅសកម្មភាពក្រុមសកម្មជនបរិស្ថាន យុវជន និងអង្គការសង្គមស៊ីវិលមួយចំនួនដែលរារាំងដល់គម្រោងអភិវឌ្ឍន៍នានាក្នុងពេលកន្លងមក គឺមានចេតនាធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។ អង្គការមាតាធម្មជាតិ បានរំលេចថា ក្រុមសកម្មជនទាំងនេះបានធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ជាជាងការចូល រួមអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិពិតប្រាកដ។

ជាមួយគ្នាដែរ សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៤ ខែឧសភា ដោយដាក់ការបារម្ភចំពោះសកម្មភាពចលនាលោក អេឡិច ដែលតែងតែបន្តយកកម្ពុជាជាល្បែងនយោបាយរបស់ខ្លួន និងបានបណ្តុះបណ្តាលយុវជនមួយចំនួនលែងគិតពីប្រយោជន៍ជាតិ មកគិតតែពីប្រឆាំង និងការធ្វើសកម្មភាពរារាំងការអភិវឌ្ឍន៍ជាតិ។

ទាក់ទងការរឿងនេះលោក នេត្រ ភក្ដ្រា មន្ដ្រីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងក្នុងកម្មវិធីរបស់វិទ្យុស្ដ្រីនៅថ្ងៃទី២៤ ខែឧសភា ថា សកម្មភាពរបស់ក្រុមយុវជនដែលធ្វើសកម្មភាពក្រោមឆ័ត្របណ្ដាញចាត់តាំងរបស់ជនបរទេស គឺ ជារឿងដែលធ្វើឱ្យល្អមើល និងស៊ីឈ្នូលគេប៉ុណ្ណោះ។ លោកបានឱ្យប្រជាពលរដ្ឋស្វែងយល់បន្ថែម និងកុំធ្វើសកម្មភាពទាំងងងឹតងងុលដោយជឿតាមការញុះញង់របស់ជនបរទេស។

ក្នុងរឿងនេះដែរកញ្ញា មាន លីសា សមាជិកនៃក្រុមចលនាមាតាធម្មជាតិ បានលើកឡើងថា ក្រុមសកម្មជនបរិស្ថានដែលធ្វើសកម្មភាពដើម្បីសង្គមបែរជារងការចោទប្រកាន់ថាធ្វើតាមការញុះញង់ជនបរទេសទៅវិញ។ នេះបើផ្អែកតាមក្រុមតេឡេក្រាមរបស់លោក សាន់ ម៉ាឡា សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន។

ចំណែកលោក ផៃ ផាន់យ៉ា សមាជិកម្នាក់ទៀតនៃក្រុមចលនាមាតាធម្មជាតិ ធ្លាប់ប្រាប់វិទ្យុស្ដ្រីថា លោកមិនដែលទទួលបានឆ្លើយតបជាវិជ្ជមាននោះទេសម្រាប់ការដាក់ញត្តិនានាទាក់ទងបរិស្ថាន តែបែរទទួលការលាបព័ណទៅវិញថាលក់ក្បាលដល់ជនបរទេស។

លោក សាន់ ម៉ាឡា សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានបានលើឡើងក្នុងក្រុមតេឡេក្រាមលោកដែរថា ក្រុមសកម្មជនធ្វើសកម្មភាពគឺផ្អែកតាមភស្ដុតាង និងមាត្រាបង្ហាញអំពីបញ្ហាបរិស្ថាននានា ហើយលោកថា ការចោទប្រកាន់របស់ក្រសួងបរិស្ថាន គឺជារឿងមិនត្រឹមត្រូវ៕

Share

Image
Image
Image