ក្នុងពិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានលើកទី ៣០ ឆ្នាំ២០២៣ ដែលបានចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី០២ ខែឧសភា ស្តីពីស្ថានភាពភាពជាក់ស្ដែងនៃសេរីភាពសារព័ត៌មាននៅកម្ពុជា គឺនៅតែជាប្រធានបទដ៏ចម្រូងចម្រាសដ៏ដែរ។ ចម្រូងចម្រាសដោយហេតុថា វាគ្មិនសំខាន់ៗ បានលើកឡើងផ្ទុយពីគ្នា ក្នុងនោះខាងរដា្ឋភិបាលអះអាងថា មានភាពល្អប្រសើរ ប៉ុន្តែខាងសង្គមស៊ីវិលនៅតែមានក្ដីបារម្ភចំពោះសេរីភាពសារព័ត៌មាន ខណៈរដ្ឋាភិបាលប្តេជ្ញាគាំពារ។
លោក គីម ចាន់ចាវ រាយការណ៍
ក្នុងពិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានលើកទី៣០ ឆ្នាំ ២០២៣ នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចារ) លោក ណុប វី ដែលចាត់ទុកមាតិកាព័ត៌មាននៅលើបណ្ដាញសង្គម គឺជារឿងដែលត្រូវគិតគូរយកចិត្តទុកដាក់ បានបង្ហាញក្ដីព្រួយបារម្ភពីការរឹតត្បិត លើលម្ហនៃសេរីភាពលើអ្នកសារព័ត៌មានអាជីព និងសារព័ត៌មានពលរដ្ឋ រួមការបារម្ភលើការបាត់បង់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពី របបសារព័ត៌មាន។ ក្នុងសារលិខិតអបអរ“ទិវាសេរីភាពសារព័ត៌មានសកលលោក” លើកទី៣០ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន ក៏បានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះសា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំរួមចំណែកក្នុងការបំពេញការងារជូនប្រទេសជាតិនាពេលកន្លងមក។
សម្តេច ហ៊ុន សែន បញ្ជាក់ថា ទន្ទឹមនឹងការរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែប និងបរិមាណអង្គភាពសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានដ៏ច្រើនលើសលប់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ត្រូវគិតគូរអំពីគុណភាព និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានផងដែរ។ គិតគូរពីបញ្ហានេះ ព្រោះប្រព័ន្ធផ្សព្វផ្សាយជាអាវុធមុខពីរដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនតាមរយៈការចូលរួមរបស់អ្នកសារព័ត៌មានក្នុងការអភិវឌ្ឍប្រទេសជាតិ ការថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។
ចំណែកអ្នកស្រី ឆន សុគន្ធា នាយិកាស្តីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក៏បានពន្យល់ពីនិយមន័យ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងបានលើកឡើងពីក្ដីកង្វល់របស់ពលរដ្ឋដែលតវ៉ាលើបញ្ហាមួយចំនួនដូចជា ការរងគ្រោះលើបញ្ហាដីធ្លីជាដើម ដែលមិនមានសារព័ត៌មានណាចុះផ្សាយឡើយ ក្រោយការបិទស្ថាប័នព័ត៌មានឯករាជ្យ។
ទោះយ៉ាងណាអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បានអះអាងក្នុងវេទិកានេះថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែរក្សាបាននូវភាពល្អប្រសើរ ក្នុងការបំពេញការយកព័ត៌មានរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ លោកបានលើកឡើងថា សិទ្ធិសេរីភាពនេះ បានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងច្បាប់ស្ដីពីរបបសារព័ត៌មាន។
ក្នុងវេទិកានេះដែរ នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ដែលចង់ឃើញរដ្ឋាភិបាលបើកចិត្តឱ្យទូលាយ ក្នុងការបើកស្ថាប័នវីអូឌីឡើងវិញ បានរំលឹកនូវប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលថាវីអូឌី ក៏បានផ្តល់ឱកាសឱ្យគណបក្សកាន់អំណាចនិងគណបក្សក្រៅរដ្ឋាភិបាលបានផ្សព្វផ្សាយគោលនយោបាយរបស់បក្សផងដែរ។ ម្លោះហើយអ្នកស្រីអំពាវនាវជាថ្មីឱ្យ រដ្ឋាភិបាល គួរបើកចិត្តឱ្យទូលាយ ក្នុងការផ្តល់ឱកាសឱ្យស្ថាប័នវីអូឌីអាចដំណើរការឡើងវិញ ដើម្បីធានានូវសេរីភាពសារព័ត៌មាននៅកម្ពុជា។
យ៉ាងណាការអំពាវនាវនេះត្រូវបានលោក មាស សុភ័ណ្ឌ ឆ្លើយតបថា ករណី វីអូឌី គឺដោយសារតែបានធ្វើអំពើខុសច្បាប់ ហើយការបិទវីអូឌីនេះក៏មិនបានធ្វើឱ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មានដែរ។
ទាក់ទងសេរីភាពសារព័ត៌មាននេះដែរ ក្រុមសង្គមស៊ីវិលចំនួន ១៣ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើរដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ចំនួន ៦ ចំណុច ដូចជាការធានានូវបរិយាកាសប្រកបដោយសេរីភាព សន្តិភាព និងសុវត្ថិភាពពេញលេញសម្រាប់អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ក្នុងបំពេញការងារវិជ្ជាជីវៈ ដោយមិនមានការរឹតត្បិត និងភ័យខ្លាច ជាពិសេសនៅក្នុងអំឡុងពេល និងក្រោយពេលបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខ៕