en     km
en     km

តុលាការសម្រេចឃុំខ្លួនអភិបាលរងក្រុងបូកគោករណីប្រើអំពើហិង្សាលើភរិយា

Share

ភ្នំពេញ៖ ករណីអភិបាលរងក្រុងបូកគោម្នាក់វាយប្រពន្ធរហូតពោរមុខមាត់និងខៀវភ្នែកផងនោះ ត្រូវបានតុលាការខេត្តកំពតនៅថ្ងៃនេះសម្រេចឃុំខ្លួនក្នុងពន្ធនាគារ។ លោក គីម ចាន់ចាវ រាយការណ៍

លោក ឈុន ច័ន្ទសីហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើប្រពន្ធរបស់ខ្លួន។

ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនរបស់តុលាការសាលាដំបូងខេត្តកំពតបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ គឹម បញ្ញា ត្រូវបានចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌតាមមាត្រា ២២២នៃក្រមព្រហ្មទណ្ឌពីបទ «ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាក់ជន (ប្ដីវាយប្រពន្ធ)» ប្រព្រឹត្តនៅចំណុចភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូង ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

មាត្រា២២២នៃក្រមព្រហ្មទណ្ឌនេះចែងថា អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ (ប្តី ឬ ប្រពន្ធ) ឬ អនីតិសង្វាសជន (ប្តីប្រពន្ធដែលគ្មានអេតាស៊ីវិល) ដែលកើតឡើងដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ(ដាក់គុក)ពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀលទៅ ១០លានរៀល កាលបើអំពើហិង្សានេះ ប្រព្រឹត្តដោយ សហព័ទ្ធ ឬអនីតិសង្វាសជនរបស់ជនរងគ្រោះ។

សូមរំលឹកថា អភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពត កោះហៅឱ្យចូលខ្លួនបំភ្លឺកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោយការបង្ហោះសាររបស់ប្រពន្ធអំពីរឿងរ៉ាវប្តីបានប្រើហិង្សាដោយវាយដំនៅរាងកាយខ្លួន។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah Leak ដែលអះអាងថា ជាភរិយារបស់លោកបានបង្ហោះវីដេអូពេលមានបញ្ហាក្នុងគ្រួសារ ជាមួយរូបភាពដែលខ្លួនបានរងរបួស រួមនិងសំណេររៀបរាប់ពីការឈឺចាប់ ដោយសូមឱ្យមហាជនជួយរកយុត្តិធម៌ពីការប្រើអំពើហិង្សាពីសំណាក់ស្វាមី។

បន្ទាប់ពីបញ្ចប់ការសួរនាំ និងបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងកំពត កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនលោក គឹម បញ្ញា ទៅកាន់សាលាដំបូងខេត្ដកំពត កាលពីថ្ងៃទី២៧ ខែមេសា ដើម្បីចាត់ការតាមនីតិវិធី ទើបឈានដល់ការសម្រេចឃុំខ្លួនជាផ្លូវការនៅពេលនេះ។

ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជាស្ថាប័នចម្បងក្នុងការអន្តរាគមន៍លើរឿងនេះ បានបញ្ជាក់ក្រោយការសម្រេចឃុំខ្លួន លោក គឺម បញ្ញា ថា សង្ឃឹមថាករណីនេះជាមេរៀននិងបទពិសោធន៍ជីវិតសម្រាប់មហាជនទូទៅ ថាអំពើហិង្សាមិនមែនជាដំណោះស្រាយក្នុងជីវិតគូនោះទេ ពោលការប្រើអំពើហិង្សាគឺខុសច្បាប់ មិនចាំបាច់ថាជាប្តីឬប្រពន្ធនោះទេ។

ស្នងការដ្ឋាននគរបាលខេត្តកំពត បានសារដាស់តឿនដល់យុវជន សូមកុំប្រើប្រាស់អំពើហិង្សាទោះក្នុងបញ្ហាអ្វីក៏ដោយ ខឹងខុស ខឹងខាត។

កាលពីខែមីនាថ្មីៗនេះ អង្គការ លីកាដូ បានចេញផ្សាយនូវរបាយការណ៍មួយស្តីអំពី ភាពបរាជ័យរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ឃាតកម្មលើស្ត្រីពីសំណាក់ដៃគូស្និទ្ធស្នាល។ របាយការណ៍របស់អង្គការលីកាដូ បានរកឃើញថា មានអំពើឃាតកម្មកើតឡើងលើស្រ្តីចំនួន២៦នាក់ ពីសំណាក់ដៃគូស្និទ្ធស្នាល ក្នុងចន្លោះឆ្នាំ២០២០ដល់២០២២។

ចំនួនជាងពាក់កណ្តាលនៃស្ត្រីដែលត្រូវបានសម្លាប់ ភាគច្រើនបានជួបប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារ មុនពេលពួកគេត្រូវបានសម្លាប់ ។ ពួកគេជាច្រើនបានប្រឈមនឹងឧបសគ្គសង្គម វប្បធម៌ និងសេដ្ឋកិច្ច ក្នុងការរាយការណ៍ពីអំពើហិង្សា ។ ទោះបីជាពួកគេបានរាយការណ៍ពីអំពើហិង្សាគ្រួសារ ប៉ុន្តែការអន្តរាគមន៍របស់អាជ្ញាធរ គឺតែងតែមានភាពយឺតយ៉ាវនិងគ្មានប្រសិទ្ធភាព។

តែយ៉ាងណាមន្រ្តីក្រសួងមហាផ្ទៃធ្លាប់តបជាមួយរបាយការណ៍ខាងលើថា មិនបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងបែងរបស់សមត្ថកិច្ចដែលកំពុងតាមស្វែងរកជនល្មើសមកផ្តន្ទាទោស។លោកថា លទ្ធផលនៃស៊ើបអង្កេតប្រចាំឆ្នាំ មានជាង៩០%នៃបទល្មើសដែលសមត្ថកិច្ចបានរកវែកមុខចាប់ជនដៃដល់មកផ្តន្ទាទោស៕

Share

Image
Image
Image