សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពី ការប្រើអំពើហិង្សាលើសកម្មជនគណបក្សនយោបាយ ជាពិសេសលើសកម្មជនបក្សប្រឆាំងមកពីបក្សភ្លើងទៀន ដែលមានមនុស្សចំនួន១០នាក់ ត្រូវបានវាយប្រហារដោយក្រុមមនុស្សមិនស្គាល់មុខ និងមានម្នាក់ស្លាប់នៅឆ្នាំ២០២២។
សេចក្ដីថ្លែងការណ៍ចេញថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានសង្កត់ធ្ងន់ថា ទម្រង់រូបភាពនៃអំពើរហិង្សាមានការជិះម៉ូតូតាមវាយពីក្រោយ ការស្ទាក់វាយនិងដំបង ការកាប់នឹងកំបិត ការគប់ និងវាយនិងដុំថ្ម ការវាយទាត់ធាក់ ការធាក់ផ្ដួលម៉ូតូ និងការបើករថយន្ដបុកជាដើម។
យ៉ាងណាអាដហុកបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ មានសកម្មជនបក្សនយោបាយចំនួន៤០នាក់ហើយ ដែលប្រឈមនឹងបញ្ហាទាំងនេះ ដោយជនមិនស្គាល់មុខ។
បន្ទាប់ពីជួបបញ្ហាអំពោះហិង្សាទាំងនេះ សមាគមសិទ្ធិមនុស្សនេះបានលើកឡើងថា សមត្ថកិច្ច និងអាជ្ញាធរមិនមានវិធានការចាប់ជនដៃដល់ ឬអ្នកប្រព្រឹត្តិបទល្មើសមកផ្តន្ទាទោសនោះទេ។ ផ្អែកតាមសមាគមចាត់ទុកថា ជាការក្ដីព្រួយបារម្ភ និងអាចបង្កជានិទណ្ឌភាព ដែលប៉ះពាល់ដល់ការបំពានលើរូបរាងកាយ និងសិទ្ធិមានសន្ដិសុខផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។ ក្រៅពីនេះ សមាគមអាហុកថាបញ្ហានេះអាចប៉ះពាល់ដល់ការធ្វើសកម្មភាពនយោបាយស្របតាមច្បាប់ជាតិ និងអន្ដរជាតិ ដែលជះឥទ្ធិពលបរិយាកាសមិនល្អមុនការបោះឆ្នោតមក។
លោក ខៀវ សុភក្ដិ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចាត់ទុកថា រឿងនេះជាករណីដដែលៗមុនការបោះឆ្នោតមកដល់។ តែលោកស្នើឱ្យជនរងគ្រោះដែលជួបបញ្ហា ត្រូវទាក់ទងទៅសមត្ថកិច្ច ដើម្បីឱ្យសមត្ថកិច្ចឈានទៅរកមុខជនប្រព្រឹត្តមកដាក់ទោស។ នេះបើតាមការថ្លែងរបស់លោកប្រាប់សារព័ត៌មានក្នុងស្រុក៕