en     km
en     km

នគរបាល​ជាតិ​រំពឹង​ថា​កាមេរ៉ា​សុវត្ថិភាព​តាម​ស្តុ​ប​នឹង​អាច​កាត់​បន្ថយ​បទល្មើស​ចរាចរណ៍​

Share

cover-Hand-over-Ceremony

ភ្នំពេញ៖  ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ នូវ​កាមេរ៉ា​សុវត្ថិភាព​ប្រមាណ​ជាង​ ២០០​គ្រឿង​ ដែល​បំពាក់​តាម​ភ្លើងស្តុប​លើ​ដង​វិ​ថី​ និង​ទីកន្លែង​សំខាន់ៗ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​តាមដាន​បទល្មើស​នានា​។​ ការ​បំពាក់​កាមេរ៉ា​សុ​វត្តិភាព​នេះ​ អគ្គស្នងការ​នគរបាល​ជាតិ​រំពឹង​ថា​នឹង​អាច​កាត់​បន្ថយ​ បទល្មើស​ផ្សេងៗ​ ជា​ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​។​

លោក​ មិន​ វ​ណ្ណា​ ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង​ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ថា​ ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ទាំងនោះ​ មាននៅ​ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអស់​ ដូច​ជា​នៅ​តាម​ស្តុ​ប​ តាម​ផ្លូវ​សាធារណៈ​ នៅ​តាម​សួនច្បារ​ និង​នៅ​ទីកន្លែង​កម្សាន្ត​នានា​។​

លោក មិន វណ្ណា
លោក មិន វណ្ណា

លោក​បន្ថែម​ថា​ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ទីកន្លែង​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ ដែល​មាន​លក្ខណៈ​ទំនើប​បែប​នេះ​។​ លោក​សង្ឃឹមថា​ កាមេរ៉ា​ប្រភេទ​នេះ​ នឹង​អាច​កាត់​បន្ថយ​បាន​យ៉ាងច្រើន​នូវ​បទល្មើស​ផ្សេងៗ​។​

​លោក​ពន្យល់​បន្ត​ថា​៖​ «​យើង​ផ្តោត​ទៅ​លើ​បទល្មើស​ចរាចរណ៍​ ដោយសារ​ចរាចរណ៍​សព្វ​ថ្ងៃនេះ​យើង​ដឹង​ហើយ​ថា​ ជា​ប្រធានបទ​មួយ​ដ៏​ក្តៅ​គគុក​ ក៏​ដូច​ជា​ថ្នាក់​ដឹង​នាំ​យើង​តែងតែ​ព្រួយបារម្ភ​ ជា​ពិសេស​គឺ​សម្តេច​បាន​មាន​ប្រសាសន៍​ហើយ​ថា​ ចរាចរណ៍​បាន​ធ្វើ​ឱ្យ​យើង​បាត់បង់​ជីវិត​ច្រើន​ជាង​កាល​ដែរ​យើង​ធ្វើសង្គ្រាម​ទៅ​ទៀត​»​។​

លោក​ មិន​ វ​ណ្ណា​ បាន​ប្រាប់​ទៀត​ថា​ កាមេរ៉ា​នេះ​ វា​នឹង​បញ្ជូន​ទិន្នន័យ​មក​ភ្លាមៗ​ នៅ​ពេល​មាន​បទល្មើស​ចរាចរណ៍​ ឬ​បទល្មើស​ផ្សេងៗ​ទៀត​។​ លោក​ថា​ អគ្គស្នងការ​នគរបាល​ជាតិ​មាន​មន្ត្រី​ប្រចាំការ​តាមដាន​សកម្មភាព​ក្នុង​កាមេរ៉ា​នេះ​ ២៤​ម៉ោង​។​

លោក​ មិន​ វ​ណ្ណា​ បាន​បញ្ជាក់​ទៀត​ថា​ ដើម្បី​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ ក្រសួង​នឹង​ធ្វើការ​រឹត​បន្តឹង​ច្បាប់​ ហើយ​លោក​ក៏​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ចូលរួម​គោរព​ច្បាប់​ផង​ដែរ​។​

សូម​ជម្រាប​ថា​ កាមេរ៉ា​សុវត្ថិភាព​ប្រមាណ​ជាង​ ២០០​គ្រឿង​ ដែល​បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​នេះ​ គឺជា​ជំនួយ​ឥត​សំណង​របស់​ក្រសួង​សន្តិសុខ​នៃ​ប្រទេស​ចិន​។

​លោក​ ហ៊ូ​ ប៊ិ​ន​ជេន​ អនុប្រធាន​នាយកដ្ឋាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន​ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ ដាក់​ឱ្យ​ជា​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កាមេរ៉ា​សុ​វត្តិភាព​នេះ​ថា​ ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា​ និង​ក្រសួង​សន្តិសុខ​ចិន​ គឺជា​ដៃគូ​ដ៏​ជិត​ស្និទ្ធ​នឹង​គ្នា​។​

លោក​ថា​ បន្ទាប់​ពី​ផ្តល់​ជំនួយ​ កាមេរ៉ា​សុ​វត្តិភាព​ និង​វិទ្យុទាក់ទង​  ចិន​ក៏​មាន​គម្រោង​ផ្តល់​ជំនួយ​បន្ត​ទៀត​ នៅ​ឆ្នាំ​២០១៦​ នេះ​ ដូច​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ កាំភ្លើង​បាញ់​ទឹក​ និង​កាមេរ៉ា​ XD​ ជាដើម​។​

2.-Hand-over-Ceremony

​លោក​បន្ថែម​ថា​៖​ «​ខ្ញុំ​ជឿជាក់​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​សន្តិសុខ​សាធារណៈ​ និង​ក្រសួងមហាផ្ទៃ​ប្រទេស​ទាំង​ពីរ​ដើរតួ​នាទី​សំខាន់​ណាស់​ ហើយ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​វិស័យ​ការពារ​សន្តិសុខ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​»​។​

​បើ​តាម​ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង​ លោក​ មិន​ វ​ណ្ណា​ បានឱ្យ​ដឹង​ថា​ អគ្គស្នងការ​នគរបាល​ជាតិ​ ក៏​នឹង​មាន​ ដាក់​បំពាក់​កាមេរ៉ា​នេះ​ពេញទី​ក្រុងភ្នំពេញ​ ជា​ពិសេស​នៅ​តាម​តំបន់​ទេសចរណ៍​ និង​នៅ​តាម​ផ្ទះ​របស់​វិនិយោគិន​ ដើម្បី​ការពារ​ពួក​គេ។

លើស​ពី​នេះ​ទៅ​ទៀត​ លោក​បានឱ្យ​ដឹង​ទៀត​ អគ្គស្នងការ​នគរបាល​ជាតិ​ ក៏​មាន​គម្រោង​បំពាក់​ឧ​គ្ឃោ​សន​សព្ទ​នៅ​តាម​ស្តុ​ប​ផង​ដែរ​  សម្រាប់​ក្រើនរំឭក​ដល់​អ្នកដំណើរ​ នៅ​ពេល​ដែរ​គាត់​បាន​ល្មើស​នឹង​គំនូស​ចរាចរណ៍​៕

Share

ព័ត៌មានទាក់ទង

Image