សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះថា រដ្ឋាភិបាលនឹងដាក់ឱ្យប្រើប្រាស់អនុក្រឹត្យការពារតំបន់សត្វផ្សោតឆ្នាំ២០១២វិញ ក្រោយចេញអនុក្រឹត្យថ្មី ស្តីពីការការពារថនិកសត្វជិតផុតពូជមួយនេះមិនមានប្រសិទ្ធភាព ពោលផ្សោតនៅតែបន្តស្លាប់ដោយសារការនេសាទរបស់ប្រជាជនក្នុងតំបន់ការពារដដែល។
ការប្រកាសបែបនេះ ដោយសារកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ មានសត្វផ្សោតមួយក្បាល ទើបកើតបាន៤ថ្ងៃស្លាប់ដោយសារជាប់មងនេសាទ។
សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា អនុវត្តអនុក្រឹត្យកាលពីឆ្នាំ២០១២ មិនអនុញ្ញាតឱ្យមានការប្រើប្រាស់មងក្រឡាធំ និងឧបករណ៍ឆក់ តែមងក្រឡាតូច ប្រជានេសាទអាចប្រើប្រាស់បាន ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ។
ក្រសួងកសិកម្ម អះអាងថា ការអនុវត្តអនុក្រឹត្យថ្មីសាកល្បងមួយរយៈ បានទទួលផលមួយចំនួន ដូចជាទប់ស្កាត់ការដាក់មងក្រឡាធំ និងការបង្ក្រាបឧបករណ៍ឆក់ជាដើម។ ក្រសួងកសិកម្មថា ការហាមឃាត់ប្រជានេសាទក្នុងតំបន់មិនឱ្យនេសាទ គឺជារឿងមិនចាំបាច់ ទើបនាយករដ្ឋមន្រ្តីសម្រេចអនុវត្តអនុក្រឹត្យចាស់វិញ។
គួរជម្រាបដែរថា ផ្សោតទឹកសាបជាថនិកសត្វមួយប្រភេទ ដែលមានដោយកម្រនៅលើពិភពលោក។ ផ្សោតទឹកសាប ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ជាប្រភេទសត្វកំពុងរងការគំរាមកំហែង។ ថ្មីៗនេះក៏មានសត្វផ្សោតកើតថ្មីចំនួន២ក្បាលផងដែរ គិតត្រឹមថ្ងៃទី២៥ ខែមេសា ទាំងនៅខេត្តក្រចេះ និងស្ទឹងត្រែង៕