សម្តេច ហ៊ុន សែន លើកឡើងថា មានជនខ្លះព្យាយាមដុតឱ្យខ្លោច រោចឱ្យឆៅ រឿងយកភាស៊ីអនាម័យនៅខេត្តកែប ដោយទាមទារឱ្យដកអភិបាលខេត្ត។ លោកអភិបាលខេត្តកែប ដែលកន្លងមកបានអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគឯកជន យកថ្លៃភាស៊ីអនាម័យពីភ្ញៀវទេសចរចូលមកកម្សាន្តនៅឆ្នេរសមុទ្រខេត្តកែប។ លោក គីម ចាន់ចាវ រាយការណ៍
ទោះបីជាបានចាត់ទុកថាការសម្រេចរបស់លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបជាទង្វើរឆោទល្ងង់ក្ដី ប៉ុន្តែសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានឆ្លើយតបទៅអ្នករិះគន់ជាមន្រ្តីរបស់ខ្លួនដែលទាមទារឱ្យដកអភិបាលខេត្តរូបនេះពីតំណែងថា កុំដុតឱ្យខ្លោច កុំរោចឱ្យឆៅ។ សម្តេចហ៊ុន សែន ថ្លែងបែបនេះ ក្នុងក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។
«ទាមទារឱ្យដកចៅហ្វាយខេត្តកែបចេញ! ខ្ញុំបកទៅវិញ កុំដុតឱ្យខ្លោច កុំរោចឱ្យឆៅ។ វាល្ងង់ វាល្ងង់ហើយ ព្រោះ ដែលអាណាចូលដល់ដីខេត្តកែបព្រឹបយកភាស៊ី។ វាល្ងង់ហួស! ស្ដីឱ្យដូចកូនចឹង ព្រោះអាហ្នឹងដូចកូនចឹង ព្រោះសោម ចិន ប្រហែលសោម ជិនចូលក្រុងគ្រុប១២៥ហើយមើលទៅ ជាទាហ៊ាននៅជាមួយខ្ញុំតាំងពី១៩៧៨នោះ ឥលូវបានកូនធ្វើចៅហ្វាយខេត្តកែប»។
សម្តេច ហ៊ុន សែន នៅថ្ងៃទី១៥មេសា ចំថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានចេញមកអន្តរាគមន៍ភ្លាមៗ និងស្ដីបន្ទោសខ្លាំងៗក្រោយខេត្តកែបយកថ្លៃភាស៊ីសម្រាប់អ្នកដំណើរឆ្លងកាត់ខេត្តជាប់មាត់សមុទ្រមួយនេះ។ អន្តរាគមន៍របស់សម្តេច ហ៊ុន សែន ធ្វើឡើងភ្លាមៗ ក្រោយពលរដ្ឋបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកករៀបរាប់ការទារថ្លៃភាស៊ីឆ្លងកាត់ខេត្តកែប។ ពលរដ្ឋម្នាក់បានសសេរថា ខេត្តនេះប្លែកខុសគេ គ្រាន់តែចូលដល់ត្រូវចំណាយលុយ ជិះកាត់មិនឈប់ក៏ត្រូវបងលុយដែរ ។ បើតាមពលរដ្ឋដដែលអ្នកទារថ្លៃសេវាប្រាប់ថា ចំណាយលើថ្លៃអនាម័យ។ ប្រភពដដែលនេះ បានអំពាវនាវបែបរិះគន់ថា លោកអ្នកគ្រប់គ្រងខេត្ត ជួយមើលផង តិចទៀតអស់ភ្ញៀវមកលេងខេត្តលោកទៀត តើលោកបានអ្វីអួតគេ? មានរបស់ល្អហើយ មិនផ្សព្វផ្សាយបែរជាមកយកលុយទាំងអស់បែបនេះ។
នេះជាហេតុផលដែលសម្តេច ហ៊ុន សែន បន្ទោសថា ជារឿងឆោតល្ងង់បំផុត ហើយបញ្ជាឱ្យលុបចោលទាំងស្រុងរាល់កិច្ចសន្យាដែលយកប្រាក់ពីប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ អន្តរជាតិសម្រាប់ការចូលទៅកាន់ខេត្តកែប ដែលបទបញ្ជានេះត្រូវបានលោកអភិបាលខេត្ត សោម ពិសិដ្ឋប្រកាសអនុវត្តតាមភ្លាមៗ ហើយពលរដ្ឋ និងភ្ញៀវទេសចរអាចធ្វើដំណើរចូលកម្សាន្តក្នុងខេត្តកែបដោយសេរី មិនមានការបង់ភាស៊ីឡើយចាប់តាំងពីថ្ងៃបុណ្យចូលឆ្នាំថ្មីមក៕