en     km
en     km

គិតត្រឹមថ្ងៃទី២៥ មេសា មានគណបក្សចំនួន៦ បានចុះក្នុងបញ្ជីឈរឈ្មោះបោះឆ្នោត និងដាក់បញ្ជីបេក្ខជននៅគ.ជ.ប

Share

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ជាថ្ងៃទី២ហើយ នៃដំណើរការទទួលពាក្យសម្រាប់គណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត និងដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ គ.ជ.ប បានឱ្យដឹងថា ត្រឹមថ្ងៃនេះមានគណបក្សចំនួន៦ ហើយដែលបានដាក់ពាក្យ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

 

គណបក្សនយោបាយចំនួន៦ហើយ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២ នៃការទទួលពាក្យរបស់គណកម្មាការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២នេះមានគណបក្សចំនួន២ រួមមានគណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សសញ្ជាតិកម្ពុជា ខណៈថ្ងៃទី២៤ ខែមេសា មានគណបក្សចំនួន៣ បានចុះបញ្ជីរួចរាល់ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សធម្មាធិបតេយ្យ។ នេះបើតាមការឱ្យដឹងពីគ.ជ.ប។

គេមិនទាន់ឃើញគណបក្ស បក្សភ្លើងទៀន បានចុះបញ្ជីឈរឈ្មោះនិងដាក់បញ្ជីបេក្ខជននៅឡើយទេ សម្រាប់ពេល២ថ្ងៃនេះ។

តាមប្រភពពីឝ.ជ.ប ថា គណបក្សនយោបាយមានពេល២សប្ដាហ៍ សម្រាប់ចុះឈ្មោះគណបក្សក្នុងបញ្ជីបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ពោលចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

គ.ជ.ប បញ្ជាក់ថា គណបក្សនយោបាយដែលត្រូវមកទទួលពាក្យសុំចុះឈ្មោះគណបក្ស និងដាក់បញ្ជីបេក្ខជន ត្រូវភ្ជាប់ជាមួយឯកសារ១០មុខ ក្នុងនោះរួមមាន សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ច្បាប់, ឈ្មោះគណបក្សជាអក្សរពេញ អក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយ, អាសយដ្ឋាននៃទីស្នាក់ការគណបក្ស, និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេសដោយបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច ១/៣ នៃចំនួនអាសនៈក្នុងរដ្ឋសភា និងចំនួនបេក្ខជនបំរ៉ុងស្មើគ្នានិងបេក្ខជនពេញសិទ្ធិ។

ក្រៅពីនេះ ឈ្មោះមណ្ឌលដែលគណបក្សនយោបាយចង់ឈរឈ្មោះ និងដាក់បញ្ជីបេក្ខជនឈរឈ្មោះក៏ត្រូវបំពេញលក្ខខណ្ឌមួយចំនួនផងដែរ។ គ.ជ.ប បន្ថែមថា គណបក្សនយោបាយត្រូវមានសេចក្ដីប្រកាសអំពីគណនីធនាគារ, សេចក្ដីប្រកាសរបស់គណបក្សសន្យាថាចូលរួមការបោះឆ្នោត និងទទួលយកលទ្ធផលបោះឆ្នោត។ ជាមួយគ្នា ក៏ត្រូវមានបញ្ជីរាយនាមគណកម្មាធិការនាយក ឬគណៈអចិន្ថ្រៃយ៍ និងបង្កាន់ដៃបង់ប្រាក់តម្កល់១៥លានរៀលជាដើម។

សូមជម្រាបថា គណបក្សនយោបាយទាំងអស់នៅកម្ពុជាមានចំនួន ៤៥គណបក្ស ដែលបានចុះឈ្មោះក្នុងបញ្ជីនៃក្រសួងមហាផ្ទៃ។ តែកាលពីការបោះឆ្នោតតំណាងរាស្ដ្រឆ្នាំ២០១៨ មានគណបក្សចូលរួមតែ២០ ប៉ុណ្ណោះ។ ដោយឡែកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ មានគណបក្សនយោបាយចំនួន១៧បានចូលរួម៕

Share

Image
Image
Image