ភ្នំពេញ៖ នៅពីក្រោយនៃសកម្មភាពដើរដាក់របស់ក្រុមកសិករមកពីបណ្តាខេត្តមួយចំនួនទាមទារឱ្យដោះលែងប្រធាននិងសមាជិកសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)រយៈពេលជិតមួយសប្តាហ៍នេះ កសិករជាស្រ្តីមួយចំនួនដែលនៅក្នុងក្រុមបានបង្ហាញពីសេចក្តីព្រួយបារម្ភក្នុងចិត្តត្បិតថា បើសិនតំណាងរបស់ពួកគេត្រូវជាប់ពន្ធនាគារមែននោះ នោះពួកគេនឹងអាចត្រូវជួបការលំបាកមួយចំនួនពិសេសគឺការរឹតត្បិតពីអាជ្ញាធរមកលើកសិករ។
តើការលំបាកនិងការរឹតត្បិតពីអាជ្ញាធរជាអ្វី?ចុះញត្តិដែលពួកគេដាក់នេះមានការឆ្លើយតបលើតម្រូវការរបស់កសិករបានយ៉ាងណា?តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលចងក្រងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ!
នេះជាសម្រែកទាមទាររបស់ក្រុមកសិករនៃបណ្តាញសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)មកពីបណ្តាខេត្តនានាជាង១០០នាក់ដែលភាគច្រើនជាស្រ្តីដើរដាក់ញត្តិតាមក្រសួងពាក់ព័ន្ធមួយចំនួនពិសេសក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ទាមទារដោះលែងតំណាងរបស់ខ្លួនចំនួនបីនាក់ឱ្យរួចផុតពីការចោទប្រកាន់ថា បានបង្កើតឱ្យមានបដិវត្តន៍កសិករដូចរបរអាវខ្មៅ ប៉ុល ពត។
ក្រុមប្រជាកសិករមកពីបណ្តាខេត្តខុសៗគ្នា ហើយខ្លះមកទាំងគ្រួសារ មាននាំកូនតូចមកជាមួយផង និងមានទាំងវ័យចំណាស់ដែរ។ ពួកគេបានស្នាក់អាស្រ័យនៅវត្តសាមគ្គីរង្ស៊ីក្នុងរាជធានីភ្នំពេញ ហើយធ្វើដំណើរដោយថ្មើរជើងចេញឆ្ពោះទៅក្រសួងមហាផ្ទៃដាក់ញត្តិ ដើម្បីទាមទារឱ្យមានការដោះលែងប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងសហការីរួមមាន លោក ញិល ភាព បុគ្គលិកជាន់ខ្ពស់ និងលោក ថាន់ ហាច បុគ្គលិកគម្រោង ដែលត្រូវបានក្រសួងមហាផ្ទៃចោទថាមានជាប់ពាក់ព័ន្ធការរៀបផែនការធ្វើបដិវត្តន៍កសិករ។
ស្ថានភាពសម្រូងចម្រាសនេះបង្កឱ្យក្រុមកសិករមួយចំនួនពុះពារមកចូលរួមតវ៉ា បើទោះបីជាពួកគេនឹងប្រឈមបញ្ហាណាក៏ដោយ។ ក្នុងនោះអ្នកស្រី ហ៊ុន ហន មកពីខេត្តកោះកុង បានរៀបរាប់ថាខ្លួនប្រឈមនូវបញ្ហាជាច្រើនខណៈដែលអ្នកស្រីមកធ្វើការតវ៉ាគឺគ្រួសារអ្នកស្រីដោយនៅឯផ្ទះមានការព្រួយបារម្ភ កូចចៅខ្វះការមើលខុសត្រូវពីអ្នកស្រី ហើយអ្វីដែលជាការលំបាកបំផុតសម្រាប់អ្នកស្រីគឺការរត់គេចពីអជ្ញាធរដើម្បីបានមកចូលរួមនេះ។
អ្នកស្រី ហ៊ុន ហន៖ «ប៉ុន្មានថ្ងៃមកដាក់ញាត្តិហ្នឹង ដូចថាមកពីផ្ទះមកណាស់ អត់មានលុយហើយមកពីផ្ទះមកប៉ូលីសកាក់ចាប់ណាស់ មកដល់ផ្លូវអីប៉ូលីសអត់ឱ្យយើងមកទេប៉ូលីសស្ទាក់ចាប់នៅផ្លូវស្រែអំបិល អូជ្រៅហ្នឹងមករហូតអត់ឱ្យមកទេ ហើយយើងគេចម្តងមួយម្តងពី ដូចថាខ្លះក្រាបតាមភ្លឺស្រែអីចឹងទៅចេះតែរត់ទៅ រត់គេចមួយទៅ(ពីមួយទៅមួយ) ហើយប៉ូលីសទៅកាក់នៅផ្ទះយើងទៀតណា អត់ឱ្យយើងមកទេ។ រត់តាមព្រៃតាមផ្សៃមកទេល្មមមកដល់នេះចេញមកម្តងមួយៗ ជិះអាកងបីអីហ្នឹងទៅមកមូលគ្នានៅនេះ(ក្រសួងមហាផ្ទៃ) មិនងាយទេ»។
មិនខុសគ្នាប៉ុន្មានទៅនឹងអ្នកស្រីហ៊ុន ហន នោះទេគឺអ្នកស្រី យី គន្ធា ក៏បានរអ៊ូរទាំពីទុក្ខលំបាករបស់ខ្លួនដែលមានច្រើនជាហូរហែរដូចជា ខ្វះខាតថវិកា របបអាហារមិនគ្រប់គ្រាន់ ហើយត្រូវធ្វើដំណើរដោយថ្មើជើងទាំងហាលក្តៅ ល្មមបានមកដល់ក្រសួងមហាផ្ទៃ។ កសិករសហគមន៍រូបនេះនិយាយបន្ថែមទៀតថា ខ្លួនរឹតតែពិបាកទៅទៀតនៅពេលដែលមានអាជ្ញាធររារាំង និងឃ្លាំមើលក្រុមកសិករនូវការធ្វើសកម្មភាពផ្សេងៗរបស់ខ្លួន។
អ្នកស្រី យី គន្ធា ៖« តាំងពីចេញពីផ្ទះរហូតមកដល់រាជធានីភ្នំពេញគឺពួកបង ពិបាកណាស់ដោយសារតែយើងឃើញថាសេរីភាពពួកយើងដូចជាការចូលរួមប្រមូលផ្តុំ ក៏ក្រសួងមហាផ្ទៃបានចេញលិខិតថាសហគមន៍ ក៏ដូចជាសមាគម៍នៅពេលដែលជួបជុំមិនចាំបាច់ដាក់លិខិតជូនដំណឹង ឬក៏អីនោះទេប៉ុន្តែពេលដែលពួកយើងមកជុំគ្នាជាកសិករដូចគ្នាអីហ្នឹងគឺមានការតាមដានពីអាជ្ញាធរវិញ»។
ដោយឡែកកសិករជាស្រ្តីមួយរូបផ្សេងទៀតគឺអ្នកស្រី នុយ សុខ និយាយថា អ្វីដែលអ្នកស្រីគិតថាជាផលលំបាកសម្រាប់អ្នកស្រីនោះគឺពិបាកគណនាជាខ្លាំង ដោយអ្នកស្រីរ៉ាយរ៉ាប់ថា ជីវភាពគ្រួសារអ្នកស្រីកំពុងតែធ្លាក់ខ្លួនជាប់បំណុលធនាគា ហើយបែរជាមករងទុក្ខលំបាកផ្លូវចិត្តដែលខ្លួនមិនអាចទទួលយកបាននៅពេលមនុស្សដែលខ្លួនគិតថាចូលមកតម្រង់ទិស ដោះស្រាយបញ្ហាជីវភាពប្រជាកសិករ បែរជារងបទចោទវិបទញុះញង់ទៅវិញ។
អ្នកស្រី នុយ សុខ ៖« ពួកខ្ញុំឈឺចាប់ ឈឺចាប់ខ្លាំងដោយសារអី ដោយសារតែគាត់អត់មានធ្វើការនយោបាយអីផង គាត់គ្រាន់តែបង្រៀនឱ្យកសិករយល់ដឹងបែរជាចោទគាត់ចឹងពួកខ្ញុំជាកសិករ ពួកខ្ញុំខូចចិត្តណាស់ដូចថាលាបពណ៌គាត់ខុសពីគោលការណ៍»។
បច្ចប្បន្នមានការសង្កេតឃើញថាក្រុមប្រជាកសិករទាំងអស់នោះពុំទាន់មាននរណាដក់ថយដោយត្រឡប់ទៅផ្ទះវិញទេ ផ្ទុយទៅវិញបែរជាមានការកើនឡើងសមាជិកមកពីខេត្តផ្សេងៗឡើងមកទីក្រុងភ្នំពេញក្នុងការចូលរួមបន្តដាក់ញាត្តិដើម្បីតវ៉ា និងទាមទារឱ្យមានការដោះលែង លោក ថេង សាវឿន លោក ញិល ភាព និងលោក ថាន់ ហាច។
កសិករបានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានថា ប្រធានសម្ព័ន្ធសហគមន៍ពុំបានធ្វើសកម្មភាពណាមួយបំផុសបំផុលដល់កសិករឬញុះញង់ឱ្យកសិករធ្វើបដិវត្តន៍អ្វីដូចការលើកឡើងរបស់សមត្ថកិច្ចនិងក្រសួងចោទឡើយ។ អ្នកតវ៉ាប្រាប់ថា ប្រធានសម្ព័ន្ធគ្រាន់ចែករំលែកចំណេះដឹងមួយចំនួនទាក់ទងនិងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សិទ្ធិដីធ្លី សេរីភាពក្នុងការបញ្ចេញមតិ ជាមួយការតស៊ូមតិលើបញ្ហាតម្លៃទីផ្សារកសិផលពេលឈ្មួញដាក់សម្ពាធ និងបច្ចេកទេសធ្វើកសិកម្មតែប៉ុណ្ណោះ។ ពោលគឺគ្មានផ្សព្វផ្សាយឃោសនាឬធ្វើវេទិកានយោបាយវាយប្រហារបក្សឬគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាលឡើយ។
សម្រាប់ក្រុមកសិករយល់ថា ការចាប់ខ្លួនប្រធាននិងសមាជិកសម្ព័ន្ធសហគមន៍កសិករកម្ពុជាគឺជារឿងអយុត្តិធម៌គ្មានមូលដ្ឋានត្រឹមត្រូវ។ ជាងនេះក្រុមកសិករសូមអំពាវនាវឱ្យដោះលែងអ្នកទាំងបីឱ្យមានសេរីភាពឡើងវិញ ព្រោះថាពួកគេបានធ្វើការងារលើកស្ទួយផលប្រយោជន៍ប្រជាកសិករតែប៉ុណ្ណោះ។
យ៉ាងណាមិញអ្នកស្រីនុយ សុខ បន្តទទូចទៅរាជរដ្ឋាភិបាល មិនឱ្យមានការជឿទៅលើអជ្ញាធរមូលដ្ឋាន ដែលចំណុចនេះអ្នកស្រីយល់ថាអជ្ញាធរធ្វើការផ្តល់ព័ត៌មានខុស និងបង្កាច់បង្ខូចប្រធាននិងសមាជិកCCFC។
អ្នកស្រី នុយ សុខ៖ «ហើយខ្ញុំសូមឱ្យរាជរដ្ឋាភិបាលកុំជឿតាមពាក្យញុះញង់របស់អជ្ញាធរមូលដ្ឋានមួយចំនួន ជួនកាលគាត់(អជ្ញាធរ) និយាយពាក្យបំភ្លើសការជាក់ស្តែង ខ្ញុំគិតថាអយុត្តិធម៌ចំពោះគាត់ណាស់(ប្រធាននិងសមាជិកCCFC ត្រូវបានចាប់ខ្លួន) បើគាត់ចង់បូកសរុបភាពមិនជាក់ស្តែងចឹងគាត់(អជ្ញាធរ) មិនមកតាមដានមក»។
សមត្ថកិច្ចឃាត់ខ្លួនថ្នាក់ដឹកនាំនិងបុគ្គលិក សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)ចំនួន១៧នាក់នៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣។ បន្ទាប់មកសមត្ថកិច្ចបានដោះលែងអ្នកផ្សេងទៀតចំនួន១៤នាក់ ប៉ុន្តែបន្តឃុំខ្លួនលោក ថេង សាវឿន ប្រធានសមាគម លោក ញិលភាព បុគ្គលិកជាន់ខ្ពស់ និងលោក ថាន់ ហាច បុគ្គលិកគម្រោង។ ការចោទប្រកាន់នេះ បន្ទាប់ពីសមត្ថកិច្ចរកឃើញភស្តុតាងកុំព្យូទ័រចំនួន១២គ្រឿង និងទូរស័ព្ទចំនួន១២គ្រឿងដែលមានឯកសារពាក់ព័ន្ធនឹងបទល្មើស។
បន្ទាប់មកសាលាដំបូងខេត្តរតនគិរីបានសម្រេចចោទប្រកាន់លោក ថេង សាវឿន និងសហការីពីររូបពីបទញុះញង់ និងរួមគំនិតក្បត់ដែលប្រឈមនឹងជាប់ពន្ធនាគារហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់មួយចំនួនទៀត។
សមាគម CCFC គឺជាស្ថាប័នសមាជិកភាព ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១ ដើម្បីជួយដោះស្រាយបញ្ហាសិទិ្ធដីធ្លី និងបញ្ហានានាដែលប៉ះពាល់ដល់កសិករ ។ លោក សាវឿន ធ្លាប់ត្រូវបានចាប់ខ្លួនម្តង ជាមួយសមាជិកសង្គមស៊ីវិល និងសហគមន៍ដទៃទៀត កាលពីខែមករា ឆ្នាំ២០១៤ ក្រោយពេលមានព្រឹត្តិការណ៍នៃការបង្ក្រាបយ៉ាងហិង្សាមកលើអ្នកតវ៉ាជាច្រើននៅក្នុងរាជធានីភ្នំពេញ។ តាមរយៈហេតុការណ៍នោះ លោក សាវឿន បានចំណាយពេលក្នុងពន្ធនាគារចំនួន ៥ ខែ មុនពេលលោកត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៤ ឆ្នាំ និងព្យួរទោសដែលនៅសល់ ។
ជុំវិញបញ្ហានេះបានធ្វើឱ្យក្រុមកសិករប្រឆាំងដាច់ខាតមិនទទួលថាលោក ថេង សាវឿន និងសមាជិកផ្សេងទៀតមិនគួរត្រូវរង់បទចោទទាំងនេះទេ។ ពួគគេអះអាងយ៉ាងច្បាស់ថាប្រធាន និងសមាជិកសមាគមនេះមិនបានប្រព្រឹត្តបទល្មើសអ្វីទេ ផ្ទុយទៅវិញមានតែជួយបង្រៀនបច្ចេកទេស និងបង្កើនការយល់ដឹងបន្ថែមទាក់ទងនឹងកសិកម្មដល់កសិករ៕