en     km
en     km

យល់ដឹងពីសញ្ញាខ្លះៗមុនពេលសម្រាលសម្រាប់ស្រ្តីជិតគ្រប់ខែឆ្លងទន្លេ

Share

តាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ ដែលបោះពុម្ភដោយក្រសួងសុខាភិបាលបានបង្ហាញនូវសញ្ញាមួយចំនួនដែលតែងកើតឡើងមុនស្រ្តីជិតសម្រាលឬឆ្លងទន្លេ ដើម្បីអាចបញ្ជៀសបាននូវហានិភ័យនានាដែលអាចកើតមានជាយថាហេតុ។ សញ្ញាទាំងនោះមានដូចជា៖

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

ទី១ អារម្មណ៍ធូរស្រាល៖ ស្ត្រីជិតដល់ពេលសម្រាលនឹងកើតមានអារម្មណ៍ធូរស្រាល មុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ ព្រោះសុករបស់គភ៌នឹងធ្លាក់ចុះទៅដល់អាងត្រគាករបស់ស្រ្តី។ អារម្មណ៍ធូរស្រាយទាំងនោះ ស្តែងឱ្យស្រ្តីមានចំណង់ម្ហូបអាហារល្អជាងមុន ការដកដង្ហើមក៏ស្រួលជាងមុនផងដែរ។

ចំណុចទី២ ស្រ្តីនឹងធ្លាក់ឈាមក្រហមឬមានឈាម៖ ការកើតមានអាការៈបែបនេះដោយសារតែពេលមាត់ស្បូនស្រ្តីបើកបន្តិចម្ដងៗ នោះទឹកសំបោរនៃកស្បូនលាយលំឈាមតិចតួចនឹងហូរចេញតាមទ្វារមាសចេញមកក្រៅ។ រីឯចំណុចទី៣ គឺការឈឺកន្ត្រាក់ឬរោយចង្កេះ៖ សញ្ញានេះកើតឡើងដោយសារស្បូនកន្ត្រាក់ និងមានលក្ខណៈសណ្ឋានដូចជា៖
• ពេលដំបូងការឈឺកន្ត្រាក់ឬរោយចង្កេះនេះមិនទៀងទាត់នោះទេ រហូតដល់វេលាយូរទៅ ការឈឺចាប់ទាំងនោះនឹងប្រែប្រួលបន្តិចម្តងៗទៅជាទៀងទាត់។
• ផ្នែកដែលឈឺស្ថិតនៅក្នុងពោះទាំងមូលនិងខ្នង ជាពិសេសមានអារម្មណ៍ឈឺចុករោយត្រង់ឆ្អឹងគូទ។
• ម្យ៉ាងទៀត នៅពេលឈឺកន្ត្រាក់ ស្បូនក្លាយទៅជារឹងខ្លាំង ហើយនៅពេលដែលមិនឈឺស្បូនក្លាយទៅជាទន់វិញ។
• អាការៈឈឺចុកចាប់ទាំងនេះ មិនបានធូរស្បើយឡើយ ទោះបីជាអ្នកម៉ាស្សាឬដើរចុះឡើងក៏ដោយ។

និងចំណុចចុងក្រោយនោះគឺ ការបែកទឹកភ្លោះ។ទឹកភ្លោះគឺជាសារធាតុទឹករាវហូរចេញពីយោនីឬប្រដាប់ភេទរបស់ស្រ្តី។ នៅដំណាក់កាលនេះ គឺទឹកភ្លោះដែលការពារគភ៌បានបែកហើយហូរចេញតាមយោនី ពេលនោះមិនខ្វល់ថាអ្នកមានឈឺកន្ត្រាក់ឬអត់នោះឡើយ ត្រូវតែកាត់បន្ថយការដើរចុះឡើង និងត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យ។

តើពេលណាដែលគួរទៅរង់ចាំសម្រាលនៅបន្ទប់សម្រាល?
តាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះដដែលបានណែនាំសញ្ញាមួយចំនួនដែល ស្រ្តីត្រូវប្រញាប់ទៅបន្ទប់សម្រាលឲ្យបានលឿន៖ ទី១ គឺស្រ្តីមានអាការៈឈឺកន្ត្រាក់ជាទៀងទាត់រាល់រយៈពេលពី ៧ ទៅ ៨នាទីម្ដង។ ទី២ គឺស្រ្តីបែកទឹកភ្លោះ។តែយ៉ាងណា
ស្រ្តីខ្លះក៏អាចកើតមានបញ្ហាមិនប្រក្រតីផ្សេងៗផងដែរ៖ ដូចជាចេញឈាមមុនសម្រាល កូនក្នុងផ្ទៃធាក់តិចជាងរាល់ដងជាដើម៕

Share

ព័ត៌មានទាក់ទង

Image