en     km
en     km

សម្តេច ហ៊ុន សែន ព្រមានដកឪពុកម្តាយ និងបងប្អូនលោក ស៊ន តារា ពីក្របខណ្ឌមន្ត្រីរាជការការ

Share

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចំៗចំពោះ​ លោក ស៊ន តារា សកម្មជនគាំទ្រអតីតគណ​បក្សសង្គ្រោះជាតិ ថានឹងដកតំណែងឪពុកម្ដាយ និងសាច់ញាតិ របស់លោកចេញពីក្របខណ្ឌមន្ត្រីរាជការ ដរាបណាលោក ស៊ន តារានៅតែគគ្លើនរឹងទទឹងរិះគន់រដ្ឋាភិបាលបន្តទៀត។ លោក គីម ចាន់ចាវ រាយការណ៍

សម្តេចហ៊ុន សែន ព្រមានបែបនេះកើតមានឡើងស្របពេលដែលការរិះគន់របស់លោក ស៊ន តារា សកម្មជនគាំទ្រអតីតគណ​បក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅប្រទេសបារាំង បានកើតឡើងកាន់តែខ្លាំងតាមបណ្ដាញសង្គម បើទោះបីជាសម្តេចហ៊ុន សែនធ្លាប់ហៅឱ្យវិលមកស្រុក ដើម្បីអាចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងណាក្ដី។ លោក ស៊ន តារា ជាទូទៅតែង​ប្រើប្រាស់បណ្តាញសង្គម ដើម្បី​រិះគន់​ការដឹកនាំរបស់សម្តេច ហ៊ុន សែន និងចាត់ទុកខ្លួនឯងថាជាជនស្មោះស្ម័គ្រ គាំទ្រ​អតីតបក្ស​សង្គ្រោះជាតិ ក្នុងការ​​ស្វែងរក​ប្រជាធិបតេយ្យពិត​និងពេញលេញ​ឱ្យ​កម្ពុជា។

សកម្មភាពរឹងទទឹងបែបនេះរបស់លោក ស៊ន តារា ត្រូវបានសម្តេចហ៊ុន សែន ចាត់ទុកនឹងហៅពេញៗមាត់ថា «ជាក្មេងពាល»។ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ(NIE) នៅព្រឹកថ្ងៃទី២៥ ខែមេសាសម្តេចក៏បានព្រមានដកតំណែងឪពុកម្តាយ និងបងប្អូនលោកពីក្របខណ្ឌមន្ត្រីរាជការផងដែរ ក្នុងករណីដែលលោក ស៊ន តារា នៅតែរឹងទទឹងមិនដើរតាមមាគ៌ា ដែលសាច់ញាតិរបស់ខ្លួននៅក្នុងស្រុកកំពុងធ្វើ។

សម្តេចហ៊ុន សែន កន្លងមកធ្លាប់បើកផ្លូវឱ្យលោក ស៊ន តារា និងសកម្មជនគណបក្សប្រឆាំង​រស់នៅ​បរទេស ​ ឱ្យចូលរួមធ្វើ​នយោបាយជាមួយបក្សកាន់អំណាច ដោយមិនប្រកាន់ទោសពៃរ៍។ ទោះយ៉ាងណាករណីអនុគ្រោះដល់លោក ស៊ន តារា ដោយសម្តេចហ៊ុន សែន យល់ថាសកម្មជនបក្សប្រឆាំងរូបនេះ មានគ្រួសារកំពុង​​បម្រើការងារជារាជការ​នៅស្រុកខ្មែរ ហើយស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា​។ ក៏ប៉ុន្តែលោក ស៊ន តារា បានដាក់នូវលក្ខខណ្ឌ​៤ ដើម្បីឱ្យលោកអាចចូលរួមជីវភាពជាមួយបក្សកាន់អំណាចបាន ​ក្នុង​នោះ​ ​លក្ខខណ្ឌ​ទី​១​ ​គឺ​ ​ស៊ន​ ​តារា​ ​ត្រូវតែ​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្សប្រជាជន​ ​ទើប​ ​ស៊ន​ ​តារា​ ​ព្រម​ចូលរួម​ជាមួយ​គណបក្សប្រជាជន​។​ ទន្ទឹមនឹងការព្រមានពីសម្តេចហ៊ុន សែនម្ដងជាពីរដង កាលពីពេលកន្លងទៅ ឪពុកម្តាយរបស់លោក ស៊ន តារា បានចេញមុខនិយាយជាសាធារណៈ ថាអ្នកទាំងពីរ​​​ចង់ឱ្យកូនប្រុស​វិលត្រលប់ចូល​ស្រុកខ្មែរវិញ ដោយឈប់ជឿការញុះញង់របស់អតីតគណ​បក្សប្រឆាំង​​​តទៅទៀត៕

Share

Image
Image
Image