នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ប្រទេសឥណ្ឌា និងអូស្ត្រាលីបានប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តោប្រវេសន៍ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋ និងទំនាក់ទំនងការទូត។
(កញ្ញា កែវ សុជាតា រាយការណ៍)
បើយោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានជួបសំណេះសំណាលគ្នានៅក្នុងទីក្រុង Sydney នៃប្រទេសអូស្រ្តាលី កាលពីថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។
ក្នុងនោះដែរ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការសិក្សារបស់សិស្ស និស្សិតទើបបញ្ចប់ការសិក្សា អ្នកស្រាវជ្រាវ និងពាណិជ្ជករ ឱ្យមានឱកាសធ្វើចំណាកស្រុកទៅប្រទេសអូស្រ្តាលី ឬឥណ្ឌា ដើម្បីទទួលបានបទពិសោធន៍ ក៏ដូចជារកចំណូលបន្ថែម។
គួរបញ្ជាក់ផងដែរថា ឥណ្ឌានិងអូស្រ្តាលីបានព្យាយាមចរចាលើការងារអន្តោប្រវេសន៍នេះអស់រយៈពេលបីឆ្នាំមកហើយ។ បើតាមរបាយការណ៍ទិន្នន័យពីការធ្វើជំរឿនបានបង្ហាញថា ប្រជាពលរដ្ឋឥណ្ឌាជាងមួយលាននាក់បានធ្វើចំណាកស្រុកទៅរស់នៅក្នុងប្រទេសអូស្រ្តាលីតាំងពីឆ្នាំ២០១៦។
ក្រៅពីនេះ កាលពីថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីឥណ្ឌាបានថ្លែងថា ប្រទេសទាំងពីរក៏បានពិភាក្សា និងយល់ស្របអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើការជីកយករ៉ែ និងធនធានធម្មជាតិសំខាន់ៗដទៃទៀត ជាពិសេសបង្កើតអ៊ីដ្រូសែនបៃតងរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្រ្តីឥណ្ឌា លោក Modi បានថ្លែងថា ទំនាក់ទំនងរវាងឥណ្ឌា និងអូស្ត្រាលី គឺផ្អែកលើការទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។
សូមជម្រាបថា លោក Modi គឺជាមេដឹកនាំតែមួយគត់នៃសម្ព័ន្ធមិត្ត Quad ដែលបន្តដំណើរទស្សនកិច្ចមកកាន់ប្រទេសអូស្ត្រាលី ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានដកខ្លួនចេញពីកិច្ចប្រជុំដែលបានគ្រោងទុកនៅក្នុងទីក្រុងស៊ីដនីនេះ ពោលគឺលោក Joe Biden ត្រូវត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីផ្តោតលើការដោះស្រាយបំណុល។ រីឯនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលG7 កាលពីសប្តាហ៍មុន ក៏បានលុបចោលដំណើរមកកាន់ប្រទេសអូស្ត្រាលីផងដែរ៕
ប្រភព៖ BBC ចុះថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣