loader

យុវជន​និង​សង្គម​ស៊ី​វិល​យល់​ថា​ បណ្តាញ​សង្គម​ផ្តល់​សារៈសំខាន់​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ ​នៅ​កម្ពុជា​

cover-Youth-Forum-at-Zaman-Uni.-on-20.12.15
រូបភាពពីហ្វេសប៊ុក

ភ្នំពេញ​៖​ ក្រុម​យុវជន​ ជា​សិស្ស​-​និស្សិត​ ព្រះសង្ឃ​ និង​អង្គការ​សង្គម​ស៊ី​វិល​ បាន​សម្តែង​ការ​យល់​ឃើញ​របស់​ខ្លួន​ថា​ បណ្តាញ​សង្គម​រួម​មាន​ ហ្វេ​ស​ប៊ុ​ក​ ការ​សរសេរ​ប្លុក​ និង​ Twitter​ ជាដើម​ កំពុង​ផ្តល់​សារៈសំខាន់​សម្រាប់​ជួយ​កសាង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ ឱ្យ​កាន់តែ​រឹង​មាំ​ឡើង​។​

​ការ​លើក​ឡើង​ដូច្នេះ​ ដោយសារ​យុវជន​ និង​សង្គម​ស៊ី​វិល​យល់​ថា​ ការ​ផ្តល់​និង​ការ​ទទួល​បាន​ព័ត៌មាន​នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​ តាម​រយៈ​បណ្តាញ​សង្គម​ ឬ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​យុវជន​ និង​ពលរដ្ឋ​ក្នុង​ការ​វាយតម្លៃ​ទៅ​លើ​ព័ត៌មាន​ទាំងនោះ​ និង​ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​។​

​ដើម្បី​ជ្រាប​ពី​បញ្ហា​ទាំង​អស់នេះ​ ជា​បន្ត​សូម​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ឡើង​ដោយ​លោក​ ម៉ៅ​ សំណាង​ អ្នក​សារព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ​ដូច​តទៅ​៖


សូរ​សំឡេង​ទះដៃ​ស្វាគមន៍​បើក​វេទិកា​យុវជន​ មាន​សិស្ស​-​និស្សិត​ ព្រះសង្ឃ​ ប្រមាណ​ជាង​ ១២០​ អង្គ​និង​នាក់​ រួម​នឹង​មន្ត្រី​តំណាង​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ បាន​បន្លឺ​ឡើង​ព្រមៗ​គ្នា​នៅ​ក្នុង​សាលសន្និសីទ​ពណ៌​ក្រហម​របស់​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់​។​

ក្នុង​វេទិកា​យុវជន​នេះ​ អ្នកចូលរួម​ម្នាក់ៗ​មាន​ទឹកមុខ​ញញឹម​ស្រស់ស្រាយ​ មុន​នឹង​លើកយក​ប្រធានបទ​ “​នយោបាយ​សម័យ​បច្ចេកវិទ្យា​”​ មក​ជជែក​ពិភាក្សា​ ដែល​កម្មវិធី​នេះ​រៀបចំ​ឡើង​ដោយ​អង្គការ​សភា​យុវជន​ត្រាប់​។​

​នៅ​ក្នុង​វេទិកា​យុវជន​ស្តី​ពី​ “​នយោបាយ​សម័យ​បច្ចេកវិទ្យា​”​ ដែល​ជា​វេទិកា​ជជែក​ពិភាក្សា​វាយតម្លៃ​ពី​ផល​​វិជ្ជមាន​ និង​អវិជ្ជមាន​នៃ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ចាប់តាំងពី​ឆ្នាំ​ ២០១៣​ រហូត​មក​ដល់​បច្ចុប្បន្ន​ ដែល​វេទិកា​នេះ​រៀបចំ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​ ២០​ ខែធ្នូ​ ឆ្នាំ​ ២០១៥​  យុវជន​ជា​សិស្ស​ និស្សិត​ និង​អង្គការ​សង្គម​ស៊ី​វិល​ថា​ បណ្តាញ​សង្គម​រួម​មាន​ ហ្វេ​ស​ប៊ុ​ក​ និង​ការ​សរសេរ​ប្លុក​ជាដើម​ គឺជា​ឧបករណ៍​ផ្សព្វផ្សាយ​មួយ​កំពុង​ពេញ​និយម​ និង​ផ្តល់​សារៈសំខាន់​ សម្រាប់​ជួយ​កសាង​លទ្ធិ​​ប្រជាធិបតេយ្យ​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ​។​

​មាន​សម្បុរ​ស​ ទឹកមុខ​ញញឹម​ស្រស់ស្រាយ​ ស្ថិត​នៅ​ក្នុង​សម្លៀក​ម​បំពាក់​បែប​យុវវ័យ​ ជា​និស្សិត​សិក្សា​នៅ​វិទ្យាស្ថាន​ភាសាបរទេស​ យុវតី​ ក្រិ​ច​ ស្រី​នាង​ បាន​ចូលរួម​ស្តាប់​ក្នុង​វេទិកា​យុវជន​នេះ​ បាន​និយាយ​ថា​ ការ​ប្រើប្រាស់​បណ្តាញ​សង្គម​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​យុវជន​ ព្រោះ​យុវជន​មានឱកាស​អាច​ទទួល​បាន​ព័ត៌មាន​ពី​ប្រភព​ផ្សេងៗ​បាន​យ៉ាងច្រើន​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ស្រី​នាង​ បាន​បន្ថែម​ថា​ បណ្តាញ​សង្គម​ ឬ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ផ្តល់​ឱកាស​ឱ្យ​យុវជន​បញ្ចេញ​មតិយោបល់​ផ្ទាល់ខ្លួន​ ចំពោះ​បញ្ហា​ដែល​កើត​មាននៅ​ក្នុង​សង្គម​។​

យុវតី​ ក្រិ​ច​ ស្រី​នាង​ ៖​ «​ខ្ញុំ​គិត​ថា​វា​អាច​ជួយ​ជំរុញ​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្តែ​វា​នៅ​មានការ​រឹតត្បិត​ខ្លះ​ពី​រដ្ឋាភិបាល​ អ៊ីចឹង​ទៅ​ ធ្វើ​ឱ្យ​យុវវ័យ​ដកខ្លួន​មក​វិញ​ខ្លះ​ដែរ​។​ ខ្ញុំ​ជួប​មិត្តភក្តិ​អី​ គាត់​ថា​ ចែករំលែក​រឿង​នយោបាយ​អី​ទៅ​ គាត់​មាន​អារម្មណ៍​ថា​ខ្លាច​ ដោយសារ​គេ​មាន​ចេញ​ច្បាប់​ហាមឃាត់​ …​ វា​ចាំបាច់​មែនទែន​ ព្រោះថា​ប្រទេស​នីមួយៗ​ត្រូវការ​លទ្ធិប្រជាធិបតេយ្យ​ ដើម្បី​ឱ្យ​ប្រជាជន​រស់នៅ​មាន​ភាព​រីក​ចម្រើន​ ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ ការ​អភិវឌ្ឍ​របស់​ប្រទេស​នោះ​ខ្ពស់​»​។​

2.Youth-Forum-at-Zaman-Uni.-on-20.12.15

ដូច​គ្នា​នេះ​នឹង​ការ​លើក​ឡើង​របស់​យុវតី​ខាងលើ​ យុវជន​ ជា​ សុភា​រិ​ន​ ជា​សមាជិកសមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍ​ បាន​និយាយ​ថា​ ពលរដ្ឋ​កម្ពុជា​កំពុង​ត្រូវការ​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​យោបល់​ ឬ​ការ​យល់​ឃើញ​របស់​ខ្លួន​ តាម​រយៈ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​មធ្យោបាយ​។​ សុភា​រិ​ន​ បន្ត​ថា​ ការ​ទទួល​ព័ត៌មាន​ និង​ការ​រឹតត្បិត​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​ មិនមែន​ជា​គ​ន្លឹៈ​នាំ​ឱ្យ​ប្រទេស​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ឡើយ​។​

យុវជន​ ជា​ សុភា​រិ​ន​ ៖​ «​ សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​របស់​យុវជន​នៅ​ពេល​នេះ​គឺ​នៅ​មាន​កម្រិត​នៅឡើយ​ វា​មិន​ទាន់​បាន​ល្អ​ដូច​ប្រទេស​ដទៃ​ទេ​ ព្រោះ​យើង​ស្ថិត​នៅ​ក្រោម​ច្បាប់​មួយទៀត​ គឺ​ច្បាប់​បរិហារកេរ្ដិ៍​នៅឡើយ​។​ អ៊ីចឹង​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​គាត់​មានការ​រិះគន់​ទៅ​លើ​ស្ថាប័ន​ ឬ​មន្ត្រី​សាធារណៈ​ មន្ត្រី​សាធារណៈ​មួយ​ចំនួន​គាត់​តែង​ប្តឹង​បក​មក​យុវជន​ ឬ​ក៏​គាត់​គំរាម​យុវជន​ថា​អ្នកឯង​ធ្វើ​ខុស​ ចូល​ច្បាប់​បរិហារកេរ្ដិ៍​។​ អ៊ីចឹង​ហើយ​ នេះ​ជា​បញ្ហា​»​។​

​ចំណែក​ប្រធាន​អង្គការ​សភា​យុវជន​ខ្មែរ​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ បាន​និយាយ​ថា​ ការ​លើកយក​ប្រធានបទ​ នយោបាយ​សម័យ​បច្ចេកវិទ្យា​មក​ជជែក​ក្នុង​វេទិកា​យុវជន​នេះ​ គឺ​ចង់ឱ្យ​យុវជន​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ព័ត៌មាន​តាម​បែប​បច្ចេកវិទ្យា​ និង​ដើម្បី​បង្ហាញ​ថា​ ការ​ធ្វើ​នយោបាយ​តាម​បែប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បែប​ប្រពៃណី​របស់​អ្នកនយោបាយ​នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​កន្លង​ទៅ​ ដូច​ជាតា​មរយៈ​ទូរទស្សន៍​ វិទ្យុ​ កាសែត​ ជាដើម​ មិន​អាច​ដើរ​ទាន់​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​នោះ​ទេ​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ និយាយ​ថា​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បច្ចេកវិទ្យា​ទំនើប​ គឺជា​មធ្យោបាយ​ដែល​ផ្តល់​សារៈសំខាន់​ដល់​អ្នកនយោបាយ​ ដើម្បី​បង្ហាញ​សារ​នយោបាយ​របស់​ខ្លួន​។​ ទន្ទឹម​គ្នា​នេះ​ ប្រជាពលរដ្ឋ​ក៏​អាច​ទទួល​បាន​ព័ត៌មាន​ទាំងនោះ​បាន​ឆាប់រហ័ស​ ដើម្បី​វាយតម្លៃ​ព័ត៌មាន​ និង​បង្ហាញ​មតិយោបល់​ត្រឡប់​វិញ​ ដែល​ស្តែង​ឱ្យ​ឃើញ​ពី​ការ​ចូលរួម​របស់​ពលរដ្ឋ​។​

លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ មាន​ប្រសាសន៍​ថា​៖​ «​បណ្តាញ​ព័ត៌មាន​សង្គម​នឹង​ឡើងជា​បណ្តាញ​ព័ត៌មាន​ទី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ប្រភព​នៃ​ការ​ផ្សាយ​ និង​ទទួល​ព័ត៌មាន​។​ ឥឡូវនេះ​នៅ​ពេល​មានការ​ប្រើ​បណ្តាញ​សង្គម​មាន​ច្រើន​ ជាក់ស្តែង​យើង​ឃើញ​អ្នកនយោបាយ​នៅ​កម្ពុជា​យើង​ ទាំង​នៅ​ក្រៅប្រទេស​ក្តី​ ទាំង​ក្នុង​ប្រទេស​ក្តី​ គាត់​ចង់​ជួប​ជាមួយ​ប្រជាជន​ ឬ​អ្នកគាំទ្រ​របស់​គាត់​នៅ​កន្លែង​ណា​ គឺ​គាត់​អាច​ប្រើប្រាស់​បណ្តាញ​ហ្នឹង​បាន​គ្រប់​ទីកន្លែង​ ហើយ​ទាក់ទង​បាន​ច្រើន​គ្នា​បានឮ​រហ័ស​ទៅ​ទៀត​»​។​

លោក ព្រាប កុល
លោក ព្រាប កុល

ថ្លែង​នៅ​ក្នុង​វេទិកា​យុវជន​អំពី​ប្រធានបទ​ “​នយោបាយ​សម័យ​បច្ចេកវិទ្យា​”​ នេះ​ នាយក​ប្រតិបត្តិ​អង្គការ​ តម្លាភាព​កម្ពុជា​ លោក​ ព្រាប​ កុ​ល​ បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម​មាន​សារៈសំខាន​សម្រាប់​យុវជន​ និង​ប្រជាពលរដ្ឋ​ ក្នុង​ការ​ទទួល​ព័ត៌មាន​ និង​ចែករំលែក​ព័ត៌មាន​បាន​យ៉ាង​ទូលំទូលាយ​។​ លោក​ ព្រាប​ កុ​ល​ បាន​សង្កត់ធ្ងន់​ថា​ ទន្ទឹម​នឹង​ភាព​ងាយស្រួល​នេះ​ អ្នកនយោបាយ​ ឬ​បុគ្គល​សាធារណៈ​បច្ចុប្បន្ន​ ក៏​ត្រូវការ​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម​នេះ​ខ្លាំង​ណាស់​ដែរ​ គឺ​ដើម្បី​បង្ហាញ​ពីសារ​នយោបាយ​របស់​ខ្លួន​ទៅ​កាន់​ប្រជាពលរដ្ឋ​។​

លោក​ ព្រាប​ កុ​ល​ ថា​ ទន្ទឹម​នឹង​ការ​ទទួល​បាន​ព័ត៌មាន​ឆាប់រហ័ស​នេះ​ អ្នក​ប្រើប្រាស់​គួរ​ណាស់​តែ​ថ្លឹងថ្លែង​​ព័ត៌មាន​ឱ្យ​បាន​ត្រឹមត្រូវ​ មុន​នឹង​ជឿជាក់​លើ​ព័ត៌មាន​អ្វីមួយ​។​
«​ការ​កើនឡើង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​ គឺ​មានការ​កើន​ឡើងជា​រៀង​រាល់​វិនាទី​ បើ​យើង​មើលទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​ ហើយ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​នឹង​មានការ​កើនឡើង​បន្ត​ទៀត​។​ ដូច្នេះ​ អ្នកនយោបាយ​ ឬ​បុគ្គល​សាធារណៈ​គ្រប់​រូប​ មិន​ប្រើ​បណ្តាញ​សង្គម​ទេ​ គឺ​មិន​ទាន់សម័យ​ ហើយ​ក៏​មិន​អាច​បញ្ជូន​សារ​នយោបាយ​ទាន់​ពេលវេលា​ ទៅ​ដល់​មនុស្ស​ភាគច្រើន​ដែរ​»​។​

សម្រាប់​លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ តំណាងរាស្ត្រ​គណបក្ស​ស​ង្ក្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍​ក្នុង​វេទិកា​យុវជន​នេះ​ ក្នុង​នាម​ជា​វាគ្មិន​ថា​ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ត្រឹមត្រូវ​ តាម​រយៈ​ការ​ទទួល​បាន​ព័ត៌មាន​ពិត​ ត្រឹមត្រូវ​ ជា​ពិ​សេ​សេ​ព័ត៌មាន​ឆាប់រហ័ស​ តាម​បែប​បច្ចេកវិទ្យា​ ប្រជាធិបតេយ្យ​ដែល​មានការ​ចូលរួម​នឹង​កើតឡើង​នៅ​ក្នុង​ប្រទេស​។​

 លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្
លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្

លោក​ យ៉ែ​ម​ បុញ្ញា​ឫទ្ធិ​ មាន​ប្រសាសន៍​ថា​៖​ «​ ប្រជាធិបតេយ្យ​គេ​ផ្តល់​សិទ្ធិ​ ផ្តល់​អំណាច​ឱ្យ​ប្រជារាស្ត្រ​ជា​ធំ​ ដូច្នេះ​ពាក្យ​ថា​យក​រាស្ត្រ​ជា​ធំ​ ទាល់តែ​គាត់​មាន​សិទ្ធិ​ជ្រើស​តំណាង​អ្នកដឹកនាំ​របស់​គាត់​ ហើយ​ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ល្អ​ បាន​ត្រឹមត្រូវ​ទាល់តែ​គាត់​ទទួល​បាន​ព័ត៌មាន​ពិត​ តាម​បណ្តាញ​សង្គម​ ឬ​ថ្ងៃនេះ​យើង​ហៅ​ថា​តាម​បច្ចេកវិទ្យា​ …​ នៅ​ពេល​អ្នកតំណាង​មាន​សិទ្ធិ​អំណាច​ហើយ​ អ្នកតំណាង​ត្រូវ​តែ​គិតគូរ​រៀបចំ​បម្រើ​ពលរដ្ឋ​ គោរព​ច្បាប់​ គោរព​ដល់​ពលរដ្ឋ​ជា​ធំ​ ដែល​យើង​ឱ្យឈ្មោះ​ថា​អ្នកដឹកនាំ​មានការ​គោរព​នីតិរដ្ឋ​…»​។​

ដោយឡែក​អ្នកស្រី​ ចក់​ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR​ )​ មាន​ប្រសាសន៍​ថា​ បណ្តាញ​សង្គម​ផ្តល់​សារៈសំខាន់​សម្រាប់​កសាង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ ពិសេស​បណ្តាញ​សង្គម​កំពុង​ជួយ​បង្ហាញ​ព័ត៌មាន​ទៅ​កាន់​សាធារណជន​បាន​យ៉ាងច្រើន​។​

អ្នកស្រី​ ចក់​ សុភាព​ មាន​ប្រសាសន៍​បន្ត​ថា​ សម្រាប់​អង្គការ​សង្គម​ស៊ី​វិល​ ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ ឬ​ការ​ចែករំលែក​ព័ត៌មាន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​ការ​ប្រើប្រាស់​មធ្យោបាយ​ផ្សព្វផ្សាយ​តាម​វិទ្យុ​ ទូរទស្សន៍​ ឬ​កាសែត​ ព្រោះ​ពេល​ខ្លះ​វិទ្យុ​ ទូរទស្សន៍​ ឬ​កាសែត​ មិន​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ទូលំទូលាយ​ឡើយ​។​

លោកស្រី ចក់ សុភាព
លោកស្រី ចក់ សុភាព

អ្នកស្រី​ ចក់​ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​៖​ «​ ទូរទស្សន៍​ វិទ្យុ​ កាសែត​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បែប​ប្រពៃណី​ មួយទៀត​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ទំនើប​ ដែល​កំពុង​ចែកចាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ហ្នឹងឯង​ អ៊ីចឹង​សម្រាប់​អង្គការសិទ្ធិមនុស្ស​ តួយ៉ាង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ យើង​កម្រ​មានឱកាស​ផ្សព្វផ្សាយ​នូវ​សិទ្ធិ​របស់​ពលរដ្ឋ​ ឬ​ស្ប៉ត​អប់រំ​សម្រាប់​ចាក​ផ្សាយ​តាម​ទូរទស្សន៍​ គឺ​យើង​មិន​ដែល​មាន​ទេ​»​។​

​អ្នកស្រី​ ចក់​ សុភាព​ បាន​បន្ត​ទៀត​ថា​ សង្គម​ស៊ី​វិល​ និង​រដ្ឋាភិបាល​គួរតែ​បង្ក​លក្ខណៈ​ងាយស្រួល​ និង​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យ​បាន​សម្តែង​មតិ​ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដោយ​ចាត់​ទុក​ការ​ធ្វើ​បែប​នេះ​ ជា​ជំហាន​មួយ​នាំ​ឱ្យ​កម្ពុជា​ដើរ​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។​

​ស្រប​ពេល​នឹង​ការ​លើក​ឡើង​ពី​ការ​គុណសម្បត្តិ​នៃ​ការ​រីក​ចម្រើន​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ ក៏​មានការ​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ផង​ដែរ​ ដោយ​អ្នកចូលរួម​ភាគច្រើន​បំផុត​បាន​លើក​ឡើង​ថា​ ប្រសិនបើ​រាជរដ្ឋាភិបាល​បង្កើត​ច្បាប់​នេះ​ ឱ្យ​ចេញ​ជា​រូបរាង​ឡើង​ ដាក់​ឱ្យ​អនុវត្ត​នៅ​ក្នុង​សង្គម​កម្ពុជា​នោះ​ នោះ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​នឹង​ត្រូវ​បាន​រឹតត្បិត​ជាក់​ជា​ពុំខាន​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សាស្ដ្រាចារ្យចម្រៀងបុរាណ៖ ធនធានអ្នកច្រៀងបុរាណមានមិនដល់១០នាក់ផងដែលអាចប្រើការបានកម្ពុជា

គេតែងតែលឺចម្រៀងបុរាណនៅតាមពិធីបុណ្យជាតិនានា ជា[...]

បទយកការណ៍៖ យុទ្ធនាការ១៦ថ្ងៃនៃទិវាសិទ្ធិមនុស្សឆ្នាំនេះផ្តោតលើ«ស្ត្រីរួមគ្នាដើម្បីសិទ្ធិការងារ»និង«ការផ្សព្វផ្សាយបញ្ហាហឹង្សាលើស្រី្តដោយប្រុងប្រយ័ត្ន»

ភ្នំពេញ៖ ទិវាសិទ្ធិមនុស្សឆ្នាំ២០២២នេះ ស្ថាប័ន[...]

បទយកការណ៍៖ អាណាព្យាបាលមកលើកទឹកចិត្តកូននៅមុខមណ្ឌលប្រឡងចង់ឃើញកូនៗទទួលបានជោគជ័យចេញពីសមត្ថភាពពិតប្រាកដ

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x