en     km
en     km

មន្រ្តីសុខាភិបាលប៉ាន់ប្រមាណថាកម្ពុជាអាចគ្រប់គ្រងកូវីដ-១៩បានក្រោយនាយករដ្ឋមន្រ្តីដកកាតព្វកិច្ចពាក់ម៉ាស់និងការធ្វើតេស្តរហ័ស

Share

ភ្នំពេញ៖ តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុស្រ្តីនៅថ្ងៃនេះ មន្រ្តីនៃក្រសួងសុខាភិបាលដាក់ការជឿជាក់ថា កម្ពុជាអាចគ្រប់គ្រងបញ្ហាកូវីដ-១៩បាន ខណៈប្រជាពលរដ្ឋកម្ពុជាបានទទួលវ៉ាក់សាំងបានពេញលេញល្អជាងបណ្តាប្រទេសដទៃ។ ការកើតមានសុទិដិ្ឋនិយមពីមន្រ្តីសុខាភិបាលនេះ បន្ទាប់ពីនាយករដ្ឋកម្ពុជាកម្ពុជាបានសម្រេចដកចេញកាតព្វកិច្ចពាក់ម៉ាស់និងការធ្វើតេស្តរហ័តរកមេរោគកូវីដ-១៩ ដើម្បីកាត់បន្ថយការចំណាយមិនចាំបាច់ ស្របពេលកម្ពុជាមានស្ថានភាពល្អប្រសើរលើបញ្ហានេះ។ លោក គីម ចាន់ចាវ រាយការណ៍

សម្ដេច ហ៊ុន សែន បានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនបន្ថែមទៀត ពិសេសការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ការជួបជុំ ប៉ុន្ដែបុគ្គលម្នាក់ៗ អាចពាក់ម៉ាស់តាមជម្រើសរៀងៗខ្លួនបាន។ បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានសម្រេចលើកលែងនូវកាតព្វកិច្ចធ្វើតេស្ដរហ័សសម្រាប់ការជួបជុំគ្រប់ប្រភេទផងដែរ តែបុគ្គលម្នាក់ៗអាចធ្វើតេស្ដរហ័សតាមជម្រើសរៀងខ្លួនបាន។ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះវិញ ក៏ត្រូវអនុវត្តយ៉ាងដូច្នេះដែរ។ «បើសិនជាយើងបន្តនូវវិធានការធ្វើតេស្តមុនការមើលស៊ីហ្គេម វានឹងបង្កើតជាបញ្ហាធ្ងន់ធ្ងរសម្រាប់ក្រុមគ្រូពេទ្យរបស់យើង និងការរង់ចាំរបស់ប្រជាពលរដ្ឋ អំពីការធ្វើតេស្ដ ប៉ុន្ដែយើងនឹងទម្លាក់បញ្ហានេះឲ្យបុគ្គលម្នាក់ៗ ក្នុងករណីសង្ស័យត្រូវធ្វើតេស្ដដោយខ្លួនឯង ហើយមិនចាំបាច់ទៅចូលរួមនោះដែរ ជៀសវាងបង្កើតបញ្ហាសម្រាប់អ្នកដទៃ។»

យ៉ាងណារាជរដ្ឋាភិបាលនៅតែរក្សានូវវិធានការការពារ ដើម្បីត្រៀមប្រុងប្រយ័ត្នជានិច្ចឆ្លើយតបជាមួយសភាពការណ៍ដែលនឹងកើតឡើង ជាពិសេសក្រសួងសុខាភិបាល ត្រូវតាមដានឲ្យបានម្មត់ចត់ និងមានវិធានការសម្រាប់ស៊ីហ្គេមខាងមុខ។ សម្ដេច ហ៊ុន សែន នៅតែអំពាវនាវដល់ប្រជាពលរដ្ឋបន្ដរក្សាអនាម័យតាមរយៈការលាងដៃជាមួយសាប៊ូ ជែល ឬអាល់កុលឲ្យបានញឹកញាប់។ ពាក់ព័ន្ធបញ្ហានេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល យល់ថាភាពធូរស្រាលនៃជំងឺឆ្លងកូវីដ-១៩នៅកម្ពុជានេះ ដោយសារកម្រិតវ៉ាក់សាំងដែលចាក់ជូនប្រជាពលរដ្ឋបានពេញលេញល្អ និងចាក់ច្រើនដង បើធៀបនឹងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់។ ថ្លែងប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី២០ ខែមេសានេះថា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ លើកឡើងពីវឌ្ឍនភាពសម្រាប់កម្ពុជាដែលអាចគ្រប់គ្រងកូវីដ-១៩បាន ប៉ុន្តែលោកក៏ស្នើឱ្យពលរដ្ឋសហការក្នុងករណីដែលមានករណីសង្ស័យផងដែរ។ «គឺយើងពុំរកឃើញទេ យើងឃើញរបាយការណ៍ផ្លូវការនៅសូន្យរហូត គឺមិនរកឃើញទេ តែទោះបីយ៉ាងណាអង្គការសុខភាពពិភពលោក គាត់នៅមិនទាន់ប្រកាសថាអាហ្នឹងវាផុតរលុតពីផែនដីយើងនៅឡើយទេ ដូច្នេះយើងប្រុងប្រយ័ត្នទាំងអស់គ្នា នៅបន្តប្រុងប្រយ័ត្ន ពេលណាឃើញផ្ដាសាយច្រើន គ្រុនក្ដៅច្រើនសូមរាយការណ៍មកលេខ១១៥…»

សម្ដេច ហ៊ុន សែន ចាត់ទុក ការកាត់បន្ថយនូវវិធានការទាំងពីរខាងលើនេះ នឹងសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការទិញម៉ាស់ពាក់ និងបន្ថយការចំណាយនានា ព្រមទាំងពេលវេលា ក៏ដូចជាគ្រូពេទ្យសម្រាប់ការធ្វើតេស្ដទាំងរហ័ស និង PCRជាដើម។ ពាក់ព័ន្ធនឹងថាតើ ការបន្ធូរបន្ថយវិធានការនេះ អាចនឹងមានហានីរភ័យដែរឬទេ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់ថា ស្ថានភាពនៅកម្ពុជាបានវិលទៅរកសភាពធម្មតាឡើងវិញទៅហើយ ប៉ុន្តែបើពលរដ្ឋមានសង្ស័យករណីឆ្លង អាចទៅពិគ្រោះ ឬធ្វើរោគវិនិច្ឆ័យ។ អង្គការសុខភាពពិភពលោកនៅថ្ងៃទី១៩ ខែមេសា បានព្រមានថាជំងឺរាតត្បាតកូវីត-១៩ នៅតែប្រែប្រួលមិននឹងនរ និងមិនអាចទាយទុកជាមុនបានពីការបំប្លែង និងរីកសាយភាយ ដោយនិយាយថាអាចនឹងមានបញ្ហាកើតឡើងបន្ថែមទៀត ទំរាំមេរោគនេះក្លាយជាគំរូមួយដែលអាចព្យាករណ៍បាន។ បើតាមនាយកកម្មវិធីសង្គ្រោះបន្ទាន់ផ្នែកសុខភាពរបស់ WHO លោក Michael Ryan បានប្រាប់សន្និសីទសារព័ត៌មានថា៖«ខណៈពេលដែលតួលេខកំពុងថយចុះ នៅតែមានមនុស្សជាច្រើនបានស្លាប់ ហើយនៅតែមានមនុស្សជាច្រើនកំពុងធ្លាក់ខ្លួនឈឺ»។ ក្នុងរយៈពេល ២៨ ថ្ងៃចុងក្រោយនេះ មានករណីស្លាប់ជាង ២៣,០០០ នាក់ និងករណីឆ្លងថ្មីចំនួន ៣ លាននាក់ត្រូវបានរាយការណ៍ ទៅអង្គការសុខភាពពិភពលោក ក្នុងបរិបទមួយដែលប្រទេសជាច្រើនកំពុងឈានទៅរកការចាក់វ៉ាក់សាំងឱ្យបានច្រើន និងកាត់បន្ថយការធ្វើតេស្តរកវីរុសកូវីដ-១៩។ លោក Ryan បាននិយាយថា មេរោគនេះមិនទាន់ត្រូវបានកម្ចាត់ចោលទាំងស្រុងទេ ទោះដូចជាជំងឺគ្រុនផ្តាសាយ តែវានៅតែបង្កឱ្យមានជំងឺផ្លូវដង្ហើមសំខាន់ៗចំពោះក្រុមមនុស្សដែលងាយរងគ្រោះ៕

Share

ព័ត៌មានទាក់ទង

Image