ក្រោយមានការប្រកាសបិទអាជីវកម្មទេសចរណ៍ ខណៈទេសចរកំពុងហក់ឡើងវិញនៅក្នុងប្រទេស លោកស្រី ឆាយ ស៊ីវលីន ដែលជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា យល់ថា កត្តាតាំងពីកូវីដ១៩ អាចធ្វើឱ្យអាជីវកម្មនេះបន្ដបិទទ្វារ ដោយសារអ្នកបម្រើការងាកទៅកាន់វិស័យផ្សេង និងពិបាកវិលមករកអាជីវកម្មនេះវិញ។ តែយ៉ាងណាស្របពេលនៃការបិទ ក៏មានការបើកឡើងវិញដូចគ្នា។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថាការបន្ដបិទអាជីវកម្មទេសចរណ៍អាចបណ្ដាលលមកពីកត្តាកូវីដ១៩ ដែលជះឥទ្ធិពលដល់ពេលបច្ចុប្បន្ននេះ។ ការលើកឡើងរបស់លោកស្រី បន្ទាប់ពីក្រសួងទេសចរណ៍នៅថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២៣ បានឱ្យដឹងថា អាជីវកម្មទេសចរណ៍ចំនួន៣ បានស្នើសុំបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ដោយក្នុងនោះ២អាជីវកម្ម នៅភ្នំពេញ និង១អាជីវកម្ម នៅខេត្តសៀមរាប។
យ៉ាងណា លោកស្រី ឆាយ ស៊ីវលីន ថា មានអាជីវកម្មទេសចរណ៍ខ្លះត្រូវបិទទ្វារតែក៏មានការបើកថ្មីផងដែរ ដោយហេតុថាបេះដូងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ នៅតែវិលជុំក្នុងវិស័យនេះដដែល។
ផ្អែកតាមក្រសួងទេសចរណ៍ថា ក្រសួងនឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេលមួយខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់។
លោកស្រីប្រធានសមាគមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ មានការបិទអាជីវកម្មជាបន្ដបន្ទាប់ដែរ តែមិនទាន់មានរបាយការណ៍ជាក់លាក់ថាប៉ុន្មាននោះទេ។ ស្របពេលនៃការបិទអាជីវកម្ម ក៏មានការបើកឡើងវិញច្រើនគួរសមដូចគ្នា។ បើតាមការបញ្ជាក់បន្ថែមពីលោកស្រី ឆាយ ស៊ីវលីន អាជីវកម្មសេវាកម្មផ្នែកទេសចរណ៍មានប្រមាណជាង៧០០ក្រុមហ៊ុន កំពុងដំណើរការនៅទូទាំងប្រទេសជាចំនួនថេរនៅឡើយ៕