របាយការណ៍របស់អគ្គស្នងការរដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេល៣ថ្ងៃ (ថ្ងៃទី១៤ ១៥ និង១៦ ខែមេសា) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង ៤៣លើក បណ្តាលឲ្យមនុស្សចំនួន ១៨នាក់បាត់បង់ជីវិត និង៧៧នាក់រងរបួសធ្ងន់ស្រាល។ របាយការណ៍បញ្ជាក់ថា នៅថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតមានចំនួន ៦លើកស្លាប់មនុស្ស២នាក់ របួស១២នាក់។ ថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២០លើកស្លាប់ ៧នាក់ និងរបួស៤៨នាក់។ចំណែកថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៧លើកស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ចំណែក មូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ វ៉ាជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ និងបើកបរក្នុងស្ថានភាពស្រវឹង។
ដោយឡែកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ២៣លើក (យប់ ១៤លើក) បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន១៤នាក់ (ស្រី៤នាក់), របួសសរុបចំនួន៥២នាក់៕