តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត ដែលក្រសួងទេសចរណ៍បានយកមកបូកសរុបបង្ហាញថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ មាន ភ្ញៀវអន្តរជាតិ ៥៥.៦៩១ នាក់។
របាយការណ៍ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ពីតួលេខ តួលេខភ្ញៀវទេសចរណ៍ប្រចាំថ្ងៃផងដែរ ក្នុងនោះ ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ២.០៩៨.៥០១នាក់ ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៤.២៣៧.៧៨០នាក់ ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៦.៨៥១.៤៩០ នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖ ខេត្តសៀមរាប ២.១២០.៣៧៣នាក់ ខេត្តបាត់ដំបង១.៥០០.១៦៨នាក់ ខេត្តកំពង់ចាម១.៤០៨.៨១១នាក់ រាធានីភ្នំពេញ១.០៨០.៥០៩នាក់ រួមនឹងបណ្ដាខេត្តមួយចំនួនទៀតដូចជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺ ជាដើម។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ។ ចំនួនភ្ញៀវទេសចរចេញដើរលេងកម្សាន្តនៅទូទាំងប្រទេសក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនាឆ្នាំ២០២៣នេះ គឺមានការកើនឡើងជាង៨លាន៥៩ម៉ឺននាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានភ្ញៀវទេសចរសរុបត្រឹម៤,៥៩០,៣២៦នាក់៕