en     km
en     km

ព្រះមហាក្សត្រសម្រេចផ្ដល់សញ្ជាតិខ្មែរដល់កីឡាករ ធីអាហ្គូ និងភរិយា

Share

សម្ដេចព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសម្រេចផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារដល់កីឡាករជនជាតិប្រេស៊ីល ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ។ បើតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ចេញយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា លោកស្រី រ៉ូម៉ា ម៉ារៀ រ៉ហ្សានស្កា ស្តេហ្វហ្វន ភរិយាលោក ធីអាហ្គូ ជនជាតិប៉ូឡូញ ក៏ទទួលបានសញ្ជាតិខ្មែរដូចគ្នា។

ការទទួលបានសញ្ជាតិខ្មែរនេះ កើតឡើងបន្ទាប់ពីសម្ដេច ហ៊ុន សែន បានទូលស្នើទៅកាន់ព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរ ដល់កីឡាករប្រដាល់ ប្រេស៊ីល រូបនេះ ក្រោយពីកីឡាករ ធីអាហ្គូ បានផ្សព្វផ្សាយពីប្រដាល់គុនខ្មែរ រហូតត្រូវបានប្រទេសថៃដកហូតខ្សែក្រវ៉ាត់ និងហាមមិនឱ្យឡើងវាយក្នុងប្រទេសថៃទៀត។

សូមជម្រាបថា ការផ្ដល់សញ្ជាតូបនីយកម្ម គឺអាចធ្វើឡើងក្នុងលក្ខណ្ឌជាច្រើន ក្នុងនោះមាត្រា២៣ នៃច្បាប់ស្ដីពីសញ្ជាតិបានចែងថា ជនបរទេសដែលបានបង្ហាញភស្ដុតាងថា ខ្លួនបានផ្ដល់គុណសម្បត្តិពិសេស ឬថ្វីដៃពិសេសអ្វីមួយជាប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា និងបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរ ដោយសញ្ជាតូនីយកម្មបាន ក្នុងករណីដែលបំពេញលក្ខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ និងទី៦ នៃមាត្រា១៩។
ចំណុចទី១ នៃមាត្រា១៩ បានចែងថា មានគំនិត មាយាទ និងសីលធម៌ល្អ។ ចំណែកចំណុចទី២ ចែងថា ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ។ ជាមួយគ្នា ចំណុចទី៣ ចែងថា មានបញ្ជា និងកាយសម្បទាដែលមិននាំឱ្យមានគ្រោះថ្នាក់ ឬនាំឱ្យមានបន្ទុកដល់ជាតិ៕

Share

Image
Image
Image