en     km
en     km

ប៉មសម្រាប់ទស្សនាសត្វស្លាបសាងសង់ដោយប្រើថវិកាពីការលក់ឥណទានកាបូន

Share

ភ្នំពេញ៖ ​ប៉មសម្រាប់ទស្សនាសត្វស្លាបកម្ពស់ ១៦ ម៉ែត្រត្រូវបានសាងសង់ដោយប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូន។ ​ប៉មនេះត្រូវបានសង់ឡើងសម្រាប់បំរើឱ្យវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការសិក្សាស្រាវជ្រាវពីប្រភេទសត្វស្លាបនានានៅក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

ប៉មដែលដែលត្រូវបានសម្ភាធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ នឹងអាចឱ្យភ្ញៀវទេសចរបានទស្សនាសត្វស្លាបជាពិសេសសត្វក្រៀលនៅតំបន់នេះកាន់តែច្រើនបន្ថែមទៀត ពិសេសអាចបង្កើតការងារនិងបង្កើតចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបានថែមទៀតផង។

លោក នេត្រ​ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ការសាងសង់ប៉មទស្សនាសត្វស្លាបជូនដល់តំបន់ការពារទេសភាពនេះ គឺក្នុងគោលបំណងបម្រើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិបន្ថែមទៀត។មួយទៀរនោះ ប៉មនេះនឹងជួយជំរុញឱ្យតំបន់ការពារធម្មជាតិ ក្លាយជាកន្លែងដែលអាចទាក់ទាញទេសចរជិតឆ្ងាយឱ្យមកទស្សនា រួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដើម្បីជួយគាំទ្រចំណូលបន្ថែមទៀតដល់ប្រជាសហគមន៍ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

តំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារទាំង០៤ ក្នុងភូមិសាស្រ្តខេត្តកំពត មានផ្ទៃដីសរុបទំហំ ២១៧ ហិកតា ស្ថិតក្នុងភូមិចំនួន០៣ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងបន្តថា ក្រសួងបរិស្ថានបាន និងកំពុងសាងសង់ប៉មសម្រាប់មើលសត្វចំនួន ១០កន្លែងទៀត ដែលស្ថិតក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ កំពត កែប និងកំពង់ចាម។ ប៉មចំនួន០៧ត្រូវបានសាងសង់រួចរាល់ជាស្ថាពរនិងបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ហើយ និងប៉មចំនួន ០៣ កន្លែងទៀត បានជ្រើសរើសទីតាំងរួចរាល់ ហើយបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។

សូមរំលឹកថា ចាប់ពីឆ្នាំ២០១៦កន្លងមក ក្រសួងបរិស្ថាន បានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន៣ រួមមាន៖ គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។ គម្រោងរេដបូកទាំង៣ ខាងលើនេះ កន្លងមកបានទទួលថវិកាពីការលក់ឥណទានកាបូន ចំនួនប្រមាណ ១១,៦លានដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវបានបែងចែកដល់សហគមន៍មូលដ្ឋាន៕

Share

Image
Image
Image