en     km
en     km

កម្ពុជាស្នើស្វីសជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរប្រទេសទាំងពីរ

Share

ភ្នំពេញ៖ កម្ពុជាបានស្នើទៅកាន់ភាគីស្វីសជម្រុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងកម្ពុជា និងប្រទេសស្វីស ពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការដើមនៅឆ្នាំ២០២៥។

ការស្នើបែបនេះធ្វើឡើងខណៈ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជួបអគ្គនាយកគោលនយោបាយ និងយុទ្ធសាស្ត្រ នៃរដ្ឋបាលអាកាសចរសហព័ន្ធស្វីស កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងតាមរយៈគេហទំព័រគណបក្សប្រជាជន។
ប្រភពបន្តទៀតថា ភាគីប្រទេសកម្ពុជាបានធ្វើបទបង្ហាញទៅភាគីស្វីសដើម្បីស្វែងយល់អំពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ និងពិភាក្សាអំពីលទ្ធភាព ដែលអាចទាក់ទាញនៃការតភ្ជាប់ ជើងហោះហើររវាងប្រទេសទាំងពីរបាន នៅដើមឆ្នាំ២០២៥ខាងមុខ។ ចំណែកឯប្រទេសស្វីសបានធ្វើបទបង្ហាញជូនកម្ពុជាវិញផងដែរ ដើម្បីជាការចែករំលែកអំពីផែនការយុទ្ធសាស្ត្ររបស់ខ្លួន លើការពង្រីកទីផ្សារអន្តរជាតិ មកកាន់ប្រទេសអាស៊ី និងក្តីរំពឹងនៃការដាក់ជើងហោះហើររបស់ខ្លួន មកកាន់ប្រទេសកម្ពុជា នៅពេលវេលាសមស្របណាមួយ។

យ៉ាងណាក៏ដោយភាគីកម្ពុជា មានការរំពឹងទុកយ៉ាងមុតមំាថា «នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការដើមឆ្នាំ២០២៥ នោះជើងហោះហើរថ្មីៗនៃប្រទេសទាំងពីរ និងពីបណ្តាប្រទេសដែលជាមិត្តផ្សេងៗទៀត នឹងអាចមានលទ្ធភាពច្រើន» ដោយផ្អែកលើហេតុផលថា ប្រទេសកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតដំបូងលំដាប់ខ្ពស់បំផុត (4F) ដែលមានសក្តានុពលវិស័យទេសចរ វិនិយោគ និងកិច្ចប្រជុំអន្តរជាតិធំៗ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង