en     km
en     km

វីធីសង្រ្គោះបន្ទាន់ចំពោះអ្នកជំងឺស្ទះសរសៃឈាមខួរក្បាល ឬជំងឺស្រ្តូក

Share

ជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក ជាមូលហេតុចម្បងទី៤នៃការស្លាប់នៅសហរដ្ឋអាមេរិច ដែលមានប្រជាជនប្រមាណ ៨០០,០០០ នាក់មានបញ្ហាស្ត្រូកជារៀងរាល់ឆ្នាំ។ ជំងឺស្ត្រូកកើតឡើងនៅពេលឈាមដែលទៅចិញ្ចឹមខួរក្បាលត្រូវបានកាត់បន្ថយ ឬបានកាត់ផ្តាច់ ។ នៅពេលបញ្ហានេះកើតឡើងខួរក្បាលមិនអាចទទួលបានអុកស៊ីសែន ឬសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យកោសិកាខួរក្បាលស្លាប់។ នេះយោងតាមការបង្ហាញពីគេហទំព័រសុខភាព Healthtime ។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត

 

តាម​គេហទំព័រសុខភាព Healthtime ដដែលក៏បានបង្ហាញថា ជំងឺស្ត្រូកនេះមាន៣ប្រភេទសំខាន់ៗ និងមានមូលហេតុខុសៗគ្នាដូចជា៖

  • ប្រភេទទី១គឺ Ischemic strokes: ជាប្រភេទស្ត្រូកដែលមានច្រើនជាងគេរហូតដល់ប្រមាណ៨៥%។ ជំងឺស្ត្រូកប្រភេទនេះបង្កឡើងដោយការកកស្ទះ ឬរួមតូចនៃសរសៃឈាមក្រហម ដែលធ្វើឱ្យខ្វះឈាមទៅចិញ្ចឹមខួរក្បាល ។ ការកកស្ទះនេះដោយសារតែកំណកឈាម ដែលមកពីសារធាតុខ្លាញ់បានស្ទះក្នុងសរសៃឈាមក្រហម។
  • ប្រភេទទី២ជា Hemorrhagic strokes: បង្កឡើងដោយសារសរសៃឈាមក្រហមក្នុងខួរក្បាលមានការហូរឈាម ឬដាច់តែម្តង។ ឈាមដែលហូរចេញនេះបានបង្កើតជាសម្ពាធ និងសង្កត់ទៅលើខួរក្បាល ធ្វើឲ្យមានការខូចខាត។ ការដាច់សរសៃឈាមនេះដោយសារស្ថានភាពដូចជាជំងឺលើសសម្ពាធឈាមផងដែរ។
  • និងប្រភេទទី៣ Mini-stroke: កើតឡើងនៅពេលឈាមដែលទៅចិញ្ចឹមខួរក្បាលត្រូវបានកាត់ផ្តាច់រយៈពេលខ្លី។

 

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត

 

បន្ថែមពីនេះ ជំងឺស្ត្រូកអាចកើតចំពោះមនុស្សគ្រប់រូបតាំងពីកុមាររហូតដល់មនុស្សពេញវ័យ ប៉ុន្តែប្រហែល ២ភាគ៣ នៃជំងឺនេះកើតឡើងចំពោះមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ។

ជាពិសេសទៅទៀត មានកត្តាមួយចំនួនដែលបង្កើនហានិភ័យនៃជំងឺស្រ្តូកនេះផងដែរ។ ក្នុងនោះរួមមាន អ្នកដែលមានជំងឺលើសឈាម(សម្ពាធឈាមខ្ពស់) កូលេស្តេរ៉ូលខ្ពស់ (លើសជាតិខ្លាញ់ក្នុងឈាម) ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងអ្នកដែលមានប្រវត្តិនៃជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ឬចង្វាក់បេះដូងមិនទៀងទាត់ជាដើម។

ជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក ជាស្ថានភាពដែលគំរាមកំហែងដល់អាយុជីវិត ដែលត្រូវការសង្គ្រោះបន្ទាន់យ៉ាងឆាប់រហ័ស។ ប្រសិនបើអ្នក ឬនរណាម្នាក់មានរោគសញ្ញានៃជំងឺស្ត្រូក សូមទូរស័ព្ទទៅលេខ ១១៩ ជាបន្ទាន់។ ប្រសិនព្យាបាលជំងឺស្ត្រូកបានកាន់តែលឿន នោះអ្នកជំងឺនឹងជាសះស្បើយដោយគ្មានពិការភាព។ដើម្បីសង្គ្រោះអ្នកជំងឺស្រ្តូកទាន់ពេលវេលា សាច់ញាតិអ្នកជំត្រូវចេះតាមដានអាការៈដំបូងៗនៃជំងឺនេះ។

 

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត

 

បើតាមគេហទំព័រសេវាសុខភាពជាតិ នៃចក្រភពអង់គ្លេស (NHS UK)  បានបង្ហាញសញ្ញា​នៃ​ជំងឺ​ស្រ្តូក ដែលអាចសម្គាល់បានដូចតទៅ៖

Face-មុខ ៖ មុខរបស់អ្នកជំងឺវៀចភ្លាមៗ ឬធ្លាក់ចុះមួយចំហៀង​ ហើយមាត់ឬភ្នែករបស់ពួកគេក៏ធ្លាក់ចុះផងដែរ ។

Arm-ដៃ ៖ ទន់ឬស្ពឹកដៃជើងមួយចំហៀងភ្លាមៗ ដោយមិនអាចកំរើកបាន។

Speech-ការនិយាយ ៖ អ្នកជំងឺនឹងពិបាកនិយាយភ្លាមៗ រកនឹកពាក្យ និយាយមិនច្បាស់ ឬនិយាយមិនបានទាល់តែសោះ។

មួយវិញទៀត តាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាលម៉ែត បានធ្វើសំណូមពរដល់សាធារណជន ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យឲ្យបានលឿនបំផុត ព្រោះបើអ្នកជំងឺទៅមន្ទីរពេទ្យទាន់ក្នុងថិរវេលា ៤ម៉ោងដំបូង។ អ្នកជំងឺអាចទទួលបានការព្យាបាល ដោយឱសថទំនើបចុងក្រោយ (Thrombolyse) ដែលអាចរំលាយដុំកំណកឈាមនោះបាន (ប្រសិនបើអ្នកជំងឺ មិនមានកត្តារំខានផ្សេងៗទៀតចំពោះការប្រើប្រាស់ថ្នាំនេះទេ)៕

 

Share

ព័ត៌មានទាក់ទង

Image