ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភានេះ សម្តេចហ៊ុន សែន បន្តប្រតិកម្មចំពោះបណ្ដាទូតលោកសេរីមួយចំនួន ដែលតែងលើកឡើងខ្វាយខ្វល់ចំពោះស្ថានភាពសេរីភាពលោក កឹម សុខា ដែលត្រូវទទួលទោសទណ្ឌជុំវិញសកម្មភាពនយោបាយរបស់ខ្លួន។ តែយ៉ាងណាអ្នកជំនាញភូមិសាស្ត្រនយោបាយ ទាមទារឱ្យរដ្ឋាភិបាលគួររក្សាទំនាក់ទំនងការទូតល្អជាមួយបណ្ដាប្រទេសលោកសេរីឱ្យមានភាពប្រសើរឡើង ជាជាងភាពតានតឹង។ លោក គីម ចាន់ចាវ រាយការណ៍
ថ្វីត្បិតតែមិននិយាយចំឈ្មោះ ប៉ុន្តែគេអាចសន្និដ្ឋានបានថាសម្តេច ហ៊ុន សែន ចង់សំដៅលើករណីលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងដែលត្រូវបានតុលាការកាត់ទោសឱ្យឃុំខ្លួនក្នុងផ្ទះរយៈពេល២៧ឆ្នាំ និងដកសិទ្ធិនយោបាយទាំងស្រុង។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់ទូតបរទេសថា សម្តេចមិនដោះលែង លោក កឹម សុខា ហើយនៅជាប់ទោសយូរ ព្រោះសម្តេចមិនទុកចិត្តបណ្ដាបរទេស ត្បិតមន្ត្រីទូតប្រទេសទាំងនោះតែងជួបពិភាក្សាជាមួយលោក កឹម សុខា កាលពីពេលកន្លងមក។
ការបន្តប្រតិកម្មរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីសម្ពោធអគារព្យាបាល កម្រិតអន្តរជាតិមួយ នៅមន្ទីរពេទ្យកាលម៉ែត នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ ដោយមានការចូលរួមផងដែរពីបណ្ដាទទូតប្រទេសលោកសេរី មួយចំនួនដូចជា បារាំង និងជប៉ុនជាដើម។
«រឿងអីខ្ញុំត្រូវទុកចិត្តអស់លោក អស់លោកទៅធ្វើការជាមួយខ្ញុំ ចេញពីខ្ញុំមក ទៅធ្វើការជាមួយអ្នកជាប់គុក អ្នកពិរុទ្ធជន រួចហើយអស់លោក គិតថាខ្ញុំហ្នឹងជាស្អី។ ខ្ញុំសុំនិយាយឱ្យពិត អស់លោកគិតថាខ្ញុំហ្នឹងជាក្មេងបៀមដៃហ៍? អស់លោកគិតថាខ្ញុំអាចចាប់ដៃជាន់ជើងបាន? អត់ទេ! ថ្ងៃក្រោយឱ្យរាងចាល អានយោបាយបែបហ្នឹង។ អាលូវពីថ្ងៃនេះទៅហា៎ ឱ្យតែអ្នកណាហ៊ានអន្តរាគមន៍ចំពោះបុគ្គលណា បុគ្គលហ្នឹងមកជាប់ទោស គឺត្រូវតែឧបមាថាជាប់៥ឆ្នាំឱ្យវាជាប់ គ្រប់៥ឆ្នាំ។ អត់ព្រមទេ បើអស់លោកមិនចង់ជ្រៀត កុំឱ្យមានការជ្រៀតជ្រែកកិច្ចការបរទេស»។
ពាក្យថាអស់លោក ដែលសម្តចបានលើកឡើងនេះ ទំនងសំដៅដល់ស្ថានទូតលោកសេរីមួយចំនួន ដែលធ្លាប់ជួបពិភាក្សា និងខ្លះធ្លាប់សុំអន្តរាគមន៍ករណីលោក កឹម សុខា មានដូចជា ទូតបារាំង ទូតជប៉ុន ទូតអាមេរិក អង់គ្លេស និងអាល្លឺម៉ង់…ជាដើម។
ឆ្លើយតបនឹងការលើកឡើងរបស់សម្តេច ហ៊ុន សែន តាមរយៈវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុអាស៊ីសេរី ដែលស្និទ្ធនឹងស្ថានទូតអាមេរិក អ្នកនាង Stephanie Arzate អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងតាមសារអ៊ីម៉ែលថា ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺជាចំណុចស្នូលនៃគោលនយោបាយការបរទេសរបស់អាមេរិកនៅកម្ពុជា និងជុំវិញពិភពលោក។ អ្នកនាងបន្ដថា អាមេរិកមិនគាំទ្របុគ្គល ស្ថាប័ន ឬគណបក្សនយោបាយណាមួយឡើយ ហើយការជួបជាមួយបុគ្គលនានា ជាបែបបទ និងការអនុវត្តនៃការទូតរបស់អាមេរិក។ អ្នកនាំពាក្យទូតអាមេរិករូបនេះ បានចាត់ទុកថាការកាត់ទោសដាក់ពន្ធនាគារលោក កឹម សុខា រយៈពេល២៧ឆ្នាំ គឺជាកង្វល់មួយ ហើយអយុត្តិធម៌សម្រាប់រូបលោក។
បើទោះបីជាទូតលោកសេរី មួយចំនួនបានលើកឡើងពីក្ដីកង្វល់នានា និងបញ្ហាសេរីភាព ប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែទូតបណ្ដាប្រទេសអាស៊ានមិនធ្លាប់បានចេញប្រតិកម្មណាមួយឡើយ។ សម្តេចហ៊ុន សែន ក៏បានព្រមានដល់ប្រទេសលោកសេរីទាំងនោះថា នឹងប្រើសិទ្ធិជាសមាជិកអាស៊ាន បដិសេធ ឬវេតូ ចំពោះសេចក្ដីថ្លែងការណ៍ណាមួយដែលពាក់ព័ន្ធនឹងប្រទេសលោកសេរីទាំងនោះ។
«កម្ពុជា ជាសមាជិកអាស៊ាន តែកាលណាកម្ពុជាវេតូនោះ តែកាលណាគ្មានកុងសង់ស៊ីស គឺថាដោះស្រាយបញ្ហាអត់បានទេ។ ចឹងគោលដៅដែលអ្នកឯងចង់បានអី បើខ្ញុំមិនឱ្យគឺនៅតែអត់ ចឹងសុំមើលកម្ពុជាឱ្យលើសពីកម្ពុជា។ កម្ពុជាជាសមាជិកអាស៊ានដែលមានសិទ្ធិមិនព្រមចេញសេចក្ដីថ្លែងការណ៍ណាមួយ….សង្កត់កម្ពុជា តែកុំភ្លេចថាបើសង្កត់កម្ពុជាក៏ស្មើនឹងសង្កត់អាស៊ានដែរ»។
លើបញ្ហានេះ លោក វណ្ណ ប៊ុនណា អ្នកសិក្សាស្រាវជ្រាវភូមិសាស្ត្រនយោបាយនៃវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព(CICP) យល់ថា ការប្រើបញ្ហានយោបាយផ្ទៃក្នុង ដោយប្រើសិទ្ធិជាសមាជិកអាស៊ាន អាចធ្វើឱ្យកម្ពុជាខាតបង់ផលប្រយោជន៍ពីប្រទេសលោកសេរី។
«ការដែលយកទាក់ទងនឹងនយោបាយផ្ទៃក្នុង ទៅភ្ជាប់ជាមួយកិច្ចការអាស៊ានពាក់ព័ន្ធនឹងផលប្រយោជន៍ ខ្ញុំមើលឃើញថាកម្ពុជាអាចនឹងបាត់បង់ផលប្រយោជន៍ ច្រើនជាងដែលធ្វើឱ្យទំនាក់ទំនងរវាងបណ្ដាប្រទេស ក៏ដូចជាអាស៊ានហ្នឹងមានបញ្ហាផងដែរ។ ដូច្នេះខ្ញុំគិតថា ការថ្លឹងថ្លែងផលប្រយោជន៍នយោបាយផ្ទៃក្នុង និងផលប្រយោជន៍តំបន់ វាពិបាកឱ្យមានភាពស៊ីចង្វាក់គ្នា ដូច្នេះកម្ពុជាអាចពិបាកក្នុងការសម្រេចចិត្តផងដែរ»។
អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ យល់ថារដ្ឋាភិបាលកម្ពុជា គួរព្យាយាមរក្សាទំនាក់ទំនងការទូត ជាមួយបណ្ដាប្រទេសលោកសេរីឱ្យមានភាពប្រសើរឡើង ត្បិតកម្ពុជាអាចទាញប្រយោជន៍ពីលោកសេរី ច្រើនជាងបណ្ដាប្រទេសទាំងនោះទាញប្រយោជន៍ពីកម្ពុជា៕