គណបក្សភ្លើងទៀនបានបង្ហាញជំហររបស់ខ្លួនជាថ្មីម្ដងទៀតថា បក្សខ្លួនប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា និងសន្តិវិធី ក្នុងការធ្វើសកម្មភាពនយោបាយ ស្របតាមស្មារតីច្បាប់នានាដែលបានកំណត់ដើម្បីទទួលបានសិទ្ធិចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដាខាងមុខនេះ។
នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិចេញផ្សាយកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣។
តាមរយៈសេចក្តីថ្លែងការណ៍ខាងលើ បក្សបានបញ្ជាក់ជំហរបដិសេធថា បក្សពុំមានជាប់ពាក់ព័ន្ធនិងមិនទទួលខុសត្រូវចំពោះលិខិត ឬឯកសារនានាដែលចេញដោយរូបវន្តបុគ្គល រួមទាំងលិខិតចំហរចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ផងដែរ។
ជាការកត់សម្គាល់ កាលពីថ្ងៃទី២១ ខែឧសភា មន្រ្តីគណបក្សភ្លើងទៀន និងសមាជិកម្នាក់ទៀត ត្រូវបានរាជរដ្ឋាភិបាលឱ្យពន្យល់ពីការលើកឡើងថា “តស៊ូទម្លាក់ ហ៊ុន សែន ឱ្យបាន”។ ក្នុងនោះគណបក្សបានបកស្រាយថា គណបក្សពុំជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលិខិត ឬឯកសារនានាដែលចេញដោយរូបវន្ដបុគ្គលរួមទាំងលិខិតចំហរចុះថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៣ របស់លោក ជា ប៉ូច ផងដែរ។
ក្រោយមករាជរដ្ឋាភិបាលបានទទួលស្គាល់ការបកស្រាយនេះ ដែលនេះជាពន្លឺថ្មីមួយនាំបក្សប្រឆាំងមួយនេះអាចទទួលបានឱកាសប្រកួតប្រជែងក្នុងការបោះឆ្នោតវិញ។ តែទោះបីជារាជរដ្ឋាភិបាលបានទទួលស្គាល់ពីការពន្យល់របស់គណបក្ស តែសម្រាប់រឿងបុគ្គល លោក ជា ប៉ូច មិនទាន់បានដោះស្រាយនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។