អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យទី២១ ឧសភា ឆ្នាំ ២០២៣ថាកងទ័ពរបស់ខ្លួននៅតែឈរជើងជុំវិញទីក្រុង Bakhmut ដើម្បីឡោមព័ទ្ធទីក្រុងនេះ បន្ទាប់ពីទីក្រុងម៉ូស្គូបានអបអរសាទរកងទ័ពខ្លួននិងកងទ័ពស៊ីឈ្នួល Wagner ថាបានវាយកាន់កាប់ទីក្រុងនេះទាំងស្រុងហើយ។
យោងតាមរ៉យទ័រ រុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ទី២០ ឧសភា ឆ្នាំ២០២៣ថាខ្លួនបានវាយយកទីក្រុង Bakhmut បានទាំងស្រុងហើយ។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសរសើរកងទ័ពរបស់លោក និងក្រុមទាហ៊ានស៊ីឈ្នួល Wagner ។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យ ឧត្តមសេនីយកំពូលអ៊ុយក្រែនម្នាក់បាននិយាយថា កងទ័ពរបស់ខ្លួននៅតែគ្រប់គ្រងផ្នែកខ្លះនៃទីក្រុងBakhmut នៅឡើយ ទោះបីជាកងទ័ពរុស្ស៉ីបានចូលក្នុងទីក្រុងក៏ដោយ។ឧត្តមសេនីយ Oleksandr Syrskyi បានសរសេរក្នុងTelegram ថាកងទ័ពអុយក្រែន កំពុងវាយបកលើកងទ័ពរុស្ស៊ីនៅតំបន់ជាយក្រុង ហើយជិតបាន “ឡោមព័ទ្ធ” ទីក្រុង Bakhmut ដែលធ្លាប់មានប្រជាជន៧ម៉ឺននាក់រស់នៅ។
លោកឧត្ដមសេនីយ៍ Syrskyi មេបញ្ជាការកងកម្លាំងជើងគោកអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានទៅទស្សនកិច្ចសមរភូមិជួរមុខនៅជិតទីក្រុងBakhmut ជាកន្លែងដែលការប្រយុទ្ធគ្នាជាង៩ខែ។ លោកSyrskyi អះអាងថាកងកម្លាំងអ៊ុយក្រែនកំពុងបន្តរុលទៅមុខនៅតាមជាយទីក្រុងBakhmut។
លោកស្រី Hanna Maliar អនុរដ្ឋមន្រ្តីការពារជាតិអុយក្រែនបានសរសេរនៅលើ Telegram ថា “កងកម្លាំងរបស់យើងបាន ឡោមព័ទ្ធទីក្រុងបានពាក់កណ្តាល ដែលធ្វើឱ្យយើងមានឱកាសកំទេចសត្រូវ ហើយសត្រូវត្រូវតែការពារខ្លួននៅផ្នែកខ្លះនៃទីក្រុងដែលពួកគេបានគ្រប់គ្រង” ។
សេចក្តីថ្លែងការណ៍មួយរបស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការវាយលុករបស់រុស្ស៊ីនៅទីក្រុង Bakhmut មិនទាន់ឈប់នៅឡើយទេ រួមទាំងការវាយប្រហារតាមអាកាសផងដែរ។
នៅថ្ងៃអាទិត្យ មេដឹកនាំទាហ៊ានស៊ីឈ្នួល Wagner គឺលោក Yevgeny Prigozhin បាននិយាយជាសារ សំឡេងនៅលើ Telegram ថាការងារក្រុមរបស់លោកបានបញ្ចប់ហើយ ហើយកងកម្លាំងរបស់លោកនឹងចាកចេញពីទីក្រុង Bakhmut ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុននេះ។
លោក Prigozhin បាននិយាយថា “ថ្ងៃនេះក្រុម Wagner មិនច្បាំងយកទឹកដីទេ។ យើងបានវាយយកទឹកដីទាំងអស់ដែលយើងបានសន្យារហូតដល់សង់ទីម៉ែត្រចុងក្រោយ” ។ “ដូចដែលយើងបាននិយាយកាលពីម្សិលមិញ។ យើងកំពុងប្រគល់ទីតាំងរបស់យើងទៅឱ្យក្រសួងការពារជាតិរុស្ស៊ី ហើយនៅថ្ងៃទី២៥ ខែ ឧសភាយើងនឹងចាកចេញពីតំបន់ជម្លោះ” ។
គួរបញ្ជាក់ផងដែរថាទីក្រុង Bakhmut មិនមែនជាទីតាំងយុទ្ធសាស្ត្រទេ នេះបើយោងតាមអ្នកវិភាគយោធា ទោះបីជាទីក្រុងម៉ូស្គូបាននិយាយថា ការចាប់យកទីក្រុងនេះនឹងអាចបោះជំហានឆ្ពោះទៅមុខកាន់តែជ្រៅទៅក្នុងតំបន់ឧស្សាហកម្មDonbas ដែលរុស្ស៊ីអះអាងថាបានបញ្ចូលតំបន់នេះមកជាទឹកដីរបស់ខ្លួនរួចហើយក៏ដោយ៕
ប្រភព៖ Reuters ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣