ស្វាយរៀង៖ នាយករដ្ឋបាលសាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធ បានប្រាប់វិទ្យុស្ត្រី FM 102 នៃ WMC នៅថ្ងៃទី២២ ខែធ្នូ នេះថា សាលាខេត្តស្វាយរៀងបានធ្វើការកោះអញ្ជើញភាគីដែលពាក់ព័ន្ធរួមមាន តំណាងសហជីព និងតំណាងភាគីរោងចក្រ ចូលរួមបើកកិច្ចប្រជុំពិភាក្សាមួយ ដើម្បីឈានទៅបញ្ចប់ភាពតានតឹងរវាងកម្មករនិងថៅកែរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង នេះ។
លោក រស់ ផារិទ្ធ បន្តថា ដោយមើលឃើញពីស្ថានភាពតវ៉ាកាន់តែខ្លាំងពីសំណាក់កម្មករនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និងតាយ សេង នៅក្នុងក្រុងបាវិតជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ សាលាខេត្តបានធ្វើការកោះអញ្ជើញភាគីដែលពាក់ព័ន្ធរួមមាន តំណាងសហជីព និងតំណាងភាគីថៅកែរោងចក្រ និងមានការសម្របសម្រួលដោយអាជ្ញាធរខេត្ត ដើម្បីជជែកពិភាក្សាដោះស្រាយបញ្ហាដែលកំពុងកើតមានរវាងថៅកែរោងចក្រ និងកម្មករនៅក្រុងបាវិតនេះ។
មន្ត្រីសាលាខេត្តស្វាយរៀងរូបនេះបន្ថែមថា នៅរសៀលម៉ោង២ថ្ងៃនេះ កិច្ចប្រជុំនឹងលើកយករបៀបវារៈសំខាន់ៗ មួយចំនួនរួមមាន៖ ការសម្របសម្រួលដោះស្រាយបញ្ហាកូដកម្មរបស់កម្មករ កម្មាការនី នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតាយ សេង និងបញ្ហាការទាមទារតំឡើងប្រាក់ឈ្នួលរបស់កម្មករ។
លោក ជា ឧត្តម មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករប្រចាំនៅខេត្តស្វាយរៀង បានឱ្យដឹងថា លោកនឹងទៅចូលប្រជុំតាមការកោះហៅរបស់សាលាខេត្តស្វាយរៀងនៅរសៀលនេះ។ លោក ជា ឧត្តម បានបញ្ជាក់ពីមូលហេតុនៃការចេញតវ៉ារបស់កម្មករថា ដោយសារតែថៅកែធ្លាប់បានសន្យាផ្តល់ប្រាក់ឈ្នួលបន្ថែម ២០ ដុល្លារ ដល់កម្មករនៅឆ្នាំ២០១៦ ប៉ុន្តែនៅពេលដែលរាជរដ្ឋាភិបាលប្រកាសដំឡើង១២ដុល្លារបន្ថែមពីលើប្រាក់ឈ្នួល ១២៨ ដុល្លារ ស្រាប់តែថៅកែរោងចក្រមិនព្រមដំឡើងតាមការសន្យារបស់ខ្លួន។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ សកម្មភាពតវ៉ាពីសំណាក់ក្រុមកម្មករបានកក្រើកជាថ្មីម្តងទៀត។ រថយន្តពន្លត់អគ្គីភ័យ ១គ្រឿង បានបែកកញ្ចក់ និងសមត្ថកិច្ចមួយចំនួន ដែលដាក់ការពារនៅតំបន់នោះ រងរបួសដោយសារក្រុមកម្មករគប់ដុំថ្ម៕