en     km
en     km

យុវជនជាង៣០នាក់ទទួលបានចំណេះដឹងស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយពីWMC

Share

ភ្នំពេញ៖ ក្រុមយុវជនប្រមាណ ៣០ នាក់ក្នុងនោះមានស្រី១៥នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)ស្ថិតក្នុងទីតាំងក្រុមជំនុំផ្លូវខ្វែង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។

សកម្មភាពក្នុងវគ្គបណ្តុះបណ្តាលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនៅក្រុមជំនុំផ្លុវខ្វែងដែលរៀបចំដោយWMC។

 

វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃគឺពីថ្ងៃទី១៨ និងទី១៩ខែឧសភាឆ្នាំ២០២៣នេះ រៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយដល់សិក្ខាកាមចូលរួម ពិសេសគឺចង់ឱ្យយុវជនក្លាយជាពលរដ្ឋអ្នកសារព័ត៌មានដែលអាចមានសមត្ថភាពធ្វើសេចក្តីរាយការណ៍ព័ត៌មានពីរឿងរ៉ាវក្នុងសហគមន៍ផ្សព្វផ្សាយគេហទំព័រWMC។

លោក សុខា គ្រូបង្គោលនៃWMCកំពុងពន្យល់មេរៀនដល់សិក្ខាកាម។

 

ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ ក្រុមគ្រូបង្គោលនៃWMCបានផ្តល់នូវមេរៀនមួយចំនួនទាក់ទងប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយ ដែលប្រជាពលរដ្ឋនៅប្រើប្រាស់ដើម្បីទទួលបានព័ត៌មានផ្សេងៗដូចជា កាសែត ទូរទស្សន៍ វិទ្យុ ការផ្សាយតាមទីសាធារណៈ និងប្រព័ន្ធឌីជីថល។

កញ្ញា សិទ្ធី គ្រូបង្គោលនៃWMCធ្វើបទបង្ហាញមេរៀននិងបកស្រាយសំនួរជូនសិក្ខាកាម។

 

មេរៀនសំខាន់មួយទៀតនោះ គឺផ្តោតលើមេរៀន ការសរសេរព័ត៌មាន(5W1H) ការសម្ភាសន៍ របៀបថតរូបនិងមេរៀនប្រភព»ដែលមេរៀនទាំងអស់នេះនឹងអាចធ្វើឱ្យសិក្ខាកាមអាចមានសមត្ថភាពផលិតព័ត៌មានខ្លីៗបាន។

ដោយឡែកក្នុងពេលរៀនគ្រូបង្គោលបានដាក់លំហាត់ការងារជាក្រុមដល់សិក្ខាកាមដើម្បីពួកគេបានយល់កាន់តែច្បាស់ពីមេរៀន។ ជាការសង្កេត យុវជនជាសិក្ខាកាមបានចូលរួមធ្វើការងារជាក្រុមយ៉ាងសកម្មដោយពួកគេបានចូលរួមផ្តល់មតិយោបល់គ្នាទៅវិញទៅមក និងឡើងធ្វើបទបង្ហាញពីកិច្ចការក្រុមរបស់ពួកគេរៀងៗខ្លួន។ នៅពេលក្រុមនីមួយៗឡើងធ្វើបទបង្ហាញនោះដែរ សិក្ខាកាមក្រុមផ្សេងៗទៀតបានលើកជាសំនួរនិងបានផ្តល់មតិយោបល់បន្ថែមដើម្បីឱ្យកិច្ចការកាន់តែល្អប្រសើរជាងមុន។

សិក្ខាកាមធ្វើការងារក្រុមមុនឡើងធ្វើបទបង្ហាញ។

 

លោក ផាន ភ័ព្វបារមី នាយកគម្រោងនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ថ្លែងចាប់អាម្មរណ៍ក្នុងកម្មវិធីនេះថា ការចូលរួមរបស់សិក្ខាកាមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះក្រោយពីប្អូនៗសិក្ខាកាមសិក្សាចប់ ពួកគេអាចមានសមត្ថភាពអាចសរសេរព័ត៌មានពីសហគមន៍ដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋ។ លោកបញ្ជាក់ថា ការផលិតអត្ថបទរបស់ប្អូនៗយុវជននឹងមានការកែសម្រួលជួយតម្រង់ទិសពីគ្រូបង្គោលនៃWMCមុននឹងចេញផ្សាយ ដើម្បីប្រាដកថា ព័ត៌មានមានភាពសុក្រិតត្រឹមត្រូវបានវិជ្ជាជីវៈសារព័ត៌មាន។

លោក ភ័ព្វបារមី សង្កត់ធ្ងរថា ការចំណាយពេលរបស់សិក្ខាកាមក្នុងការធ្វើសេចក្តីរាយការណ៍រឿងរ៉ាវក្នុងសហគមន៍គឺជាការរួមចំណែកក្នុងផ្លាស់ប្តូរជាវិជ្ជមាន ពិសេសដើម្បីឱ្យមានការឆ្លើយតបពីអាជ្ញាធរដល់ពលដែលជាផ្នែកនៃអភិវឌ្ឍន៍ក្នុងសហគមន៍។

លោក ផាន ភ័ព្វបារមី នាយកគម្រោងនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បានថ្លែងបើកនិងបិទវគ្គដោយលើកឡើងពីសារៈសំខាន់នៃសារព័ត៌មាន។

 

នៅចុងកម្មវិធីសិក្ខាកាមដែលបានចូលរួមបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេបានរីករាយដែលបានចូលរួមវគ្គបណ្តុះបណ្តាលMILនេះ ព្រោះបានយល់ដឹងកាន់តែច្បាស់ពីប្រព័ន្ធផ្សព្វផ្សាយ និងមូលដ្ឋាននៃការសរសេរព័ត៌មានខ្លីនិងយល់ពីប្លង់នៃការថតរូបកាន់តែច្បាស់។ សិក្ខាកាមដែលចូលរួមយល់ថា ចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះនឹងអាចឱ្យពួកគេមានមូលដ្ឋានចេះចុះយកព័ត៌មាននិងសរសេរព័ត៌មានតាមវិជ្ជាជីវៈនៃសារព័ត៌មាន។ សិក្ខាកាមឱ្យដឹងបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់វគ្គនេះពួកគេនឹងព្យាយាមឆ្លៀតពេលចុះធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលកំពុងកើតមានក្នុងសហគមន៍របស់ពួកគេឱ្យមានដំណោះស្រាយកាន់តែល្អប្រសើរ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដែលរៀបចំដោយWMCនេះ ទទួលបានការគាំទ្រថវិកាInterNews៕

ខាងក្រោមជាកម្រងរូបភាពនៃវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ៖

 

 

 

Share

ព័ត៌មានទាក់ទង

Image