en     km
en     km

សហភាពផ្ទះបាយសាមគ្គីចាត់ទុកការឃាត់ខ្លួនសង្គមស៊ីវិល៣រូបជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

Share

អាជ្ញាធរខេត្តក្រចេះបានបញ្ជូនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)និងមន្ដ្រីជាន់ខ្ពស់២រូបទៀតទៅកាន់ស្នងការដ្ឋានខេត្តរតនគិរីដោយពុំដឹងមូលហេតុច្បាស់លាស់។ ទាក់ទងនឹងបញ្ហានេះសមាគមសហភាពផ្ទះបាយសាមគ្គីបានចាត់ទុកការចាប់ខ្លួនសកម្មជនទាំង៣រូបខាងលើថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៣នេះ សហភាពផ្ទះបាយសាមគ្គី បានចេញសេចក្តីថ្លែងការណ៍អំពី
ករណីឃាត់ខ្លួនក្រុមការងាររបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាចំនួន៣នាក់ ថាជាទង្វើដែលរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញាធររដ្ឋមកលើសមាគម ដែលបាននឹងកំពុងធ្វើការងារយ៉ាងសកម្មលើការលើកកម្ពស់សិទ្ធិមនុស្សជាមូលដ្ឋាន ដើម្បីផលប្រយោជន៍ជនក្រីក្រ និងជនងាយរងគ្រោះ។

ការចេញសេចក្ដីថ្លែងការណ៍នេះ បន្ទាប់ពីអាជ្ញាធរខេត្តក្រចេះ បានឃាត់រថយន្ដរបស់ក្រុមការងារសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ធ្វើដំណើរចេញពីសិក្ខាសាលានៅក្នុងខេត្តរតគិរីកាលពីថ្ងៃទី១៧ ខែឧសភា  ក្នុងនោះមានលោក ថេង សាវឿន ដែលជាប្រធានសមាគម និងក្រុមការងាររបស់លោកចំនួន១៦នាក់។
នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៣ ស្នងការដ្ឋានខេត្តក្រចេះបានដោះលែងក្រុមការងារសមាគម តែទុកលោកថេង សាវឿន និងមន្ដ្រីជាន់ខ្ពស់២រូបទៀតប៉ុណ្ណោះ ហើយបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តរតនគិរី ហើយដើម្បីបន្តនីតិវិធីសាកសួរ។

សមាគមអាហុក ដែលកំពុងតាមដានរឿងនេះដែរ បានឱ្យដឹងថា ពួកគេទាំងបីនាក់ នៅមិនទាន់ជួបមេធាវី ការពារជូនពួកគេនៅឡើយទេ ។ បន្ថែមពីនេះ សមាគម និងអង្គការសង្គមស៊ីវិលជាដៃគូផ្សេងទៀត ដែលមានការព្រួយបារម្ភពីសុវត្ថិភាពអ្នកទាំង៣ កំពុងតែឃ្លាំមើល និងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។

បើតាមអាដហុកដដែល មិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់ពីមូលហេតុនៃការឃាត់រថយន្ដក្រុមការងារសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជានោះទេ ដោយគ្រាន់តែរំលេចថា ក្រុមការងារសមាគមចូលរួមសិក្ខាសាលាការកសាងក្រុម និងពង្រឹងសមត្ថភាពបុគ្គលិក។

សូមជម្រាបថា ក្រៅពីការឃាត់ខ្លួន អាជ្ញាធរក៏បានដកហូតសម្ភារៈ ឧបករណ៍អេឡិចត្រូនិចរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាផងដែរ។ សហភាពផ្ទះបាយសាមគ្គីបានហៅសកម្មភាពសាកសួរ ដកហូតសម្ភារៈ និងឧបករណ៍អេឡិចត្រូនិច របស់អាជ្ញាធរ គឺជាសកម្មភាពរំលោភលើឯកជនភាពយ៉ាងធ្ងន់ធ្ងរ។

បន្ថែមពីនេះ សហភាពផ្ទះបាយសាមគ្គី ថាបញ្ហានេះវាមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរដ្ឋបាន ធ្វើទុក្ខបុកម្នេញមកដល់សមាជិកសហភាព។ សហភាពបញ្ជាក់ថាទង្វើនេះហាក់បង្ហាញពីចេតនា ដដែលៗរបស់អាជ្ញាធររដ្ឋក្នុងការបង្កការលំបាកដល់ពួកយើងជាអង្គការសង្គមស៊ីវិល ដែលកំពុងបំពេញការងារ ក្នុងការជ្រោមជ្រែងរាជរដ្ឋាភិបាលធ្វើឲ្យប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គមដែលសមស្របនឹងផែនការយុទ្ធសាស្រ្តថ្នាក់ជាតិ។
សហភាពផ្ទះបាយសាមគ្គីអះអាងថា សកម្មភាពរបស់សមាគមគឺជាការងារស្របតាមលក្ខន្តិកៈរបស់សមាគម និងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគម ព្រមទាំងច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធនានា។ ជាមួយគ្នា សហភាពអំពាវនាវដល់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តរតនគិរី ដោះលែងបុគ្គលិកសមាគមទាំងបីរូបឲ្យមានសេរីភាពវិញ ហើយបញ្ឈប់សកម្មភាពយាយីមកលើសកម្មជនសិទ្ធិមនុស្សគ្រប់រូបភាព។

នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះដែរ តំណាងសហគមន៍មកពីខេត្តចំនួន៤ រួមមាន ខេត្តស្វាយរៀង ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តកោះកុង មានសមាជិកប្រមាណជា 150នាក់​ បានប្រមូលផ្តុំគ្នានៅរបងក្រសួងមហាផ្ទៃដើម្បីទាមទារឱ្យដោះលែង​បុគ្គលិកទាំ ង៣រូបរបស់សមាគម CCFC ដែលត្រូវបានស្នងការខេត្តរតនៈគិរីកំពុងឃុំខ្លួន។

សូមជម្រាបថា សហភាពផ្ទះបាយសាមគ្គីជាបណ្តុំស្ថាប័នសមាជិកភាពនៃ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សមាគមបណ្តាញយុវជនកម្ពុជា (CYN)  សហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា (CFSWF) និងCICA៕

Share

ព័ត៌មានទាក់ទង

Image