en     km
en     km

អង្គការសង់ត្រាល់ថាការជួញដូរមនុស្សនៅកម្ពុជាមិនទាន់មានភាពប្រសើរឡើងនៅឡើយទេ

Share

ភ្នំពេញ៖ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក ឌីថេ ហូយ៉ា សង្កេតឃើញថាបញ្ហាជួញដូរមនុស្សនៅកម្ពុជាហាក់ពុំទាន់មានភាពល្អប្រសើរនោះទេ។

ការលើកឡើងបែបនេះដោយសារតែលោកមើលឃើញនូវកត្តាមួយចំនួនរួមមាន ការអនុវត្តច្បាប់និងគោលនយោបាយនៃការប្រឆាំងជួញដូរមនុស្សនៅមានកម្រិត។ លោកឌីថេ ហូយ៉ា បានឱ្យដឹងថារយៈពេល៤ខែឆ្នាំ២០២៣នេះ ​ពោលនៅចន្លោះខែមករា ដល់ខែមេសា ពលករ​ខ្មែរមួយចំនួនដែលឆ្លងដែនខុសច្បាប់ដោយគ្មានឯកសារត្រឹមត្រូវត្រូវបានអជ្ញាធរថៃចាប់ខ្លួនរហូតដល់ជិត ៣០ករណី។ ហេតុផលមួយផ្សេងទៀត គឺការបោកបញ្ជោតពីសំណាក់ជនបរទេសតាមរយៈប្រព័ន្ធអនឡាញនៅតែបន្តមានឥតឈប់ឈរ។ ចំណេកឯបញ្ហាការធ្វើអន្តរាគមន៍កាត់បន្ថយការរៀបការជាមួយជនបរទេក៏ជាហានិភ័យសម្រាប់ស្រ្តីខ្មែរក្នុងការចាញ់បោកជនបរទេសទាំងនោះ ក៏មិនទាន់មានភាពល្អប្រសើរ។ ចំណុចនេះលោកឌីថេ ហូយ៉ា ក៏យល់ថាជាមូលហេតុបង្ករឱ្យស្ថានភាពជួញដូរមនុ្សនៅកម្ពុជាកាន់តែធ្លាក់ក្នុងសភាពធ្ងន់ធ្ងរផងដែរ។

លោក ឌីថេ ហូយ៉ា៖ «យើងឃើញស្ថានភាពនៃស្ត្រីខ្មែរត្រូវបានចាញ់បោក គេយកទៅលក់ទៅយកប្តីចិន ឬមួយទៅធ្វើអាជីវកម្មផ្លូវភេទអីផ្សេងៗនៅប្រទេសចិនតាមរយៈការឆ្លងកាត់ព្រំដែនខ្មែរវៀតណាម វៀតណាមចិន អីហ្នឹង ហាក់ដូចមិនទាន់មានភាពប្រសើរនៅឡើយទេតាមរយៈការទប់ស្កាត់ហ្នឹង។ ចំណេកការអន្តរាគមន៍ជួយវិញ យើងឃើញថាក៏មិនទាន់មានភាពប្រសើរដែរ មានន័យថានៅពេលដែលគាត់មានបញ្ហា ស្វែងរកសេវាដើម្បីជួយសង្រ្គោះ ការពារពួកគាត់ហ្នឹងក៏វាស្ថិតក្នុងរូបភាពប្រហាក់ប្រហែលដូចហ្នឹងពេលកន្លងមក(មិនទាន់មានភាពប្រសើរ)អីចឹងបាទ។»

ពាក់ព័ន្ធករណីទាំងនេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍រូបនេះ បានឱ្យដឹងថាខាងអង្គការសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស(សង់ត្រាល់)បានចូលរួមជួយអន្តរាគមន៍ទាក់ទងនឹងផ្នែកខ្លះរួចមកហើយផងដែរ។ប៉ុន្តែរាល់ការអន្តរាគមន៍ទាំងនោះពុំទាន់បានគ្របដណ្តប់លើបញ្ហាទាំងមូលនោះទេពីព្រោះតែមូលហេតុមួយចំនួន។

លោកឌីថេ ហូយ៉ា៖ «ជារួមយើងជួយអន្តរាគមន៍បានមួយផ្នែក ដែលយើងទទួលបានករណី ឧទាហរណ៍ថា គាត់ស្នើសុំសំណើឱ្យជួយតាមរយៈផេកអង្គការ សង់ត្រាល់ក្តី តាមរយៈបុគ្គលិកប្រចាំការនៅប្រទេសគោលដៅនៅប្រទេសថៃក្តី​គឺយើងបានជួយអន្តរាគមគាត់ ប៉ុន្តែការជួយអន្តរាគមទាំងអស់នោះគឺវាមិនបានគ្របដណ្តបទាំងមូទេ មានន័យថាមិច ឧទាហរណ៍ថាគាត់ត្រូវបានគេរំលោភបំពានអីផ្សេងៗទៅ យុត្តិធម៌របស់គាត់ក្នុងផ្លូវតុលាការ ទាក់ទងនឹងសំណងអីផ្សេងៗហាក់ដូចជាវាពិបាកក្នុងការទទួលបាននូវយុត្តិធម៌អីចឹងណាស់។ ជារួមយើងផ្តល់សេវាតាមលទ្ធភាពដែលអាចធ្វើទៅបាន ប៉ុន្តែយើងឃើញថាដំណោះរការរាំងស្ទះនៅផ្លូវតុលាការក៏ដូចជាកិច្ចអន្តរាគមភាគីពាក់ព័ន្ធជាពិសេសអ្នកដែលអនុវត្តគោលនយោបាយហ្នឹងតែម្តង»។

ថ្មីៗនេះសម្តេចក្រឡោហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឱ្យដឹងអំពីលទ្ធផលនៃការអនុវត្តផែនការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ តាមរយៈទំព័រហ្វេសប៊ុកសម្តេចផ្ទាល់ផងដែរថា មានសំណើរចំនួន១២៨សំណើ។តាមរយៈតួលេខនេះ ឃើញថាសំណើសុំកិច្ចអន្តរាគមន៍ បានថយចុះ ៧៨% ពោលគឺថយពី៦០៥ មកនៅត្រឹម១២៨សំណើ។ ក្នុងចំណោម១២៨សំណើ ដែលសមត្ថកិច្ចបានស្រាវជ្រាវរកឃើញចំនួន៧៥សំណើ ស្មើនឹងមនុស្សចំនួន១៨៤នាក់ (ស្រី២០នាក់) ៧សញ្ជាតិ ដោយសមត្ថកិច្ចសង្គ្រោះបានជនរងគ្រោះចំនួន១០នាក់ ឃាត់ខ្លួន១៣នាក់ ករណីពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស៕

Share

Image
Image
Image