នៅថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៣នេះ កីឡាការិនីប៊ីយ៉ែការ៉ុមកម្ពុជា ស្រួង ភាវី និងជាម្ចាស់មេដាយមាសប៊ីយ៉ែការ៉ុម ៣បាំង នៃព្រឹត្តិការណ៍ស៊ីហ្គេម នឹងវិលទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមបានបញ្ចប់។
យោងតាមហ្វេសប៊ុករបស់កីឡាការិនីពូកែថ្វីដៃរូបនេះ បាននិយាយថា “លាហើយមាតុភូមិជាទីស្រលាញ់របស់ខ្ញុំ ទោះខ្ញុំនៅទីណា អ្នកនៅទីនោះ”។ អ្នកស្រី ស្រួង ភាវី បានអរគុណគ្រប់យ៉ាងដែលបានផ្ដល់ ក្ដីស្រឡាញ់ដ៏មហិមារបស់របស់ប្រជាជនកម្ពុជា ដល់អ្នកស្នេហាជាតិកីឡា។
សូមជម្រាបថា កីឡាការិនីស្រួង ភាវី រកបានមេដាយមាស១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ទោះយ៉ាងណា អ្នកស្រីបានប្រកាសថា ថវិកាដែលបានមកពីការប្រកួត ទាំងប៉ុន្មានមិនថាឈ្នះ ឬចាញ់ ទោះតិចក្ដី ច្រើនក្ដី គឺអ្នកស្រីប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់។
អ្នកស្រីមានមូនិធិសម្បុរសធម៌មួយនៅកម្ពុជា ដើម្បីជួយដល់កុមារដែលមានជំងឺបេះដូង ដោយយកទៅព្យាបាលនៅប្រទេសកូរ៉េតែម្ដង៕