ភ្នំពេញ៖ ត្រីមាសទី១ ឆ្នាំ២០២៣ សមត្ថកិច្ចទទួលបានសំណើទាក់ទងនឹង បទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ចំនួន ១២៨សំណើ សង្គ្រោះបានជនរងគ្រោះចំនួន ១០នាក់ ព្រមទាំងឃាត់ខ្លួន១៣នាក់។ នេះបើតាមការឱ្យដឹងតាមរយៈទំព័ហ្វេសប៊ុកផ្លូវការរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ផេគហ្វេសបុកផ្លូវការរបស់សម្ដេច ស ខេង បានលើកឡើងអំពីលទ្ធផល នៃការអនុវត្តផែនការបង្កើនការ ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ថាក្នុងរយៈពេល ៣ខែនេះ មានអ្នកដាក់សំណើ និងសំណូមពរ មកហ្វេសប៊ុកផេកសម្ដេចផ្ទាល់ និងប្រភពផ្សេងៗចំណុះក្រសួងមហាផ្ទៃ ចំនួន ១៣១សំណើ ស្មើនឹង ១៩៥នាក់។ ដោយឡែកក្នុងចំណោមសំណើសរុប មានស្ទួនចំនួន ៣សំណើ។ ដូច្នេះសរុបសំណើរជាក់ស្ដែងមានចំនួន ១២៨សំណើ។ យ៉ាងណាមានការសង្កេតឃើញថាខេត្តឧត្តរមានជ័យ ខេត្តកោះកុង កណ្ដាល និងព្រះសីហនុ មានសំណើច្រើនករណី ក្នុងរយៈពេល ៣ខែកន្លងមកនេះ។
បើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសម្តេចក្រឡាហោម ដាក់បញ្ចូលលើសំណេរក្នុងហ្វេសបុកផេកដែរនោះបានគូសបញ្ជាក់ថា ក្នុងចំណោម ១២៨សំណើនោះ មានជនបរទេស ៣៧៥នាក់ (ស្រី៣១នាក់) ស្មើ ១០សញ្ជាតិ ក្នុងនោះរួមមាន ចិន ថៃ បង់ក្លាដេស ប៉ាគីស្ថាន ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌា និងឥណ្ឌូនេស៊ី។
ជាលទ្ធផល ក្នុងចំណោម១២៨សំណើនោះ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញចំនួន៧៥សំណើ ស្មើនឹងមនុស្សចំនួន១៨៤នាក់ (ស្រី២០នាក់) មាន៧សញ្ជាតិ ដោយសមត្ថកិច្ចសង្គ្រោះបានជនរងគ្រោះចំនួន១០នាក់ ឃាត់ខ្លួន១៣នាក់។ ក្រៅពីនេះ មានសំណើចំនួន ៦៧ទៀត ត្រូវបានរកឃើញថាគ្រាន់តែជាការស្នើសុំកិច្ចអន្តរាគមន៍ ដើម្បីបានលាឈប់ពីការងារ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ។ ចំពោះសំណើចំនួន៣៣ ស្មើនឹងមនុស្សចំនួន៦៥នាក់ សមត្ថកិច្ចពុំរកឃើញក្នុងទីតាំង តាមសំណើសាមីជនទេ ខណៈសំណើដែលនៅសេសសល់ចំនួន ២១ទៀត ស្មើនឹងមនុស្ស ចំនួន ១២៦នាក់ ក្នុងនោះស្រី២នាក់ សមត្ថកិច្ចកំពុងស្រាវជ្រាវ។
សម្ដេចក្រឡាហោម បន្ដថា ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០២៣កន្លងទៅនេះ សភាពការណ៍គ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ មានការថយចុះគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង បើធៀបនឹងរយៈពេលដូចគ្នា ចាប់ពីពេលចាប់ផ្ដើមទទួលសំណើ ពិនិត្យឃើញថា សំណើសុំកិច្ចអន្តរាគមន៍ បានថយចុះ ៧៨ភាគរយ ពោលគឺពី៦០៥ មកនៅត្រឹម១២៨សំណើ។
ជាផែនការបន្ទាប់ក្នុងការដោះស្រាយបញ្ហាទាំងនេះសម្តេចក្រឡោហោម ស ខេង នឹងបន្តជំរុញឱ្យមានសកម្មភាពក្នុងការត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្ម ក្នុងករណីមានសំណើ ឬមានព័ត៌មានជាក់លាក់ពាក់ព័ន្ធទៅនឹងបទល្មើស ការបង្ខាំងមនុស្ស ការរឹតត្បិតសេរីភាព ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការលួចលាក់បើកអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងស្រាវជ្រាវរកជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់៕