en     km
en     km

តើនាយករដ្ឋមន្រ្តីថ្មីរបស់ថៃជានរណា?

Share

 

ថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ថៃបើកឱ្យប្រជាពលរដ្ឋមកបោះឆ្នោតគាំទ្រគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ស្របតាមគោលការណ៍ និងច្បាប់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់ប្រទេសថៃ។ ក្នុងនោះដែរ គណបក្ស Move Forward ទទួលបានអាសនៈសភាច្រើនជាងគេបង្អស់ ពោលគឺ ១៥២អាសនៈ ដោយឈរលើលំដាប់ទី១។ ខណៈតាមពីក្រោយដោយគណបក្សភឿថៃ ដឹកនាំដោយគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ទទួលបាន១៤១អាសនៈ។ ចំណែក គណបក្ស UTN ដឹកនាំដោយនាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន ទទួលបានតែ ៣៦អាសនៈ ដែលនាំឱ្យគណបក្សនេះឈរលើលំដាប់លេខរៀងទី៥។ បើតាមលទ្ធផលបឋមចុងក្រោយនៃការបោះឆ្នោតនេះ នាយករដ្ឋមន្រ្តីថៃក្នុងអាណត្តិថ្មីមិនអាចជាលោក ប្រាយុទ្ធ ចាន់អូចា នោះទេ តែអាចជាមេដឹកនាំគណបក្ស Move Forward ។ តើនាយករដ្ឋមន្រ្តីថ្មីរបស់ថៃជានរណា?សូមនាង កញ្ញា លោកលោកស្រី អញ្ជើញស្តាប់នូវប្រវត្តិសង្ខេបរបស់អនាគតនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃដូចតទៅ៖

បើយោងតាមសារព័ត៌មាន BBC ប្រធានគណបក្ស Move Forward មានឈ្មោះថា Pita Limjaroenrat មានវ័យ ៤២ ឆ្នាំ ជាទាយាទនៅក្នុងត្រកូលស្តុកស្តម្ភមួយនៅក្នុងប្រទេសថៃ ដែលមានកិត្តិនាម និងធ្លាប់ប្រឡូកក្នុងឆាកនយោបាយ។ ឪពុករបស់លោក Pita ជាមន្រ្តីទីប្រឹក្សាមួយរូបបម្រើការនៅក្នុងក្រសួងកសិកម្ម ចំណែកឯពូរបស់លោក គឺជាជំនួយការរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

រីឯការសិក្សាវិញ លោក Pita បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនៅសកលវិទ្យាល័យ Thammasat នៃទីក្រុងបាងកក និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈពីសាកលវិទ្យាល័យ Harvard រួមទាំងបញ្ចប់ថ្នាក់អនុបណ្ឌិតមួយជំនាញផ្សេងទៀត ពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts នៃសហរដ្ឋអាមេរិក។ ក្រោយមក គ្រួសារបានបញ្ជូនលោក Pita ទៅក្រេបចំណេះដឹងបន្ថែម​នៅសាលានៃប្រទេស​នូវែលសេឡង់ ហើយពេលនោះហើយដែលលោក​ចាប់ផ្តើម​ចាប់អារម្មណ៍ប្រឡូកក្នុងរឿង​នយោបាយ។

គួរបញ្ជាក់ផងដែរថា លោក Pita បានចាប់ផ្តើមអាជីពជាអ្នកនយោបាយនៅក្នុងឆ្នាំ២០១៩ ក្នុងនាមជាសមាជិកនៃគណបក្ស Future Forward ដែលបង្កើតឡើងដោយលោក Thanathorn Juangroongruangkit ដែលជាមហាសេដ្ឋី និងជាអ្នករិះគន់ចំពោះការបង្កចលាចលរបស់យោធាក្នុងប្រទេសថៃ។ ក៏ប៉ុន្តែគណបក្ស Future Forward នេះ ត្រូវបានបង្ខំឱ្យរំសាយភ្លាមៗនៅក្នុងឆ្នាំបន្ទាប់ ក្រោយមានការចោទប្រកាន់ចម្រូងចម្រាសមួយបានកើតឡើង។​

យ៉ាងណាមិញ​ លោក Pita មិនបានបោះបង់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងឆាកនយោបាយនោះទេ ដូច្នេះលោកបានក្រោកឡើងបង្កើតគណបក្ស Move Forward ដែលមានលោកជាអ្នកដឹកនាំផ្ទាល់តែម្តង។ គណបក្ស Move Forward នេះ គឺជាចលនាឆ្ពោះទៅមុខ ដែលជំរុញឱ្យមានការផ្លាស់ប្តូរឈានទៅរកជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល ហើយគណបក្សនេះមានគោលដៅ​បញ្ឈប់ និងលុបចោលនូវរាល់​ច្បាប់​ ដែលប្រមាថចេស្តា​ព្រះមហាក្សត្រថៃ។

ក្នុងនោះ ​មនុស្ស​យ៉ាង​ហោច​ណាស់ ២០០ នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ដែល​ភាគច្រើន​មក​ពី​ចលនា​តវ៉ា​ដឹកនាំ​ដោយ​យុវជន។ ច្បាប់​នេះ​កំណត់​ការ​ដាក់ទោសជាប់​ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ​សម្រាប់​បទ​ល្មើស​នីមួយៗ ដោយ​មាន​ទោស​ខ្លះត្រូវជាប់ពន្ធនាគារ​ជាច្រើនឆ្នាំ។

ដោយឡែក កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ គណបក្ស Move Forward ដែលដឹកនាំដោយលោក Pita ទទួលបានសន្លឹកឆ្នោតច្រើនជាងគេបង្អស់ ដែលនាំឱ្យលោក Pita អាចក្លាយជានាយករដ្ឋមន្រ្តីថៃ សម្រាប់អាណត្តិថ្មីនេះ។

បើយោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា លោក Pita បាននិងកំពុងចងសម្ព័ន្ធភាពជាមួយគណបក្សដទៃទៀត ដើម្បីរៀបចំរដ្ឋាភិបាលថ្មីមួយ។ បច្ចុប្បន្ន លោក Pita បានចងសម្ព័ន្ធភាពជាមួយគណបក្សចំនួនប្រាំពីរផ្សេងទៀតគឺ គណបក្សភឿថៃ, គណបក្សប្រាឆាឆាត, គណបក្ស Thai Liberal Party, គណបក្សថៃសាងថៃ, គណបក្សយុត្តិធម៌, គណបក្សផ្លុងស៊ុងកុមម៉ៃ និងគណបក្ស Pue Thai Rumphlang។ បើបូកសរុបអាសនៈរួមបញ្ចូលគ្នាមានចំនួន ៣១៣ នៅក្នុងសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ៥០០ អាសនៈ។

លោក Pita បាននិយាយថា បញ្ហាប្រឈមសម្រាប់សម្ព័ន្ធភាព គឺជាការឈ្នះសំឡេងពីសមាជិកព្រឹទ្ធសភាចំនួន ២៥០ នាក់ ដែលត្រូវបានតែងតាំងដោយរបបយោធាបន្ទាប់ពីធ្វើរដ្ឋប្រហារផ្តួលរំលំកាលពីឆ្នាំ២០១៤។ ក៏ប៉ុន្តែ លោកបានសង្ឃឹម និងជឿជាក់ថា លោកនឹងអាចឡើងជានាយករដ្ឋមន្រ្តីថៃនៅក្នុងអាណត្តិនេះ ដោយសារបានការគាំទ្រពីប្រជាពលរដ្ឋ ក៏ដូចជាសម្ព័ន្ធមិត្តនយោបាយផ្ដេងទៀត៕

Share

ព័ត៌មានទាក់ទង

Image