សង្គមស៊ីវិល ដែលភាគច្រើនធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិមនុស្ស បានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការផ្តល់អ៊ីនធឺណិតអាចប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ និងការទទួលបានព័ត៌មានដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងនៅក្នុងកតិកាសញ្ញាកម្ពុជាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។នេះបើតាមស្មារតីនៃកិច្ចពិភាក្សា ក្នុងវេទិកាអ៊ីនធឺណិតភ្នំពេញ (PPIF) ដែលក្រុមអង្គការសង្គមស៊ីវិល កំពុងរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៨ និងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
ការព្រួយបារម្ភរបស់បណ្ដាសង្គមស៊ីវិលនេះ កើតមានឡើង បន្ទាប់អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិត្រូវបានអនុម័ត នៅខែកុម្ភៈ ឆ្នាំ២០២១។ ក្រុមសង្គមស៊ីវិលទាំងនេះអះអាងថា បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការលើសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត និងសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន។
ទោះយ៉ាងណា ក្រុមសង្គមស៊ីវិល រំពឹងថា វេទិកាអ៊ីនធឺណិតភ្នំពេញ (PPIF)នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងការអនុវត្តល្អៗទាំងក្នុងស្រុក និងតំបន់ ព្រមទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិត។ ជាមួយនឹងបញ្ហាប្រឈមដែលអង្គការសង្គមស៊ីវិលប្រឈមមុខក្នុងការចូលរួមក្នុងដំណើរការបង្កើតច្បាប់ និងគោលនយោបាយ វេទិកានេះនឹងផ្តល់ឱកាសដល់អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលដើម្បីពិភាក្សា និងស្វែងរកមធ្យោបាយដែលអង្គការសង្គមស៊ីវិលអាចចូលរួមក្នុងដំណើរការបង្កើតច្បាប់ និងគោលនយោបាយដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យាអ៊ីនធឺណិតដោយផ្អែកលើសិទ្ធិបើកចំហ ភាពងាយស្រួល និងតម្រូវការរបស់អ្នកពាក់ព័ន្ធទាំងអស់។ អង្គការសង្គមស៊ីវិល និងក្រុមការងារសិទ្ធិឌីជីថល (DRWGs) នឹងធ្វើជាម្ចាស់ផ្ទះវេទិកាអ៊ីនធឺណិតនៅទីក្រុងភ្នំពេញជាលើកដំបូងក្នុងប្រទេសដើម្បីការពារសិទ្ធិឌីជីថល និងលើកកម្ពស់សេរីភាពអ៊ីនធឺណិតនៅកម្ពុជា៕