នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍នៅថ្ងៃនេះថា ព័ត៌មានមានសារៈសំខាន់សម្រាប់ពលរដ្ឋទូទៅ រួមទាំងមនុស្សពិការ គ ថ្លង់ និងជាពិសេសគឺសម្រាប់អ្នកដឹកនាំ។
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធី សំណេះសំណាល និងចែកអំណោយដល់កុមារពិការភ្នែក និងគ ថ្លង់ នៅសាលាកុមារពិការភ្នែក និងគ ថ្លង់ភ្នំពេញថ្មី របស់អង្គការគ្រួសារថ្មី នៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ដែលរៀបចំធ្វើនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ។
សម្ដេចមានប្រសាសន៍ថា លោកចង់ឱ្យកុមារគ ថ្លង់ ទទួលបានព័ត៌មានដូចពលរដ្ឋទូទៅដែរ៖ «ខ្ញុំចង់ឱ្យក្មួយៗ គ ថ្លង់ទាំងឡាយអាចទទួលបានព័ត៌មានដូចគេដូចឯង ហើយអាចលើសអ្នកដទៃដែលមិនមើលព័ត៌មានផង ព្រោះកុំភ្លេចណា៎ អ្នកខ្លះអត់មើលព័ត៌មាន អត់មើលទូរទស្សន៍ អត់មើលសារព័ត៌មាន អត់មើលទេ អត់មើល។ រួចហើយដល់ពេលគេនិយាយគ្នាអី ធ្វើឡេងឡង់ៗ ព្រោះអត់ដឹងព័ត៌មាន អត់មើលព័ត៌មាន។ អ៊ីចឹងទេ អាខ្វះព័ត៌មាននេះ មានន័យថា បើធ្វើមេដឹកនាំធ្វើអត់កើតផង ព្រោះវាអត់មានព័ត៌មាន»។
នាពេលកន្លងមក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ក្រើនរំឭកដល់មន្ត្រីរដ្ឋាភិបាល ឱ្យចេះប្រើប្រាស់បណ្ដាញសង្គម
ហ្វេសប៊ុក ហើយសម្ដេចក៏បានប្រកាសឱ្យប្រជាពលរដ្ឋបានដឹងពីហ្វេសប៊ុកផ្លូវការរបស់សម្ដេចផងដែរ៕