en     km
en     km

ក្រសួងសុខាភិបាលច្រានចោលព័ត៌មានដែលថាមនុស្សពេញវ័យមានសុខភាពល្អមិនបាច់ចាក់វ៉ាក់សាំងដូស ជំរុញ

Share

ក្រោយមានការផ្សាយថា មនុស្សពេញវ័យ ហើយមានសុខភាពល្អ មិនបាច់បន្ដចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី៤ ទី៥ ទី៦ ព្រោះវ៉ាក់សាំងមានអត្ថប្រយោជន៍សម្រាប់សុខភាពតិចតួចបំផុតនោះ ក្រសួងសុខាភិបាលបានចេញមុខប្រតិកម្មថា ការផ្សាយនេះមានការបកស្រាយខុសពីបច្ចេកទេស ហើយអ្នកដែលបកស្រាយនេះ មានបំណងមិនល្អសម្រាប់ប្រទេសកម្ពុជាឡើយ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រសួងសុខាភិបាលនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានចេញមុខប្រតិកម្ម ចំពោះការលើកឡើងក្នុងតេឡេក្រាមឈ្មោះថា តំបន់សុខភាព ដែលបានចែករំលែករឿងមនុស្សពេញវ័យ ហើយមានសុខភាពល្អ មិនបាច់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៤ ទី៥ ទី៦ នោះ ថាជាព័ត៌មានមិនពិត។
ព័ត៌មានដែលផ្សាយលើតេឡេក្រាមឈ្មោះ តំបន់សុខភាព បានចែករំលែក គឺថាតាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក WHO ដោយបន្ថែមថា មនុស្សពេញវ័យចាក់វ៉ាក់សាំងតែពីរដូសដំបូង និងដូសជំរុញទីមួយគ្រប់គ្រាន់ហើយ ព្រោះវ៉ាក់សាំងផ្ដល់អត្ថប្រយោជន៍តិចតួចបំផុតសម្រាប់សុខភាព។
ក្រសួងសុខភិបាលបានអះអាងថា WHO មិននិយាយបែបនេះទេ អ្នកដែលបកស្រាយនេះ មានបំណងមិនល្អសម្រាប់ប្រទេសកម្ពុជា។ លើសពីនេះក្រសួងបានឱ្យបញ្ឍប់ចែកចាយការផ្សាយ ដែលបកស្រាយខុសពីបច្ចេកទេសនេះបែបនេះ។


វិទ្យុស្ដ្រីមិនអាចសុំការបំភ្លឺបន្ថែមជាមួយមន្ដ្រីសុខាភិបាល តែនាយករដ្ឋានប្រយុទ្ធនិងជំងឺឆ្លង និងអ្នកនាំពាក្យក្រសួង ដោយទូរសព្ទមិនអាចទាក់ទងបាន។
ផ្អែកតាមតារាចាក់វ៉ាក់សាំងពីក្រសួងសុខាភិបាលដដែល លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់ បានចំនួន៩៥.៥៤%។ តាមតារាងដដែល ចំនួនអ្នកទៅចាក់វ៉ាក់សាំងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមដូសនីមួយៗ ពិសេសដូសទី៣ ទី៤ ទី៥ និងទី៦។
ទោះចំនួនប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ មានការកើនឡើង តែកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាបានរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១ករណី និងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក៏រកឃើញមួយករណីទៀត ជាអ្នកធ្វើវិញ្ញាបណ្ណប័ត្រចេញទៅក្រៅប្រទេស៕

Share

ព័ត៌មានទាក់ទង

Image