en     km
en     km

អ្នកជំនាញអង្គការសហប្រជាជាតិនិយាយថា រុស្ស៊ី និងចិនបានបញ្ជូនជំនួយសព្វាវុធដល់របបយោធាមីយ៉ាន់ម៉ា

Share

 

វ៉ាស៊ីនតោន៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃពុធ ទី១៧ ខែឧសភាថាចាប់តាំងពីធ្វើរដ្ឋប្រហារនៅខែកុម្ភៈ ឆ្នាំ២០២១ របបយោធាមីយ៉ាន់ម៉ា បាននាំចូលអាវុធនិងសម្ភារៈយោធាផ្សេងទៀតមានតម្លៃយ៉ាងតិច១ពាន់លានដុល្លារ ដើម្បី​កម្ទេច​ក្រុម​ប្រឆាំង​របស់​ខ្លួន។

យោងតាមរ៉យទ័រចាប់តាំងពីយោធាបានដណ្តើមអំណាច និងចាប់មេដឹកនាំលទ្ធិប្រជាធិបតេយ្យ អ្នកប្រឆាំងមួយចំនួនដាក់គុកគេឃើញមានការប៉ះទង្គិចគ្នារវាងក្រុមយោធាមីយ៉ាន់ម៉ាជាមួយក្រុមបះបោរជនជាតិភាគតិច ហើយយោធាបានឆ្លើយតបដោយការវាយប្រហារតាមអាកាស និងអាវុធធុនធ្ងន់ រួមទាំងនៅក្នុងតំបន់ស៊ីវិលផងដែរ។

ឧទ្ធម្ភាគចក្រ Mi-35 ផលិតដោយរុស្ស៊ី យន្តហោះចម្បាំង MiG-29 និងយន្តហោះធុនស្រាល Yak-130 និងយន្តហោះ K-8 របស់ចិន ត្រូវបានក្រុមយោធាមីយ៉ាន់ម៉ាប្រើញឹកញាប់ដើម្បីវាយប្រហារតាមអាកាស ទៅលើសាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង និងកន្លែងជនស៊ីវិលរស់នៅ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Tom Andrews អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​មីយ៉ាន់ម៉ា។

ប្រភពដដែលបានឱ្យដឹងថាយន្តហោះទម្លាក់គ្រាប់បែកម៉ាក Yak-130 បានវាយប្រហារទៅលើភូមិមួយនៅតំបន់ Sagaing កាលពីថ្ងៃទី ១១ ខែមេសា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦០ នាក់ ក្នុងនោះមានកុមារជិត ៤០ នាក់។

យោធាមីយ៉ាន់ម៉ានិយាយថា ខ្លួនកំពុងកំណត់គោលដៅទៅលើក្រុមបះបោរ ហើយជនស៊ីវិលដែលត្រូវបានសម្លាប់ទាំងនោះ ប្រហែលជាអ្នកគាំទ្រក្រុមប្រឆាំងដែលក្រុមយោធាហៅថា “ភេរវករ”។

លោក Andrews បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះយើងមានដំណឹងល្អដោយ ដឹង​ថាអ្នកណាជាអ្នកផ្គត់ផ្គង់អាវុធទាំងនេះឱ្យយោធាមីយ៉ាន់ម៉ា និងត្រូវចាត់ការតាមផ្លូវច្បាប់ដោយរបៀបណា” ។ លោកបានអំពាវនាវឱ្យសមាជិកអង្គការសហប្រជាជាតិទាំងអស់ “ត្រូវបញ្ឈប់ការបញ្ជូនអាវុធ”ទៅឱ្យយោធាមីយ៉ាន់ម៉ា។

អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានបង្ហាញពីទិន្នន័យការនាំចូលអាវុធចាប់តាំងពីរដ្ឋប្រហារមកគឺ ៤០៦ លានដុល្លារពីប្រទេសរុស្ស៊ី និង ២៦៧ លានដុល្លារពីប្រទេសចិន។

យោងតាមរបាយការណ៍មានប្រទេសមួយចំនួនទៀតបានជាប់ពាក់ព័ន្ធនឹងការបញ្ជូនអាវុធឱ្យរបបយោធាភូមាដែរក្នុងនោះរួមមានក្រុមហ៊ុននៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌា និងប្រទេសថៃផងដែរ។

របាយការណ៍បាននិយាយថា សម្ភារៈយោធាប្រហែល ២២៧ លានដុល្លារបានមកពីក្រុមហ៊ុន Rosoboronexport ដែលជាក្រុមហ៊ុននាំចេញអាវុធរបស់ទីក្រុងម៉ូស្គូ ដែលបានបញ្ជូនយន្តហោះចម្បាំង SU-30 យន្តហោះចម្បាំង MiG-29 និងប្រព័ន្ធបាញ់រ៉ុក្កែតទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ក្រុមហ៊ុនរុស្ស៊ីផ្សេងទៀតបានផ្តល់ឧបករណ៍ និងគ្រឿងបន្លាស់ជាច្រើនទៀត។ របាយការណ៍បានសរសេរថា “អាវុធដែលផ្តល់ដោយរុស្ស៊ីត្រូវបានប្រើប្រាស់ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងប្រទេសមីយ៉ាន់ម៉ា”។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉ក លោក Andrews បាននិយាយថា មន្ត្រីចិនបានរិះគន់ការរាយការណ៍របស់លោក ដោយនិយាយថាលោកកំពុងធ្វើពាណិជ្ជកម្មអាវុធស្របច្បាប់ និងធ្វើប្រតិបត្តិការក្រៅអាណត្តិ។ លោក Andrews បាន​និយាយ​ថា មន្ត្រី​រុស្ស៊ី​បាន​ធ្វើ​ការ​ឆ្លើយ​តប​ស្រដៀង​គ្នា​នេះដែរ៕

ប្រភព៖ Reuters ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣

 

Share

ព័ត៌មានទាក់ទង

Image