តាមរយៈរបាយការណ៍ ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២ របស់សមាគមសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានឱ្យដឹងថា នៅឆ្នាំ២០២២ ការរំលោភលើសិទ្ធិស្ដ្រី និងកុមារមានការកើនឡើង បើធៀបនឹងឆ្នាំ២០២១។
អាហុកបញ្ជាក់ថា នៅឆ្នាំ២០២២ មានការំលោភបំពានលើសិទ្ធិស្ដ្រី និងកុមារ ចំនួន២៨៨ករណី ចំនួននេះកើនឡើង៦៤ករណី បើធៀបនិងរបកគំហើញកាលពីឆ្នាំ២០២១ មានត្រឹម២២៤ករណី។ ករណីដែល អាហុករំលេចថា ជាការរំលោភបំពានសិទ្ធិស្ដ្រី មានដូចជា ការជួញដូរផ្លូវភេទមានចំនួន៦១ករណី ក្នុងនោះបង្ខំឱ្យរៀបការទៅប្រទេសចិន៥៧ករណី។ ក្រៅពីនេះមានការជួញដូរកម្លាំងចំនួន១៧ករណី ជាអ្នកបម្រើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ចំនួន១០ករណី និងអំពើហិង្សាក្នុងគ្រួសារចំនួន៧៨ករណី មានរហូតដល់ស្លាប់២ករណីនៅក្នុងឆ្នាំ២០២២។ ជាមួយគ្នាករណីរំលោភសេពសន្ថវៈ មានចំនួន១៣២ករណី មានរហូតដល់រំលោភសម្លាប់ចំនួន៦ករណី។
មិនត្រឹមតែការរំលោភសិទ្ធិស្ដ្រី និងកុមារមានការកើនឡើងនោះទេ ផ្នែកសិទ្ធិមនុស្ស និងសិទ្ធិដីធ្លីក៏កើនឡើងក្នុងសភាពធ្ងន់ធ្ងរ និងឥតឈប់ឈរផងដែរ។ នេះបើយោងទៅតាមរបាយការណ៍ពីសមាគមអាដហុកដដែល។
វិទ្យុស្ដ្រីមិនអាចទាក់ទងលោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទេនៅព្រឹកនេះ ដោយលោកបានបិទទូរសព្ទ តែយ៉ាងណាលោកបានថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកថា រាល់ការលើកឡើងរបស់សមាគមអាហុក មិនមែនសុទ្ធតែជាការរំលោភលើសិទ្ធិមនុស្សទាំងអស់នោះទេ៕