en     km
en     km

បុរសម្នាក់ស្លាប់ សង្ស័យបណ្តាលមកពីការប្រើថ្នាំចិនព្យាបាលជំងឺកូវីដ១៩

Share

បុរសសញ្ជាតិសិង្ហបុរីម្នាក់បានស្លាប់ ក្រោយប្រើប្រាស់ថ្នាំគ្រាប់បុរាណចិន Lianhua Qingwen Jiaonang ដើម្បីព្យាបាលជំងឺកូវីដ១៩។ ក៏ប៉ុន្តែអាជ្ញាធរសិង្ហបុរីបានសន្មត់ថាការស្លាប់នេះដោយសារមេរោគកូវីដ១៩ប៉ុណ្ណោះ ពុំមានទាក់ទងនឹងការប្រតិកម្មថ្នាំគ្រាប់បុរាណចិននោះទេ។ យ៉ាងណាមិញ ក្រុមគ្រួសារនៃសពហាក់មិនអស់ចិត្តនឹងការសន្និដ្ឋានដោយគ្មានមូលដ្ឋានត្រឹមត្រូវនេះឡើយ ជាពិសេសពួកគេបានដាក់ពាក្យបណ្តឹង ដើម្បីសុំឱ្យតុលាការបើកការស៊ើបអង្កេតរកមូលហេតុច្បាស់លាស់។

 

បើយោងតាមសារព័ត៌មាន CNA បានរាយការណ៍ថា លោក Koh Choon Lim វ័យ ៦១ ឆ្នាំ បានទទួលមរណភាពក្នុងមន្ទីរពេទ្យ Tan Tock Seng ក្នុងប្រទេសសិង្ហបុរី កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ ​គ្រួសារសពបានប្រាប់សារព័ត៌មានថា លោក Koh Choon Lim បានចែកឋាននៅពីរថ្ងៃបន្ទាប់ពីបានប្រើប្រាស់ថ្នាំបុរាណចិនយីហោ Lianhua Qingwen Jiaonang ចំនួនបួនគ្រាប់។

កូនប្រុសរបស់លោកសម្តែងការខូចចិត្តជាពន់ពេក ដោយសារតែការបាត់បង់លោកឪពុកជាទីគោរព។ ភ្ជាប់គ្នានេះដែរ លោកក៏បានពន្យល់ពីដំណើរដើមទង ដែលបណ្តាលឱ្យលោក Koh Choon Lim ចែកឋានទៅដោយមិនបានលាគ្នាមួយម៉ាត់។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ លោក Koh មាន​អារម្មណ៍​មិន​ស្រួលខ្លួន និង​ក្តៅក្រហល់ក្រហាយពេញរាងកាយ​ ហើយភ្លាមៗនោះ កូនប្រុសរបស់លោកបានបញ្ជូនលោកទៅគ្លីនិច ដើម្បីព្យាបាល និងសម្រាកមើលថែសុខភាពប៉ុន្មានថ្ងៃ។ ខណៈនោះ កូនប្រុសរបស់លោកសង្ស័យថា លោក Koh ប្រហែលជាឆ្លងជំងឺកូវីដ១៩ ទើបឱ្យឪពុកលេបថ្នាំ Panadol Extra ចំនួនពីរគ្រាប់ ដើម្បីបញ្ចុះកម្តៅ និងបំបាត់ការឈឺចាប់។

យ៉ាងណា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក Koh បានធ្វើតេស្ត ART ដោយលទ្ធផលបង្ហាញថា លោកមានវិជ្ជមានកូវីដ១៩ហើយ។ នៅយប់ថ្ងៃដដែល លោក Koh បានលេបថ្នាំគ្រាប់ចិន Lianhua Jingwen Jiaonang ដែលផលិតពីរុក្ខជាតិធម្មជាតិរបស់ចិន ចំនួន ៤ គ្រាប់ ដើម្បីបំបាត់អាការផ្តាសាយ។លោក Koh បានភ្ញាក់ពីដំណេកនៅម៉ោង ២ ទៀបភ្លឺ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រួចបានលេបថ្នាំ Panadol ចំនួន ២ គ្រាប់ ក៏ប៉ុន្តែអាការៈរបស់លោកមិនបានថមថយនោះទេ​ ទើបកូនប្រុសសម្រេចបញ្ជូនលោក Koh ទៅគ្លីនិចមួយផ្សេងទៀត។

វេជ្ជបណ្ឌិតថ្មីបាននិយាយថា បបូរមាត់របស់លោក Koh ហើមជាខ្លាំង ហើយការហើមនេះមិនបង្កឡើងពីជំងឺកូវីដ១៩ឡើយ ពោលគឺបណ្តាលមកពីការប្រតិកម្មនឹងរបស់ណាមួយ។ ដោយសារតែលោក Koh នៅតែពិបាកក្នុងខ្លួន កូនប្រុសសម្រេចបញ្ជូនលោកទៅមន្ទីរពេទ្យធំ ឈ្មោះ Tan Tock Seng ដើម្បីសង្រ្គោះបន្ទាន់ តែជាអកុសល លោក​ Koh បានចែកឋានទៅហើយ។   ក្រុមគ្រូពេទ្យបានប្រកាសការស្លាប់របស់លោក ជាដំបូងថា លោកស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង និងរង់ចាំការស៊ើបអង្កេតបន្ថែម។

គួរបញ្ជាកដែរថា អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលនៃប្រទេសសិង្ហបុរី (HSA) បានចេញសេចក្តីណែនាំមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២១ថា ពួកគេផ្តល់សិទ្ធិបញ្ញាអនុញ្ញាតឱ្យផលិតថ្នាំគ្រាប់ឈ្មោះ Lianhua Qingwen មួយចំនួនសម្រាប់ប្រើប្រាស់ព្យាបាលរោគផ្តាសាយ និងជំងឺគ្រុនផ្តាសាយ។ ក៏ប៉ុន្តែ អាជ្ញាធរសិង្ហបុរីមិនអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំនេះ ដើម្បីព្យាបាលរោគសញ្ញានៃជំងឺកូវីដ១៩នោះទេ។

ទន្ទឹមគ្នានេះដែរ កាលពីខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលនៃប្រទេសសិង្ហបុរីបាននិយាយថា ថ្នាំគ្រាប់​ Lianhua Qingwen Jiaonang មានផ្ទុកសារធាតុ Ephedrine និង pseudoephedrine ដែលជាសារធាតុប្រើសម្រាប់ព្យាបាលសម្ពាធឈាមទាប។ ប្រសិនជាអ្នកជំងឺប្រើលើសកម្រិតអាចប៉ះពាល់ដល់សុខភាពដូចជា ចង្វាក់បេះដូងលោតមិនទៀងទាត់ ក្អួត និងវិលមុខជាដើម។ នេះបើយោងតាមឱ្យដឹងពីសារព័ត៌មាន CNA ដដែល។

កាលពីថ្ងៃពុធ ទី២៦​ ខែមេសា ឆ្នាំ២០២៣ថ្មីៗនេះ កូនប្រុស និងភរិយារបស់លោក Koh បានចូលរួមក្នុងសវនាការស៊ើបអង្កេតបណ្តឹងរបស់ក្រុមគ្រួសារនៃសព ដែលធ្វើឡើងនៅក្នុងតុលាការសិង្ហបុរី។ ក្នុងនោះ វេជ្ជបណ្ឌិត ម៉ូនីកា ចាន់ (Monica Chan) ក៏មានវត្តមាននៅក្នុងសវនាការដែរ ដោយអ្នកស្រី​ និងកូនប្រុសលោក Koh បានឆ្លងឆ្លើយគ្នាទៅវិញទៅមក ដើម្បីស្វែងរកអង្គហេតុពិតប្រាកដ ជុំវិញករណីនេះ។

វេជ្ជបណ្ឌិត Chan បាននិយាយថា លោក Koh ធ្លាប់បានលេបថ្នាំគ្រាប់បុរាណចិននេះពីមុនមក ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិត ក៏ប៉ុន្តែលើកនេះជាអកុសល ក្រោយពីការប្រើប្រាស់ និងគួបផ្សំនឹងលោកកំពុងមានផ្ទុកនូវជំងឺកូវីដ១៩ បណ្តាលឱ្យលោកធ្លាក់ខ្លួនឈឺ និងស្លាប់ភា្លមៗ។

ដោយឡែក លោក Adam Nakhoda មន្ត្រីស៊ើបអង្កេត ដែលកំពុងដឹកនាំការស៊ើបអង្កេតសំណុំរឿងនេះបានថា លោកកំពុងតាមដានថ្នាំគ្រាប់បុរាណចិនខាងលើ ជាពិសេសលោកកំពុងពិនិត្យមើលលើចម្លើយរបស់សមាជិកក្រុមគ្រួសារនៃសព​ ក៏ដូចជាគិលានុបដ្ឋាយិកា ឬវេជ្ជបណ្ឌិត ដែលធ្លាប់បានមើលថែលោក។ យ៉ាងណា លោក​នឹង​សម្រេច​ជា​បន្តបន្ទាប់ ​ថា​តើ​ត្រូវ​មាន​ការ​សាកសួរ​បន្ថែម ​ឬ​អត់ ចំណែកឯការរកឃើញនឹងបង្ហាញជាសាធារណៈនៅពេលក្រោយ៕

Share

ព័ត៌មានទាក់ទង

Image