អាជ្ញាធរមីយ៉ាន់ម៉ាបានរាយការណ៍កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ថា ប្រជាពលរដ្ឋមីយ៉ាន់ម៉ាចំនួន ៨១នាក់ បានស្លាប់នៅក្នុងហេតុការណ៍ព្យុះស៊ីក្លូនម៉ូចា (Cyclone Mocha) ខណៈមនុស្សរាប់សែននាក់បានភ្លៀសខ្លួនរកកន្លែងមានសុវត្ថិភាព ក្រោយព្យុះនេះបានបក់បោក និងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអស់ជាច្រើន។
(កញ្ញា កែវ សុជាតា រាយការណ៍)
បើយោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា ព្យុះស៊ីក្លូនម៉ូចា (Cyclone Mocha) គឺជាព្យុះដ៏ខ្លាំងបំផុតមួយ ដែលមានកម្លាំងខ្យល់បក់ប្រហែល ២០៩ គីឡូម៉ែត្រក្នុងមួយម៉ោង ពោលគឺព្យុះនេះអាចមានកម្លាំងខ្យល់ប្រហាក់ប្រហែលនឹងខ្យល់ព្យុះនៅមហាសមុទ្រអាត្លង់ទិក និងព្យុះទីហ្វុងនៅមហាសមុទ្រប៉ាស៊ីហ្វិក។ អ្នកវិទ្យាសាស្ត្របាននិយាយថា ព្យុះទាំងនេះកាន់តែខ្លាំងឡើងៗនិងកើតមានជាញឹកញាប់ដោយសារការប្រែប្រួលនៃអាកាសធាតុ។
ក្នុងនោះដែរ ព្យុះស៊ីក្លូនម៉ូចាបានបង្កចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្សចំនួន៨១នាក់ និងបានបំផ្លិចបំផ្លាញបង្គោលភ្លើងសាធារណៈ ទូកអ្នកនេសាទ ធ្វើឱ្យបាក់ដី និងដួលរលំផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង។ ជាអកុសល មនុស្សរាប់រយនាក់បានបាត់ខ្លួន បន្ទាប់ពីព្យុះនេះវាយប្រហារភ្លាមៗមកលើភូមិ Bu Ma របស់ប្រទេសមីយ៉ាន់ម៉ា។
ក្រៅពីនេះ បើតាមប្រភពដដែលបានឱ្យដឹងថា អត្រាអ្នកស្លាប់នៃហេតុការណ៍នេះ ភាគច្រើនគឺនៅក្នុងរដ្ឋរ៉ាឃីនភាគកណ្តាល រួមទាំងនៅទីក្រុង Sagaing និងរដ្ឋធានី Magway របស់ប្រទេសមីយ៉ាន់ម៉ាផងដែរ។
ដោយឡែក ប្រជាពលរដ្ឋមីយ៉ាន់ម៉ាម្នាក់បានប្រាប់សារព័ត៌មាន BBC ថា អ្នកស្រុកប្រហែល ១៥,000 នាក់មកពីសង្កាត់ Kani និង Khin Oo ត្រូវបានវាយប្រហារដោយយោធាក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។ ពួកគេបាននិយាយថា ក្មេងប្រុសម្នាក់អាយុទើប ៤ ឆ្នាំរស់នៅក្នុងភូមិ Inpa កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីត្រូវគ្រាប់កាំភ្លើង។
អ្នកស្រុកនៅក្នុងសង្កាត់ Kani ក្នុងតំបន់បាននិយាយថា ភ្លៀងធ្លាក់ចាប់តាំងពីថ្ងៃទី១២ ខែឧសភាមកម្ល៉េះ ស្របពេលដែល ក្រុមយោធាដើរល្បាត និងគំរាមកំហែងប្រជាពលរដ្ឋ។ អ្នកស្រុកបានបញ្ជាក់ច្បាស់ៗថា ពួកគេខ្លាចទាហានច្រើនជាងខ្យល់ព្យុះទៅទៀត៕
ប្រភព៖ BBC ចុះថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣